ព័ត៌មានទាន់ហេតុការណ៍៖

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ នេះជាមោទនភាពសម្រាប់ប្រជាជនខ្មែរជាង១៨លាននាក់ ក្នុងឱកាសដែលកម្ពុជាកំពុងរៀបចំនិងជាម្ចាស់ផ្ទះនៅកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០

ចែករំលែក៖

ក្នុងពិធីបើកកិច្ចប្រជុំនាព្រឹកនេះ យើងបានស្តាប់នូវព្រះរាជសុន្ទរកថា ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, ព្រមទាំងសុន្ទរកថា សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី,  ឯកឧត្តម Emmanuel Macron ប្រធានាធិបតីបារាំង និងលោកជំទាវអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនី និងការទទួលតួនាទីជាប្រធានកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី សម្រាប់ឆ្នាំ២០២៦-២០២៨ បន្តពីសាធារណរដ្ឋបារាំង។

ខ្ញុំជឿជាក់ថា ប្រជាជនកម្ពុជាទាំងអស់ ក៏ដូចខ្ញុំដែរ កំពុងតាមដានដោយយកចិត្តទុកដាក់ ដោយមោទនភាព និងភាពកក់ក្តៅចំពោះព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ដែលបានបង្ហាញពីសមត្ថភាព និងការទទួលខុសត្រូវរបស់កម្ពុជា ក្នុងនាមជាសមាជិកនៃអង្គការហ្វ្រង់កូហ្វូនី ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលដ៏សំខាន់នេះ។

ក្រៅពីកិច្ចប្រជុំផ្លូវការ និងសម្រេចឱ្យនូវលទ្ធផលដូចការរំពឹងទុក កម្ពុជា បានទទួលស្វាគមន៍មិត្តភក្តិពីបណ្តាប្រទេសនៃក្រុមគ្រួសារហ្វ្រង់កូហ្វូនី និងអ្នកសង្កេតការណ៍ពីទូទាំងពិភពលោក មកជួបជុំនៅលើទឹកដីកម្ពុជា ប្រកបដោយមិត្តភាព និងអនុស្សាវរីយ៍ល្អៗ តាមរយៈបដិសណ្ឋារកិច្ច ស្នាមញញឹមដ៏កក់ក្តៅពីប្រជាជនកម្ពុជា និងឱកាសស្វែងយល់ផ្ទាល់ចំពោះសក្តានុពលកម្ពុជានាពេលបច្ចុប្បន្ន។

ទម្រាំមកដល់សព្វថ្ងៃនេះ ប្រទេសយើងបានឆ្លងកាត់ដំណើរដ៏វែងឆ្ងាយ ដែលក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមឆ្លៀតឱកាសនេះ គោរពដឹងគុណ និងនឹករឭកដល់ព្រះរាជគុណូបការៈដ៏ថ្លៃថ្លា ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាបិតាស្ថាបនិកមួយរូបនៃអង្គការហ្វ្រង់កូហ្វូនី និងព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមចំពោះជាតិមាតុភូមិ និងប្រជារាស្ត្ររបស់ព្រះអង្គ។

ខ្ញុំក៏សូមសម្តែងនូវការដឹងគុណដល់ថ្នាក់ដឹកនាំ ឥស្សរជនដទៃទៀត ពិសេស សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់ទម្រាំសម្រេចបាន ៧ មករា ១៩៧៩ និងស្វែងរកដំណោះស្រាយនយោបាយ ដែលនាំមកនូវសន្តិភាព និងឯកភាពជាតិ តាមរយៈនយោបាយឈ្នះ-ឈ្នះ ក៏ដូចជាបុព្វការីជន និងប្រជាជនខ្មែរ ដែលបានពលីក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ និងកាលៈទេសៈលំបាកផ្សេងទៀត ដើម្បីនាំមាតុភូមិកម្ពុជាឆ្លងកាត់ពីដំណាក់កាលមួយទៅដំណាក់កាលមួយ រហូតសម្រេចបានសុខសន្តិភាព ស្ថិរភាព ដែលជាមូលដ្ឋាននៃការអភិវឌ្ឍដូចបច្ចុប្បន្ន។


ដោយ ៖ សិលា


ចែករំលែក៖