ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំស្តីពីការត្រួតពិនិត្យលើសេចក្តីព្រាងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ឆ្នាំ២០២៧-២០២៩ របស់រដ្ឋបាលខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក លឹម សៀងហេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អអភិបាលនៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យលើសេចក្តីព្រាងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ឆ្នាំ២០២៧-២០២៩ របស់រដ្ឋបាលខេត្តស្វាយរៀងនៅសាលប្រជុំសាលាខេត្ត។

លោក លឹម សៀងហេង អភិបាលរងខេត្តស្វាយរៀង បានលើកឡើងថា ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល គឺជាកិច្ចការដ៏មានសារៈសំខាន់ក្នុងការកំណត់ទិសដៅអភិវឌ្ឍន៍ និងការរៀបចំគម្រោងអាទិភាពរបស់រដ្ឋបាលខេត្ត ស្របតាមផែនការអភិវឌ្ឍន៍របស់ខេត្ត គោលនយោបាយរបស់រាជរដ្ឋាភិបាល និងតម្រូវការអភិវឌ្ឍន៍នៅតាមមូលដ្ឋាន។ កម្មវិធីនេះក៏ជាមូលដ្ឋានសម្រាប់ការកៀរគរធនធាន ការសម្របសម្រួលការវិនិយោគ និងការអនុវត្តគម្រោងអភិវឌ្ឍន៍ឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

លោកក៏បានគូសបញ្ជាក់ផងដែរថា ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល មិនមែនគ្រាន់តែជាការប្រមូលផ្តុំគម្រោងពីបណ្តាមន្ទីរ អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិប៉ុណ្ណោះទេ ប៉ុន្តែត្រូវធ្វើការវិភាគ និងវាយតម្លៃឱ្យបានហ្មត់ចត់អំពីភាពចាំបាច់ ភាពអាទិភាព លទ្ធភាពអនុវត្ត និងផលប្រយោជន៍ដែលប្រជាពលរដ្ឋនឹងទទួលបានពីគម្រោងនីមួយៗ។ ជាពិសេស ត្រូវធានាថាគម្រោងដែលបានដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគ ពិតជាឆ្លើយតបទៅនឹងបញ្ហាប្រឈម និងតម្រូវការអភិវឌ្ឍន៍របស់ខេត្ត។

ជាមួយគ្នានេះដែរ លោកអភិបាលរងខេត្ត ក៏បានធ្វើការណែនាំ និងជំរុញដល់មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ពិនិត្យឡើងវិញនូវគម្រោងវិនិយោគដែលបានស្នើឡើង ដោយផ្តោតសំខាន់លើការកំណត់អាទិភាពឱ្យបានត្រឹមត្រូវ ចៀសវាងការដាក់បញ្ចូលគម្រោងដែលមានលក្ខណៈត្រួតស៊ីគ្នា ឬមិនស្របទៅនឹងតម្រូវការជាក់ស្តែង។ ទន្ទឹមនឹងនេះ ត្រូវពិនិត្យឱ្យបានច្បាស់លាស់អំពីប្រភពថវិកា ទំហំចំណាយ រយៈពេលអនុវត្ត និងលទ្ធភាពកៀរគរធនធាន ដើម្បីធានាថាគម្រោងដែលបានគ្រោងទុកអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

លោក  ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់មន្ទីរ អង្គភាពទាំងអស់ ត្រូវពង្រឹងកិច្ចសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ក្នុងការប្រមូលព័ត៌មាន ទិន្នន័យ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដើម្បីយកមកធ្វើជាមូលដ្ឋានក្នុងការរៀបចំគម្រោងវិនិយោគ។ លើសពីនេះ ការរៀបចំផែនការ និងកម្មវិធីវិនិយោគ ត្រូវគិតគូរដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន ដោយយកចិត្តទុកដាក់ចំពោះស្ត្រី កុមារ ជនមានពិការភាព មនុស្សចាស់ និងប្រជាពលរដ្ឋងាយរងគ្រោះ ដើម្បីធានាថាផលប្រយោជន៍នៃការអភិវឌ្ឍត្រូវបានចែករំលែកប្រកបដោយសមធម៌ និងមិនទុកនរណាម្នាក់ចោលឡើយ។

លោកអភិបាលរងខេត្ត បានជំរុញឱ្យមន្ទីរ អង្គភាព និងមន្ត្រីបច្ចេកទេសទាំងអស់ បង្កើនស្មារតីទទួលខុសត្រូវ និងចូលរួមផ្តល់មតិយោបល់ឱ្យបានផុលផុស ប្រកបដោយលក្ខណៈស្ថាបនា ដើម្បីកែលម្អសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ឱ្យមានខ្លឹមសារគ្រប់ជ្រុងជ្រោយ ស្របតាមស្ថានភាពជាក់ស្តែង និងអាចយកទៅអនុវត្តបាន៕

ដោយ៖ សុថាន


ចែករំលែក៖