ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសអបអរសាទរទិវាអនាម័យបរិស្ថានជាតិ ក្រោមប្រធានបទ «បរិស្ថានបៃតង ភូមិឋានស្អាត» ដោយគូសបញ្ជាក់ថា ទិវាឆ្នាំនេះមានគោលបំណងដ៏សំខាន់ ក្នុងការបំផុសចលនាអប់រំដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឱ្យចូលរួមកសាងសង្គមកម្ពុជាប្រកបដោយភាពស្រស់បំព្រង។
តាមរយៈសារអបអរសាទរនេះ សម្ដេចធិបតី បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមាន ប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធជាតិ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស-និស្សិតគ្រប់ភូមិសិក្សា ព្រមទាំងម្ចាស់រោងចក្រ សហគ្រាស សិប្បករ និងអាជីវករ ចូលរួមឱ្យបានផុសផុលក្នុងសកម្មភាពថែរក្សាបរិស្ថាន។
សកម្មភាពអាទិភាពដែលត្រូវរួមគ្នាអនុវត្ត រួមមាន៖ ការចូលរួមធ្វើអនាម័យបរិស្ថាន និងការដាំដើមឈើ រុក្ខជាតិនានាឱ្យបានច្រើន។ ការរៀបចំសណ្ដាប់ធ្នាប់ និងសោភ័ណភាពនៅតាមទីក្រុង ទីប្រជុំជន ជនបទ ភូមិឋាន និងផ្ទះសំបែង។
ការសម្អាតនៅតាមវត្តអារាម សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ដងផ្លូវ ទីសាធារណៈ រោងចក្រ សហគ្រាស ទីផ្សារ និងមជ្ឈមណ្ឌលសេដ្ឋកិច្ចនានា។
កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ គឺសំដៅរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងសង្គមកម្ពុជាមួយដែលមានបរិស្ថានល្អ ស្អាត បៃតង និងពោរពេញដោយភាពស្រស់បំព្រងជានិរន្តរ៍៕

ដោយ៖ តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច