ខេត្តកំពង់ស្ពឺ៖ រហូតមកទល់វេលាថ្ងៃត្រង់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ អ្នកទេសចរចំនួន ៥៥១ នាក់ ដែលជាប់គាំងដោយសារជំនន់ទឹកភ្លៀងនៅលើភ្នំខ្នងផ្សារ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានក្រុមការងាររួមមានមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋាននិងប្រជាសហគមន៍ បានជួយសម្រួលនិងបានជម្លៀសមកដល់ទីតាំងសុវត្ថិភាពនៅភូមិតាំងបំពង់ ចេញឆ្ងាយពីតំបន់ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងកាលពីចុងសប្តាហ៍កន្លងមកនេះ។ ក្រុមការងារបានជួយសម្រួលរៀបចំផ្តល់ជូនសម្ភារៈស្បៀងអាហារ និងកន្លែងស្នាក់នៅសមរម្យជាបណ្ណោះអាសន្នជូនពួកគាត់ផងដែរ។
មន្ត្រីអាជ្ញាធរមូលដ្ឋាននិយាយថា ក្រុមអាជ្ញាធរនិងមន្រ្តីក្រសួងបរិស្ថានបានតាមដានយ៉ាងយកចិត្តទុកដាក់លើករណីគ្រោះមហន្តរាយធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ។ នៅព្រឹកថ្ងៃនេះអាជ្ញាធរបានណែនាំឱ្យមន្ត្រីជំនាញក្រសួងបរិស្ថានបន្តសហការល្អថែម ទៀតជាមួយអាជ្ញធរពាក់ព័ន្ធជួយសង្រ្គោះនិងជម្លៀសប្រជាពលរដ្ឋនិងអ្នកទេសចរនៅតំបន់ភ្នំខ្នងផ្សារឱ្យមានសុវត្ថិភាពទាំងអស់។
កន្លងមកនេះ ក្រសួងបរិស្ថានបានសហការជាមួយដៃគូពាក់ព័ន្ធបានពង្រឹងការងារជំនាញសង្រ្គោះបឋមដល់សហគមន៍ និងធ្វើការបង្កើនកិច្ចសហប្រតិបត្តិការល្អក្នុងការត្រៀមបង្ការ ការពារអាយុជីវិតប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ក្នុងការត្រៀមបង្ការ សង្រ្គោះបន្ទាន់ករណីមានគ្រោះអាសន្នកើតឡើងនៅតាមតំបន់ការពារ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច