ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តតាកែវ អញ្ជើញចុះសំណេះសំណាលជាមួយពលរដ្ឋ ភ្ញៀវទេសចរ និងអាជីវករ នៅបរិវេណរូបសំណាកបង្កងយក្ស មាត់បឹងតាកែវ

ចែករំលែក៖

ខេត្តតាកែវ៖ នាថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលជាថ្ងៃសម្រាកចុងសប្តាហ៍ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចុះជួបសំណេះសំណាលដោយផ្ទាល់ និងប្រកបដោយភាពស្និទ្ធស្នាល ជាមួយបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងក្រុមអាជីវករ ដែលកំពុងមកទស្សនាកម្សាន្ត និងប្រកបរបរលក់ដូរ នៅបរិវេណរូបសំណាកបង្កងយក្ស តាមបណ្តោយសួនច្បារមាត់បឹងតាកែវ ក្នុងក្រុងដូនកែវ។

ក្នុងឱកាសនៃការចុះសួរសុខទុក្ខនាពេលនោះ ឯកឧត្តមអភិបាលខេត្ត បានបង្ហាញក្តីរីករាយ និងសាកសួរពីស្ថានភាពនៃការប្រកបអាជីវកម្មប្រចាំថ្ងៃរបស់បងប្អូនអាជីវករ ក៏ដូចជាការសំណេះសំណាល និងថតរូបទុកជាអនុស្សាវរីយ៍ជាមួយភ្ញៀវទេសចរ ដែលបានអញ្ជើញមកលំហែកាយ និងផ្តិតយករូបភាពជុំគ្រួសារ បងប្អូន និងមិត្តភ័ក្ត្រ នៅទីតាំងនិមិត្តរូបដ៏ទាក់ទាញមួយនេះរបស់ខេត្តតាកែវ។

សកម្មភាពចុះជួបផ្ទាល់របស់ថ្នាក់ដឹកនាំខេត្តនាថ្ងៃចុងសប្តាហ៍នេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមទាំងការលើកកម្ពស់សោភ័ណភាព សណ្តាប់ធ្នាប់ និងបរិស្ថានអនាម័យនៅតាមទីសាធារណៈ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តក្នុងខេត្តតាកែវកាន់តែច្រើនឡើងថែមទៀត ជាពិសេសក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបអកអំបុក និងសំពះព្រះខែ នាថ្ងៃស្អែកនេះ ៕


ប្រភព៖ រដ្ឋបាលខេត្តតាកែវ


ចែករំលែក៖