ខេត្តកំពង់ស្ពឺ៖ ក្មេងទំនើង១១នាក់ បានធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងជំនាញកងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ បង្រ្កាបនិងឃាត់ខ្លួនយកមកអប់រំណែនាំនិងដកហូតយកម៉ូតូមករក្សាទុករយៈពេល ០៣ខែនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បាន បង្ក្រាបនិងឃាត់ខ្លួនក្រុមក្មេងទំនើងដែលតែងតែធ្វើសកម្មភាពបង្ហោះម៉ូតូតាមទីសាធារណៈដែលជាហេតុបង្កអោយមានភ័យខ្លាចដល់ប្រជាពលរដ្ឋរស់នៅជុំវិញ បង្កភាពអណាធិបតេយ្យ ខូចសណ្តាប់ធ្នាប់សង្គម ជាបន្តបន្ទាប់យកមកអប់រំណែនាំនិងដកហូតយកម៉ូតូមករក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
ជាក់ស្ដែងប្រតិបត្តិការទី១ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានល្បាតតាមបណ្ដាភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងឃាត់ក្មេងទំនើងចំនួន៣នាក់ពាក់ព័ន្ធករណីបង្ហោះម៉ូតូ ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង០០:១៥នាទីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចមុខសួនទឹកកំពង់ស្ពឺ ស្ថិតនៅភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ទី១មានឈ្មោះ សុភាព សុភារិទ្ធ ភេទ ប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មកររោងចក្រ,ទី២មាន ឈ្មោះ ជឿន រ៉ុង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មកររោងចក្រ និងទី៣មានឈ្មោះ ហ៊ល បញ្ញា ភេទ ប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ។ ចាប់យកវត្ថុតាងរួមមាន:ម៉ូតូ ០២គ្រឿងនិងទូរស័ព្ទចំនួន០២គ្រឿង។
ប្រតិបត្តិការទី២ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការល្បាតតាមបណ្ដាភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងបានធ្វើការឃាត់ខ្លួនក្មេងទំនើងបានចំនួន០៦នាក់បន្ថែមទៀត ក្រោយពួកគេបានធ្វើសកម្មភាពបង្ហោះម៉ូតូ ដែលប្រព្រឹត្តកាលពីវេលាម៉ោង ២២:០៥នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចមុខសួនទឹកកំពង់ស្ពឺ ស្ថិតនៅភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ,មានឈ្មោះ ស៊ន សៅលី ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរកម្មកររោងចក្រ,ឈ្មោះ ឡុក រ៉ាយុទ្ធ ភេទបប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មកររោងចក្រ ,ឈ្មោះ ហន ដេវីត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករ ,ឈ្មោះ អ៊ឹម រ៉ូហ្សា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកសិករ ,ឈ្មោះ ទ្រី រ៉ូណា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរកម្មកររោងចក្រ និងឈ្មោះ សឿន រក្សា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរកសិករ ដោយចាប់យកវត្ថុតាងបានរួមមាន:ម៉ូតូចំនួន ០៣គ្រឿងនិងទូរស័ព្ទ ចំនួន០៥គ្រឿង។
ចំណែកប្រតិបត្តិការទី៣ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការល្បាតតាមបណ្ដាភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងធ្វើការឃាត់ខ្លួនបានចំនួន០២នាក់បន្ថែមទៀ។ ទី១ មានឈ្មោះ ស៊ូ បញ្ញា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកម្មកររោងចក្រ និងទីមានឈ្មោះ សេម វាសនា ភេទ ប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មកររោងចក្រ ពាក់ព័ន្ធករណីអូសជន្ទុលម៉ូតូតាមផ្លូវសាធារណៈ ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង១:១៥នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចមុខសាលាខេត្តកំពង់ស្ពឺ (ខាងកើត) ស្ថិតនៅភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។វត្ថុតាងចាប់យករួមមាន:ម៉ូតូចំនួន០១គ្រឿង និងទូរស័ព្ទចំនួន០២គ្រឿង។
បច្ចុប្បន្នក្រុមក្មេងទំនើងទាំង១១នាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានយកមកអប់រំធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឱ្យប៉ះពាល់សណ្តាប់ធ្នាប់សង្គម បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្កភាពអនាធិបតេយ្យក្នុងសង្គម ដោយបានដកហូតម៉ូតូយកមករក្សាទុករយៈពេល០៣ខែនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច