ព័ត៌មានទាន់ហេតុការណ៍៖

កម្មករនិយោជិតក្រុមហ៊ុន ផៅវ័រ សាន់ហ្វូតវែរឯ.ក ស្រុកអង្គស្នួលចូលធ្វើការវិញហើយនៅព្រឹកនេះ

ចែករំលែក៖

ខេត្តកណ្តាល÷កម្មករនិយោជិតនៅក្រុមហ៊ុនផៅវ័រសាន់ ហ្វូតវែរ ឯ.ក ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល បានឯកភាពចូលធ្វើការវិញហើយនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៦នេះ បន្ទាប់ពីក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះអន្តរាគមន៍សម្របសម្រួលដោះស្រាយវិវាទនិងសម្រេចបានដំណោះ ស្រាយដែលភាគីកម្មករនិយោជិតអាចទទួលយកបាន។

 លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានគូសបញ្ជាក់ថា «តំណាងកម្មករនិយោជិត និងតំណាងនិយោជកបានឯកភាពទទួលយកដំណោះស្រាយ ក្រោយពីទទួលបានការសម្របសម្រួលពីមន្ត្រីជំនាញក្រសួងយ៉ាងឆាប់រហ័ស កាលពីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ដោយដំណោះស្រាយត្រូវបានធ្វើឡើងស្របតាមការស្នើសុំ ហើយកម្មករនិយោជិតក៏ទទួលបានថវិកាផងដែរ»។

 លោក ស៊ុន មេសាបញ្ជាក់ថា ការឈានដល់កិច្ចព្រម ព្រៀងនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញក្រសួងការងារ និងអាជ្ញាធរមូលដ្ឋាន ក្នុងការឆ្លើយតបនឹងកង្វល់របស់កម្មករនិយោជិត និងស្វែងរកដំណោះស្រាយដោយផ្អែកលើច្បាប់ ព្រមទាំងការការពារអត្ថប្រយោជន៍ស្របច្បាប់របស់ភាគីពាក់ព័ន្ធ។ 

 ក្រសួងការងារបានអំពាវនាវដល់កម្មករនិយោជិត និងថ្នាក់ដឹកនាំរោងចក្រ សហគ្រាសទាំងអស់ ឱ្យរាយការណ៍ ឬដាក់ពាក្យបណ្ដឹងមកក្រសួងតាមរយៈលេខទូរសព្ទ ១២៨៦ និងបណ្ដាញទំនាក់ទំនងផ្សេងៗទៀត ដើម្បីឱ្យមន្ត្រីជំនាញអាចចុះអន្តរាគមន៍ដោះស្រាយបញ្ហាបានទាន់ពេលវេលា ជៀសវាងការប្រើប្រាស់សកម្មភាពណាមួយដែលផ្ទុយពីនីតិវិធីច្បាប់ និងរួមគ្នារក្សាអត្ថប្រយោជន៍របស់កម្មករនិយោជិត និងនិយោជក៕

ដោយ៖ សូរិយា


ចែករំលែក៖