ខេត្តព្រះសីហនុ៖ ក្រុមអ្នកបោះតង់១ក្រុមមានគ្នា២៥ នាក់ (ស្រី ៦ នាក់)និងម៉ូតូ ១៧ គ្រឿងដែលជាប់គាំងនៅចំណុចស្ទឹងអូរស្លារ (គីឡូ ១៥) ស្រុកកំពង់សីលា ដោយ សារទឹកជំនន់ហក់ឡើងលឿនពេក កាលពីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុក ជួយសង្គ្រោះបានដោយសុវត្ថិភាពហើយ។
ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចបានចុះទៅប្រចាំការអន្តរាគមន៍ពេញមួយយប់ រហូតដល់ម៉ោង ១០:៣០ នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ទើបប្រើប្រាស់ក្បូនចម្លងជនរងគ្រោះ និងម៉ូតូទាំងអស់ ចេញពីកន្លែងបោះតង់កាត់ផ្ទៃទឹកចម្ងាយជាង ១ គីឡូម៉ែត្រ មកកាន់ទីទួលសុវត្ថិភាព ដោយគ្មានអ្នករងគ្រោះឡើយ។
បច្ចុប្បន្ន អាជ្ញាធរស្រុកបាននាំមកសម្រាក ហូបអាហារនៅសាលាស្រុក រួចរាល់មុននឹងត្រឡប់ទៅផ្ទះវិញ ព្រម ទាំងបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការបោះតង់កម្សាន្តអំឡុងរដូវវស្សានេះ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច