ភ្នំពេញៈ កាលពីយប់ថ្ងៃទី១៥ ខែតុលា នៅលើបណ្តាញទំនាក់ទំនងសង្គម សម្តេចតេជោបានពន្យល់អំពីការលើកឡើងថា “យកចិត្តទុកដាក់លើបាល់ទាត់ ខ្វះការយកចិត្តទុកដាក់លើកីឡាប្រដាល់ និងកីឡាផ្សេងទៀត” ។
សម្តេចតេជោបានថ្លែងថា “ល្មមដល់ពេលដែលខ្ញុំចេញមកពន្យល់អំពីការលើកឡើងថា “យកចិត្តទុកដាក់លើបាល់ទាត់ ខ្វះការយកចិត្តទុកដាក់លើកីឡាប្រដាល់ និងកីឡាផ្សេងទៀត”។
ប្រសិនលោកអ្នកទៅសួរទូរទស្សន៍ប៉ុស្តិលេខ៥, CTN និងបាយ័ន ដែលបានចាត់តាំងប្រកួតកីឡាប្រដាល់ខ្មែរ និងបរទេស ខ្ញុំតែងតែឧបត្ថម្ភជានិច្ច គឺម្នាក់១,០០០ដុល្លារ ទោះចាញ់ក្តី ឈ្នះក្តី។ ពេលនោះមិនមានក្រុមហ៊ុនណាឧបត្ថម្ភទេ ហើយការប្រកួតក៏មានមិនច្រើនដែរ។ ពេលនេះមានក្រុមហ៊ុនឧបត្ថម្ភហើយ ការប្រកួតក៏ច្រើន អ្នកចូលរួមប្រកួតក៏ច្រើន បងប្អូនដែលស្នេហាកីឡាប្រដាល់ក៏ចូលរួមឧបត្ថម្ភដល់កីឡាករយើងផងដែរ។
រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រិត្យកំណត់ក្របខ័ណប្រកួតថ្នាក់តំបន់ និងអន្តរជាតិដើម្បីទទួលបានការលើកទឹកចិត្ត រហូតមានម៉ូតូអមដំណើរទៀតផង។ យើងបានកំណត់គ្រប់ប្រភេទកីឡាទាំងអស់ដោយគ្មានការរើសអើង។ អ្វីដែលបងប្អូនត្រូវគិត បើប្រដាល់វាយឈ្នះតែ១នាក់ នៅក្រុមហ៊ុនទូរទស្សន៍១និងមានការឧបត្ថម្ភដោយក្រុមហ៊ុន តើត្រូវលើកទឹកចិត្តបែបណា? បើខ្សែក្រវ៉ាត់ ឬពានរង្វាន់នៃក្រុមហ៊ុនឯកជនគឺក្រុមហ៊ុនឯកជនទទួលខុសត្រូវ។
ខ្ញុំបានធ្វើចលនាជាមួយក្រុមហ៊ុនឯកជនច្រើនណាស់ ទើបមានចលនាបែបនេះកើតឡើង។ ខ្ញុំមានការខកចិត្តដោយបងប្អូនយើងមួយចំនួនមិនយល់ពីលក្ខ័ណដែលត្រូវទទួលបានការលើកទឹកចិត្តរហូតលើកឡើងថា កីឡាករឈ្មោះនេះទទួលបានខ្សែក្រវ៉ាត់ពិភពលោក តែមិនបានទទួលរង្វាន់អ្វីសោះ។ ខ្សែក្រវ៉ាត់ ឬពានរង្វាន់ពិភពលោក ឬអូឡាំពិកទឹកប្រាក់ត្រូវបានកំណត់ក្នុងអនុក្រិត្យ។
ឯពិធីការគឺត្រូវមានម៉ូតូចំនួន១២គ្រឿងអមដំណើរដង្ហែរមកកាន់វិមានសន្តិភាព និងដង្ហែរកាត់វិមានឯករាជ្យ។ ឯណាខ្សែរក្រវ៉ាត់ ឬពានរង្វាន់ពិភពលោក? មិនទាន់មានទេ បើប្រដាល់សូម្បីតែ SEA-GAME ក៏មិនទាន់មានមេដាយមាសមួយផង។
ខ្លួនខ្ញុំផ្ទាល់ធ្លាប់បានទទួល និងបំពាក់មេដាយជូន ស៊ន សៀវម៉ី សែនរ៉ាឌី និង កែ ឡី ដែលអ្នកទាំង៣នាក់សុទ្ធតែទៅប្រកួតដោយមានការចាត់តាំង និងប្រកួតក្នុងក្របខ័ណដែលអន្តរជាតិទទួលស្គាល់ ហើយត្រូវប្រកួតជម្រុះរហូតដល់ជ័យជំនះចុងក្រោយ។
បងប្អូនកីឡាករ កីឡាការនីគ្រប់ប្រភេទកីឡា សូមបងប្អូនប្រឹងប្រែងឡើងនឹងប្រកួតឱ្យបានត្រឹមត្រូវតាមក្របខ័ណកំណត់ កុំទៅប្រកួតស្ងាត់ៗអត់ក្របខ័ណហើយឱ្យមនុស្សមិនយល់ប្រកាសថាជាខ្សែក្រវ៉ាត់ពិភពលោករហូតទិទៀនថារាជរដ្ឋាភិបាលលំអៀងទៅរកតែបាល់ទាត់។
សូមអរគុណ និងជូនពរកីឡាករខ្មែរគ្រប់ប្រភេទទទួលបានជ័យជំនះគ្រប់ៗគ្នា និងសូមអរគុណជនរួមជាតិជួបតែសំណាងល្អ” ៕