ព័ត៌មានទាន់ហេតុការណ៍៖

អនុប្រធានទី១ព្រឹទ្ធសភាកម្ពុជា បន្តលើកឡើងពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ នៅក្នុងមហាសន្និបាតតំបន់អឺរ៉ុបលើកទី៣៨

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមបទអន្តរាគមន៍នៅក្នុងឱកាសមហាសន្និបាតតំបន់អឺរ៉ុប លើកទី៣៨ នៃសភាប្រើភាសាបារាំង (APF) ទីក្រុងព្រុចសែល (Bruxelles) ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កិច្ចព្រមព្រៀងជាបន្តបន្ទាប់ដែលមានគោលបំណងបញ្ចប់អរិភាព និង ដោះស្រាយវិវាទដោយសន្តិវិធីរវាងកម្ពុជា និងថៃ ជាពិសេសកិច្ចព្រមព្រៀងបទឈប់បាញ់នៅទីក្រុងពូត្រាចាយ៉ា (Putrajaya) ខែកក្កដា ឆ្នាំ២០២៥ កិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងគូឡាឡាំពួ (Kuala Lumpur) ខែតុលា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតែមិនទាន់ត្រូវបានអនុវត្តយ៉ាងពេញលេញនៅឡើយទេ។

គួរបញ្ជាក់ផងដែរថា សកម្មភាពយោធា និងរដ្ឋបាលរបស់ភាគីថៃនៅតែបន្តកើតមាននៅលើទីតាំងជាក់ស្តែង ជាពិសេសការបន្តរក្សាកងកម្លាំងយោធាថៃនៅលើផ្នែកខ្លះនៃទឹកដីអធិបតេយ្យរបស់កម្ពុជា ក៏ដូចជានៅក្នុងតំបន់មួយចំនួនដែលជាកម្មវត្ថុនៃការវិវាទ ការរារាំងដល់ការអនុវត្តការងារ រួមគ្នាក្នុងការកំណត់ និងបោះបង្គោលព្រំដែន ព្រមទាំងការបង្កឧបសគ្គដល់ការវិលត្រឡប់ទៅកាន់ លំនៅឋានរបស់ប្រជាពលរដ្ឋកម្ពុជាជាង ២០.០០០នាក់ ដែលបានភៀសខ្លួនចេញពីលំនៅឋានរបស់ខ្លួន។ អង្គហេតុទាំងនេះក៏ត្រូវបានរាយការណ៍ និងចងក្រងជាឯកសារដោយប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសង្កេតការណ៍អន្តរជាតិដែលស្នេហារសន្តិភាព និងយុត្តិធម៌ផងដែរ។

ជាការគួរឱ្យសោកស្តាយជាទីបំផុត ដែលការពិតទាំងនេះបានក្លាយជាកម្មវត្ថុនៃការគំរាម កំហែងពីភាគីម្ខាងទៀត ដោយបានទាមទារមិនឱ្យលើកយកបញ្ហាទាំងនេះមកនិយាយនៅលើឆាកអន្តរជាតិ ក្រោមហេតុផលថា បញ្ហាទាំងនេះជាបញ្ហាទ្វេភាគីសុទ្ធសាធ ហើយការលើកយកបញ្ហាទាំងនេះមកនិយាយអាចធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការកសាងទំនុកចិត្ត និងកិច្ចដំណើរការប្រក្រតីកម្ម ឡើងវិញនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ៕


ដោយ ៖ សិលា


ចែករំលែក៖