ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះផ្ទះ៤ខ្នងនៅក្រុងព្រះសីហនុ!  ស្លា.ប់ម្តាយនិងកូនតូច២នាក់ក្នុងភ្លើង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ អគ្គិភ័យនៅក្រុងព្រះសីហនុ បណ្តាលឲ្យមនុស្ស៣នាក់ ក្នុងនោះមានកុមារតូច២នាក់ និងស្ត្រីម្នាក់ដែលត្រូវបានរាយការណ៍ថាជាម្តាយរបស់កុមារទាំងពីរ ខណៈផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នងបានរងការឆាបឆេះ នៅវេលាម៉ោង២២:៥០នាទី យប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចជិតផ្សារតារាសំណាង (ឃ្លាំងលើ) ស្ថិតក្នុងក្រុមទី៦ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រោយទទួលបានព័ត៌មានអំពីគ្រោះអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងជំនាញនៃកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ចុះអន្តរាគមន៍ជួយសង្គ្រោះភ្លាមៗ ដោយមានការចូលរួមសហការពីអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តដើម្បីជួយអន្តរាគមន៍កុំឱ្យរាលដានបន្ថែមទៀត។

ក្នុងប្រតិបត្តិការជួយសង្គ្រោះ និងពន្លត់អគ្គិភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៨គ្រឿង និងទឹកអស់ចំនួន២០រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍ និងពន្លត់ភ្លើងបានទាំងស្រុង នៅវេលាម៉ោង០០:៦០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

អ្វីដែលកាន់តែរន្ធត់នោះ គឺអគ្គិភ័យនេះបានបណ្តាលឱ្យមនុស្ស៣នាក់ស្លាប់បាត់បង់ជីវិត រួមមាន ក្មេងប្រុសម្នាក់មានអាយុប្រហែល១ខួប ក្មេងស្រីម្នាក់មានអាយុប្រហែល៦ឆ្នាំ និងស្ត្រីម្នាក់ដែលត្រូវបានរាយការណ៍ថាជាម្តាយរបស់កុមារទាំងពីរ។  យ៉ាងណាក៏ដោយ ជុំវិញមូលហេតុដែលបង្កឱ្យមានអគ្គិភ័យនេះមិនទាន់ត្រូវបានបញ្ជាក់ច្បាស់លាស់នៅឡើយទេ ខណៈសមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវ ដើម្បីកំណត់មូលហេតុពិតប្រាកដ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖