ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក និងឧតុនិយម ដាក់ចេញវិធានការ និងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីឆ្លើយតបនឹងបាតុភូតអែលនីញ៉ូ

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមការព្យាករ បាតុភូតអែលនីញ៉ូ (El Niño) នឹងបន្តស្ថិតក្នុងកម្រិត ១០០% រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧ ដោយបង្កើនកម្ដៅពី ១,៥°C ដល់ ៣°C ចាប់ពីខែកុម្ភៈ ដល់ខែមេសា ឆ្នាំ២០២៧។ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រសួងធនធានទឹក និងឧតុនិយម បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីទប់ទល់នឹងគ្រោះរាំងស្ងួត និងភាពក្ដៅខ្លាំងនារដូវប្រាំងនេះ។

ក្រសួងធនធានទឹក និងឧតុនិយម បានដាក់ចេញវិធានការត្រៀមលក្ខណៈចំនួន ៦ ចំណុច រួមមាន៖ ការជួសជុល-ស្តារប្រព័ន្ធធារាសាស្ត្រ និងអាងទឹក, ការអភិរក្សប្រភពទឹក, ការថែទាំស្ថានីយជលសាស្ត្រ-ឧតុនិយម, ការត្រៀមអន្តរាគមន៍បន្ទាន់, ការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹង និងការសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ។

គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៦ អាងស្តុកទឹកសរុប ១.៦៥៩ អាង មានបរិមាណទឹកស្តុកទុកប្រមាណ ៤.៧០០ លានម៉ែត្រគូប ដោយអាងទឹកធំៗទាំង ១២ មានទឹកពេញក្នុងចន្លោះពី ៩៣% ដល់ ១០០% រួមមាន៖ អាងទឹកតាសាល ស្ថិតក្នុងខេត្តកំពង់ស្ពឺ, អាងទឹករក្សា ស្ថិតក្នុងខេត្តព្រះវិហារ, អាងទឹកពហុបំណងសេកសក អាងទឹកកំពីងពួយ និងអាងទឹកដូនទ្រី ស្ថិតក្នុងខេត្តបាត់ដំបង, អាងទឹកត្រពាំងថ្ម ស្ថិតក្នុងខេត្តបន្ទាយមានជ័យ, ទំនប់អាងទឹកលេខ៣ និងលេខ៥ ស្ថិតក្នុងខេត្តពោធិ៍សាត់, អាងទឹកស្ទឹងស្រែង១ និងស្រែង២ ស្ថិតក្នុងខេត្តឧត្តរមានជ័យ, អាងទឹកស្ទឹងជីនិត ស្ថិតក្នុងខេត្តកំពង់ធំ និងអាងទឹកអូរតេធិបតី ស្ថិតក្នុងខេត្តមណ្ឌលគិរី។

បន្ថែមលើនេះ ក្រសួងបានត្រៀមម៉ាស៊ីនបូមទឹកចល័តជាង ៤០០ គ្រឿង រួមមាននៅក្រសួងចំនួន ១១៥ គ្រឿង និងនៅតាមមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្តប្រមាណ ៣០០ គ្រឿង សម្រាប់ធ្វើកិច្ចអន្តរាគមន៍បន្ទាន់ ក្នុងការជួយសង្គ្រោះតំបន់ខ្វះខាតទឹកពេលមានគ្រោះរាំងស្ងួតឱ្យបានទាន់សភាពការណ៍។

ក្រសួងធនធានទឹក និងឧតុនិយម បានណែនាំដល់មន្ទីររាជធានី-ខេត្តទាំងអស់ ឱ្យបន្តថែរក្សាប្រភពទឹក និងរៀបចំផែនការប្រើប្រាស់ទឹកសម្រាប់បម្រើឱ្យជីវភាពប្រចាំថ្ងៃជាអាទិភាព ព្រមទាំងសម្រាប់ការស្រោចស្រពស្រូវរដូវប្រាំង និងដំណាំរួមផ្សំ។ ទន្ទឹមនឹងនេះ ក្រសួងក៏សូមអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន បន្តចូលរួមការពារប្រភពទឹក និងប្រើប្រាស់ទឹកដោយសន្សំសំចៃខ្ពស់ ជាពិសេសនៅតាមតំបន់ជនបទដាច់ស្រយាល៕

ដោយ​៖ តារា​


ចែករំលែក៖