ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋនៅខណ្ឌជ្រោយចង្វា ស្នើឱ្យអាជ្ញាធរជួយដាក់ប្រពន្ធ័លូនិងស្ដារប្រឡាយមេរំដោះទឹកនៅមូលដ្ឋានខណៈរដូវភ្លៀងម្ដងៗតែងតែលិចតំបន់ទីប្រជុំជន 

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋនៅខណ្ឌជ្រោយចង្វាស្នើឱ្យអាជ្ញាធរជួយដាក់ ប្រព័ន្ធលូនិងស្ដារប្រឡាយមេដើម្បីរំដោះជំនន់ទឹកភ្លៀងនៅមូលដ្ឋាន ខណៈមានភ្លៀងម្ដងៗ តែងតែលិចនៅតំបន់ទីប្រជុំជន ។
ប្រជាពលរដ្ឋនៅខណ្ឌជ្រោយចង្វាស្នើសុំអាជ្ញាធរបែបនេះក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌជ្រោយចង្វា ក្រោមអធិបតីភាព លោក ជួប ខុន សមាជិកក្រុមប្រឹក្សាតំណាងលោក  ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃ្លាំង ហួត អភិបាលរងតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ មានប្រជាពលរដ្ឋបានលើកឡើងនូវសំណូមពរលើបញ្ហាទប់ស្កាត់ការបាក់ច្រាំងទន្លេ និងស្នើសុំឱ្យដាក់ប្រព័ន្ធលូ ប្រឡាយជាច្រើនខ្សែជាដើម ។ ក្នុងនោះប្រជាពលរដ្ឋជាច្រើននាក់ក៏បានសម្តែងនូវការអបអរសាទរ វឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើនក្នុងខណ្ឌជ្រោយចង្វានិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានចាត់ចែងឱ្យអាជ្ញាធរនិងមន្ទីរជំនាញបំពាក់អំពូលភ្លើងបំភ្លឺតាមដងផ្លូវសាធារណៈ បង្កើតបានសន្តិសុខសុវត្ថិភាពល្អប្រសើរ ។
លោក ឃ្លាំង ហួត បានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ បាន បង្កប់នូវអត្ថន័យពាក្យគន្លឹះចំនួនពីរ គឺផ្សព្វផ្សាយ និងការពិគ្រោះយោបល់ តាមរយៈការផ្សព្វផ្សាយរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញនូវសមិទ្ធផលជាច្រើនដែលគណៈអភិបាលរាជធានីភ្នំពេញសម្រេចបាន និងបញ្ហាប្រឈមនានាក្នុងការអនុវត្តផែនការសកម្មភាពនាឆ្នាំកន្លងមក ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ។ តាមរយៈការពិគ្រោះយោបល់អស់រយៈពេលមួយព្រឹកនេះ យើងទាំងអស់គ្នាបានពិភាក្សា និងពិគ្រោះយោបល់ជាមួយអ្នកចូលរួមទាំងអស់ ជាពិសេស លោក លោកស្រី សមាជិកសមាជិកាក្រុមប្រឹក្សាខណ្ឌ សមាជិកសមាជិកាក្រុមប្រឹក្សាសង្កាត់ ប្រជាពលរដ្ឋ សង្គមស៊ីវិល ។
លោកបានបញ្ជាក់ថា សំណើសំណូមពរ និងមតិយោបល់ផ្ទាល់មាត់មួយចំនួនរបស់លោក លោកស្រី អង្គវេទិកាបានធ្វើការបំភ្លឺនិងដោះស្រាយជូនឱ្យផ្ទាល់រួចហើយ និងបន្តតាមដានកិច្ចការនេះជាបន្តទៀត ដើម្បីដោះស្រាយជូនបងប្អូន។ ប៉ុន្តែចំពោះសំណើ និងសំណូមពរជាលាយលក្ខណ៍អក្សរទាំងអស់ ដែលទទួលបាន គឺលោកសូមអភ័យទោសដោយមិនទាន់បានដោះស្រាយជូនក្នុងឱកាសនេះ ក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញ និងក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ  លោកសូមធានាថា នឹងយកសំណើសំណូមពរជាលាយលក្ខណ៍អក្សរទាំងអស់ដែលនៅសល់ទៅដាក់ជូនគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យ និងដោះស្រាយជូន ព្រមទាំងផ្តល់នូវព័ត៌មានត្រឡប់ជូនដល់លោក លោក ស្រីវិញតាមរយៈក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាសង្កាត់នូវលទ្ធផលនៃការដោះស្រាយជូនទាំងលទ្ធផលវិជ្ជមានឬអវិជ្ជមានក្តី ដោយមានបញ្ជាក់ពីមូលហេតុច្បាស់លាស់ ជូនជ្រាបនៅពេលក្រោយ ៕

ដោយ៖សំរិត


ចែករំលែក៖