ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានហើយ ករណីជម្លោះពាក្យសម្តីក្នុងពិធីបុណ្យសពមួយ កាប់សម្លាប់បុរសម្នាក់ដល់ក្នុងផ្ទះ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ជម្លោះពាក្យសម្តីក្នុងពេលចូលរួមកំដរបុណ្យសពរយៈពេល៧ថ្ងៃ កាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ត្រូវបានរាយការណ៍ថាមុនពេលកើតហេតុដំបូងដែលឈានទៅដល់អំពើឃាតកម្មមួយ បណ្តាលឱ្យបុរសម្ចាស់ផ្ទះម្នាក់ស្លាប់នៅក្នុងបន្ទប់ក្រោមផ្ទះរបស់ខ្លួន ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ក្រោយកើតហេតុ សមត្ថកិច្ចបានបើកការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ ដើម្បីសួរនាំ។

យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញ បានឱ្យដឹងថា អំពើឃាតកម្មនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ១៥និង៣០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បណ្តាលឱ្យម្ចាស់ផ្ទះឈ្មោះ អ៊ុ ឆុត ហៅអឿន អាយុ៥០ឆ្នាំ បាត់បង់ជីវិតនៅក្នុងបន្ទប់ក្រោមផ្ទះ។

តាមការស្រាវជ្រាវបឋម សមត្ថកិច្ចបានកំណត់មុខសញ្ញាជនសង្ស័យឈ្មោះ ឈឿង ប៉ារីស អាយុ៣៦ឆ្នាំ ដែលមានទីលំនៅក្នុងភូមិឃុំជាមួយជនរងគ្រោះ។ មូលហេតុដំបូងនៃអំពើនេះ ត្រូវបានសង្ស័យថា មានប្រភពចេញពីការប៉ះទង្គិចពាក្យសម្តីរវាងអ្នកទាំងពីរ ក្នុងពេលចូលរួមកំដរបុណ្យសពរយៈពេល៧ថ្ងៃ កាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា។

ក្នុងពិធីបុណ្យសពនោះ ជនរងគ្រោះ និងជនសង្ស័យបានអង្គុយកំដរជាមួយអ្នកភូមិមួយចំនួន ដោយមានការលេងបៀរ និងពិសាស្រាស។ ក្នុងអំឡុងពេលនោះ ជនរងគ្រោះបាននិយាយពាក្យមិនសមរម្យទៅកាន់ជនសង្ស័យ ខណៈជនសង្ស័យបានឆ្លើយតបដោយស្នើសុំកុំឱ្យមានការធ្វើបាបខ្លួន។ ទោះជាយ៉ាងណា ការប៉ះទង្គិចពាក្យសម្តីនេះមិនបានបន្តឈ្លោះប្រកែកគ្នាទៀតឡើយ ហើយជនរងគ្រោះក៏បានត្រឡប់ទៅផ្ទះមុន។

របាយការណ៍ដដែលបានបញ្ជាក់ថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ជនសង្ស័យបានចេញពីផ្ទះរបស់ខ្លួន ធ្វើដំណើរទៅកាន់ផ្ទះជនរងគ្រោះ ដែលមានចម្ងាយប្រមាណ២០០ម៉ែត្រ ដោយតាមការស្រាវជ្រាវត្រូវបានសង្ស័យថា មានចេតនាប្រព្រឹត្តអំពើហិង្សាលើជនរងគ្រោះ។ ពេលទៅដល់ ជនសង្ស័យបានចូលទៅក្នុងបន្ទប់ក្រោមផ្ទះ ដែលជនរងគ្រោះកំពុងសម្រាក រួចបានប្រើវត្ថុរឹង និងកាំបិតដែលមាននៅក្បែរនោះធ្វើសកម្មភាព បណ្តាលឱ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរ រហូតបាត់បង់ជីវិត។

ក្រោយធ្វើសកម្មភាព ជនសង្ស័យបានចាកចេញពីកន្លែងកើតហេតុ និងតាមរបាយការណ៍បានបញ្ជាក់ថា បានព្យាយាមបិទបាំងសកម្មភាពរបស់ខ្លួន។ ទោះជាយ៉ាងណា ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានបើកការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន។

ប្រតិបត្តិការនេះដឹកនាំ និងចង្អុលបង្ហាញដោយលោកវរសេនីយ៍ឯក ហែម មុនី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ដោយបានដឹកនាំកម្លាំងជំនាញចុះត្រួតពិនិត្យទីតាំងកើតហេតុ ស្រាវជ្រាវ និងធ្វើត្រាប់តាមលំដាប់លំដោយនៃហេតុការណ៍ ដើម្បីបង្ហាញពីដំណើររឿង និងប្រមូលភស្តុតាងពាក់ព័ន្ធ ស្របតាមនីតិវិធីជំនាញ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ ចាត់ការតាមនីតិវិធី៕ជ្រោយពេជ្រ


ចែករំលែក៖