ខេត្តកំពង់ស្ពឺ៖ តាមការប្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយះលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់១២៩២ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាព រករឿង អុកឡុក ស្រែកឡូឡា វាយបំផ្លិចបំផ្លាញទ្រព្យ សម្បត្តិក្នុងផ្ទះ និងគំរាមកំហែងទៅលើប្រពន្ធរបស់ខ្លួន។
ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធី ពីឯកឧត្ដមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ។
កាលពីវេលាម៉ោង១៦:៥៥នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៦ ក្រុមការងារប្រចាំមណ្ឌលប្រតិបត្តិការ HotLine ១២៩២ (២៤ម៉ោងលើ២៤ម៉ោង) នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលការហៅចូលពីប្រជាពលរដ្ឋរាយការណ៍និងប្តឹងដើម្បីសុំកិច្ចអន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ ក្នុងភូមិសាស្ត្រស្រុកសំរោងទង។
បន្ទាប់ពីទទួលពាក្យបណ្តឹងខាងលើ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ដឹកនាំដោយលោកវរសេនីយ៍ត្រី បេ ចំរើន មេបញ្ជាការ មូលដ្ឋានកងរាជ អាវុធហត្ថស្រុកសំរោងទង បានចុះទៅដល់ចំណុចកើតហេតុផ្ទះរបស់ជនរងគ្រោះឈ្មោះ កន សុគុណ ភេទស្រី អាយុ៣៤ឆ្នាំ(ត្រូវជាប្រពន្ធ) និងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សំ សុខណា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ (ត្រូវជាប្ដី)ជាប់ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង ១៦:១០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចកើតហេតុផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយជនសង្ស័យបានធ្វើសកម្មភាព រករឿង អុកឡុក ស្រែកឡូឡា វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ និងគំរាម កំហែងទៅលើប្រពន្ធរបស់ខ្លួន។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីជាធរមាន៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច