ខេត្តបាត់ដំបង ៖ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក សុខ លូ អភិបាល នៃ គណៈអភិបាលខេត្តបាត់ដំបងរួមជាមួយក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team – Cambodia: AOT-KH) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ ពិនិត្យលើការគោរព និងការអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួម និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣ (ភ្នំដី) ដែលស្ថិតនៅក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្រោយបទឈប់បាញ់ចូលជាធរមាន។
សូមគូសបញ្ជាក់ផងដែរថា ទីតាំងច្រកអន្តរជាតិគីឡូ១៣ នេះត្រូវបានបិទចាប់តាំងពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីភាគីថៃសម្រេចបិទដោយឯកតោភាគីមកម្ល៉េះ។
បន្ទាប់ពីចុះពិនិត្យនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣ (ភ្នំដី) ក្រុមអ្នកសង្កេតការណ៍អាស៊ាន បានបន្តចុះពិនិត្យទីតាំងចំណុចភូមិចំការស្រូវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក និងទីតាំងប៉ុស្តិ៍ស្វាយចេក ស្រុកកំរៀង។
ក្នុង ឱកាស នោះ លោក សុខ លូ បានគូស បញ្ជាក់ ប្រាប់អ្នកសង្កេតការណ៍អាស៊ានថាកម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជាព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ានដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពសំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។
លោក សុខ លូ បញ្ជាក់ ប្រាប់ ក្រុមអ្នកសង្កេតការណ៍អាស៊ានបន្ថែមថា ប្រជាពលរដ្ឋ ខ្មែរ ស្រឡាញ់ សន្តិភាព ត្រូវការសន្តិភាព និងចង់បានព្រំដែនមួយដែលមាន សុខសុវត្ថិភាព៕

ប្រភព ៖ រដ្ឋបាលខេត្តបាត់ដំបង
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច