ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យ​៖​ រាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាយ៉ាងខ្លាំង និងជាផ្លូវការបន្ថែមទៀតប្រឆាំងនឹងការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅតាមបណ្ដោយព្រំដែន

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ប៉ែន​ បូណា​ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា​ បានថ្លែងនៅក្នុង​ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា៖​ រាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាយ៉ាងខ្លាំង និងជាផ្លូវការបន្ថែមទៀតប្រឆាំងនឹងការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅតាមបណ្ដោយព្រំដែន។ ការតវ៉ានេះ បានធ្វើឡើងបន្ទាប់ពីឧត្តមសេនីយ៍ទ័ពអាកាសថៃ លោក ប្រាផាស សនចៃឌី នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូមន្ត្រីអន្តរស្ថាប័ន និងអ្នកសារព័ត៌មានថៃ ទៅកាន់ទីតាំងជាច្រើនក្នុងតំបន់អានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រួមទាំងសំណង់អាគារស៊ីវិលកម្ពុជាចំនួនពីរ ដែលស្ថិតនៅជ្រៅក្នុងទឹកដីកម្ពុជា។ 

ទស្សនកិច្ចចុះពិនិត្យទីតាំងដែលបានធ្វើឡើងដោយគ្មានការអនុញ្ញាត និងដោយគ្មានការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជា គឺជាការប៉ុនប៉ងថ្មីមួយទៀតក្នុងការទាមទារដោយមិនស្របច្បាប់លើដែនដីអធិបតេយ្យកម្ពុជា ដែលកងកម្លាំងប្រដាប់អាវុធថៃ បានកាន់កាប់ដោយខុសច្បាប់ បន្ទាប់ពីបទឈប់បាញ់កាលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ ក៏បានសាងសង់លេណដ្ឋានយោធារឹងមាំបន្ថែមមួយទៀត នៅតំបន់បឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ហើយនៅថ្ងៃបន្ទាប់ គឺថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានប្រើគ្រឿងចក្រធុនធ្ងន់ឈូសឆាយសាងសង់ផ្លូវ និងបានដឹកជញ្ជូនសសរបេតុងទៅកាន់ទីតាំងដែលស្ថិតនៅក្នុងតំបន់ខាងលើ។

រាជរដ្ឋាភិបាលកម្ពុជា តវ៉ាយ៉ាងខ្លាំងក្លាប្រឆាំងសកម្មភាពទាំងនេះ ដែលជាការបំពានយ៉ាងច្បាស់លើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់និងខណ្ឌសីមា ដោយផែនទីមាត្រដ្ឋាន ១/២០០.០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិននិងសៀម ដោយអនុលោមតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ 

សកម្មភាពខាងលើ ក៏រំលោភបំពានលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជានិងថៃស្តីពីការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ និងរំលោភលើចំណុច I (វិធានការបន្ធូរភាពតានតឹង) នៃសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះឡើយ ហើយសកម្មភាពខាងលើនឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។ រាជរដ្ឋាភិបាលកម្ពុជា ទាមទារឱ្យប្រទេសថៃបញ្ឈប់រាល់សកម្មភាពខុសច្បាប់ទាំងនេះ និងបញ្ឈប់សកម្មភាពជាឯកតោភាគី ហើយត្រូវធ្វើយ៉ាងណាដើម្បីបន្ធូរភាពតានតឹង បង្កើតទំនុកចិត្តគ្នាទៅវិញទៅមក រក្សាសន្តិភាព និងភាពជាអ្នកជិតខាងល្អតាមបណ្ដោយព្រំដែនរវាងប្រទេសទាំងពីរ។ កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា ខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងឡើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិជ្រាបថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចាត់ទុកការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ជាអាទិភាពខ្ពស់បំផុត។ ក្នុងន័យនេះ រាជរដ្ឋាភិបាល បាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការវិវត្តន៍ស្ថានការណ៍ថ្មីៗនៅតាមបណ្តោយព្រំដែន និងតែងតែតវ៉ាភ្លាមៗនៅពេលមានករណីរំលោភបំពានកើតឡើង។ ការតវ៉ានេះមានសារសំខាន់មិនអាចខ្វះបានដើម្បីបញ្ជាក់ពីភាពជាម្ចាស់ស្របច្បាប់របស់កម្ពុជានៅលើទីតាំងមួយចំនួនដែលយោធាថៃដណ្តើមកាន់កាប់ដោយខុសច្បាប់អន្តរជាតិ។ ការតវ៉ាផ្លូវការនេះក៏ជាឯកសារដែលមានតម្លៃគតិយុត្តក្នុងការការពារអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា ស្របតាមច្បាប់អន្តរជាតិជាធរមាន និងដើម្បីរក្សាអាជ្ញាយុកាលនៃការទាមទារទឹកដីកម្ពុជាមកវិញរហូតទាល់តែមានដំណោះស្រាយជាស្ថាពរមួយដោយសន្តិវិធីនាពេលអនាគតស្របតាមខ្សែបន្ទាត់ព្រំដែនអន្តរជាតិដែលមានស្រាប់រវាងប្រទេសទាំងពីរ៕

ដោយ​៖ តារា​


ចែករំលែក៖