ព័ត៌មានទាន់ហេតុការណ៍៖

ព្រះករុណា ព្រះមហាក្សត្រ៖ ប្រវត្តិសាស្ត្របង្រៀនយើងថា វិបុលភាពមិនអាចស្ថិតស្ថេរបានឡើយ ប្រសិនបើគ្មានសន្តិភាព

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា កិច្ចប្រជុំកំពូលនេះក្រោមប្រធានបទនៃការប្តេជ្ញាចិត្តរួមគ្នាបន្តកសាងសន្តិភាព។ កម្ពុជាដឹងច្បាស់អំពីតម្លៃដែលត្រូវខាតបង់នៅពេលបាត់បង់សន្តិភាព និងដឹងថាផ្លូវឆ្ពោះទៅរកការកសាងសន្តិភាពឡើងវិញមានរយៈពេលយូរប៉ុណ្ណា។ ប្រវត្តិសាស្ត្ររបស់យើងបានបង្រៀនយើងថា វិបុលភាពមិនអាចស្ថិតស្ថេរបានឡើយ ប្រសិនបើគ្មានសន្តិភាពហើយការរួមគ្នាបន្តកសាងសន្តិភាព មានន័យថា ការផ្តល់ជូនមនុស្សជំនាន់ក្រោយនូវអ្វីដែលប្រជាជនរបស់យើងបច្ចុប្បន្នពុំមានយូរមកហើយ។ ដែលនោះគឺជាអត្ថន័យនៃការរស់ឡើងវិញរបស់ជាតិយើង។

ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា នៅជុំវិញយើង ពិភពលោកកំពុងប្រឈមមុខនឹងវិញ្ញាសាដ៏ធ្ងន់ធ្ងរ។ សង្គ្រាមថ្មីៗកំពុងផ្ទុះឡើង ហើយជម្លោះចាស់ៗក៏កំពុងឆាបឆេះឡើងវិញ។ ទីក្រុងនានាត្រូវបានបំផ្លិចបំផ្លាញ គ្រួសារត្រូវបានបង្ខំឱ្យចាកចេញពីលំនៅឋាន ហើយស្ថានភាពកុមារកំពុងប៉ះពាល់។ អាកាសធាតុកំពុងប្រែប្រួលកាន់តែខ្លាំងនិងកាន់តែមិនអាចព្យាករណ៍បានដោយអ្នកដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត គឺអ្នកដែលបានរួមចំណែកតិចតួចបំផុតក្នុងការបង្កឱ្យមានការប្រែប្រួលនេះ។ ការបញ្ចេញមតិសាធារណៈកំពុងជួបបញ្ហាដោយជារឿយៗ សេចក្តីភ័យខ្លាច បានរារាំងបំណងបង្ហាញហេតុផល ភាពស្អប់ខ្ពើមបិទផ្លូវកិច្ចសន្ទនា រីឯការភូតកុហកធ្វើឱ្យទំនុកចិត្តធ្លាក់ចុះ។

នៅក្នុងព្រះរាជសុន្ទរកថា ព្រះករុណា ព្រះមហាក្សត្រ បានបង្ហាញសេចក្តីសង្ឃឹមថា សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញនឹងត្រូវបានប្រែក្លាយទៅជាការប្តេជ្ញាចិត្តជាក់ស្ដែង និងសកម្មភាពដែលមាននិរន្តរភាព។ សូមឱ្យការសន្ទនាបន្តទៅមុខដោយការអត់ធ្មត់ ជាមួយនឹងការតស៊ូមិនរាថយ ទោះបីជាមានឧបសគ្គគ្រប់បែបយ៉ាងក៏ដោយ។

សូមឱ្យនិងយុវជនទទួលបានតួនាទីពេញលេញរបស់ខ្លួននៅក្នុងការសម្រេចចិត្ត ដែលកំណត់អនាគតរបស់ពួកគេនិងនៅក្នុងការកសាងសន្តិភាព។ ការចូលរួមរបស់ពួកគេ គឺជាលក្ខខណ្ឌដ៏សំខាន់មួយដើម្បីធានាឱ្យសន្តិភាពមានភាពរឹងមាំនិងយូរអង្វែង៕


ដោយ ៖ សិលា


ចែករំលែក៖