កងទ័ពម៉ិចស៊ិកបានចាប់ខ្លួនមេខ្លោងគ្រឿងញៀនដ៏ល្បីល្បាញម្នាក់ដែលជាជនរត់គេចខ្លួនមួយក្នុងចំណោមជនរត់គេចខ្លួនទាំង ១០ នាក់ដែល FBI ចង់បានបំផុត បន្ទាប់ពីការប្រយុទ្ធគ្នាដោយកាំភ្លើងដ៏ខ្លាំងក្លានៅក្នុងរដ្ឋ Sinaloa។
ប្រធានកងកម្លាំងសន្តិសុខរបស់ប្រទេសម៉ិចស៉ិក បានឱ្យដឹងថា យោធាម៉ិចស៉ិកបានចាប់ខ្លួនជនសង្ស័យម្នាក់ដែលជាមេខ្លោងធំជួញដូរគ្រឿងញៀនឈ្មោះ Fausto Isidro Meza Flores ដែលគេស្គាល់ថា El Chapo Isidro ព្រមទាំងមេបណ្តាញជួញដូរគ្រឿងញៀនពីរនាក់ទៀតរបស់ Chapo Isidro កាលពីយប់ថ្ងៃសុក្រ បន្ទាប់ពីមានប្រតិបត្តិការទ្រង់ទ្រាយធំនៅក្នុងរដ្ឋ Sinaloa។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦។
Chapo Isidro គឺជាជនល្មើសម្នាក់ក្នុងចំណោមជនល្មើសទាំង១០នាក់ដែល FBI បញ្ជាឱ្យតាមចាប់។ យោងតាមក្រសួងការបរទេសអាមេរិក ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ រូបគេរួមជាមួយអង្គការឧក្រិដ្ឋកម្មរបស់ខ្លួន បានលួចនាំចូលគ្រឿងញៀនច្រើនប្រភេទ រួមមាន ហេរ៉ូអ៉ីន មេតំហ្វេតាមីន កូកាអ៉ីន និងកញ្ឆា ចូលទៅក្នុងសហរដ្ឋអាមេរិក។
Chapo Isidro ក៏ត្រូវបានគេចាត់ទុកថាជាមេដឹកនាំម្នាក់នៃក្រុមឧក្រិដ្ឋកម្ម Beltran Leyva ដែលមានសេចក្តីរាយការណ៍ថាបានចងសម្ព័ន្ធភាពជាមួយក្រុម Los Mayors ដែលជាផ្នែកមួយនៃក្រុមឧក្រិដ្ឋកម្មដ៏មានឥទ្ធិពល Sinaloa។ នៅយប់ថ្ងៃសុក្រ ប្រតិបត្តិការយោធាមួយបានបង្កឱ្យមានចរន្តនៃអំពើហិង្សានៅក្នុងរដ្ឋ Sinaloa រួមទាំងការប៉ះទង្គិចដោយអាវុធរវាងកងកម្លាំងសន្តិសុខម៉ិចស៉ិក និងសមាជិកក្រុមឧក្រិដ្ឋកម្ម ដែលបានដាក់របាំងផ្លូវដោយដុតភ្លើងនៅតាមតំបន់មួយចំនួនក្នុងទីក្រុង។
ការចាប់ខ្លួននេះកើតមានឡើងក្នុងពេលដែលម៉ិចស៉ិកបានចាប់ខ្លួន ឬសម្លាប់ជនសង្ស័យជាច្រើននាក់ដែលពាក់ព័ន្ធការជួញដូរគ្រឿងញៀនកម្រិតខ្ពស់ ក្រោមសម្ពាធពីទីក្រុងវ៉ាស៉ីនតោន។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមជាច្រើនលើកថា នឹងចាត់វិធានការយោធាដោយឯកតោភាគីនៅក្នុងទឹកដីម៉ិចស៉ិក ប្រសិនបើរដ្ឋបាលរបស់ប្រធានាធិបតី Claudia Sheinbaum មិនចាត់វិធានការឱ្យខ្លាំងក្លាជាងនេះទេ ក្នុងការបង្ក្រាបក្រុមឧក្រិដ្ឋកម្មគ្រឿងញៀនទាំងនោះ។ ទាំងក្រសួងការបរទេសអាមេរិក និង FBI មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយនៅឡើយទេ៕

ដោយ៖ធីរីណា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច