ខេត្តសៀមរាប៖ កម្លាំងកងរាជអាវុធហត្ថស្រុកជីក្រែងខេត្តសៀមរាបបានឲ្យដឹងនៅព្រឹកថ្ងៃទី២២ខែវិច្ឆិកានេះថា សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនទាំងអស់ ចៀសវាងការប្រើអំពើហិង្សា និងការដោះស្រាយបញ្ហាដោយកំហឹង។ ការប្រើប្រាស់អាវុធ ឬកាំបិតប្រហារលើអ្នកដទៃ មិនត្រឹមតែបង្ករបួសស្នាម និងគ្រោះថ្នាក់ដល់ អាយុជីវិតអ្នកដទៃប៉ុណ្ណោះទេ ថែមទាំងអាចធ្វើឱ្យខ្លួន ឯងប្រឈមមុខនឹងច្បាប់ និងបាត់បង់អនាគតផងដែរ។
ជាក់ស្តែង កាលពីយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ២០:២៥នាទី នៅចំណុចភូមិប៉ាតត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប មានករណីហិង្សាមួយបានកើតឡើង ដោយជនបង្កប្រើកាំបិតប៉័ង តោកាប់លើជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់។ ក្រោយកើតហេតុ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជីក្រែង បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងដកហូតវត្ថុតាង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប។
បញ្ជាការដ្ឋានកងរាជរដ្ឋខេត្តសៀមរាបសូមរួមគ្នាប្រកាន់ខ្ជាប់នូវការអត់ធ្មត់ គោរពគ្នា ដោះស្រាយបញ្ហាដោយ សន្តិវិធីនិងចូលរួមថែរក្សាសន្តិសុខសុវត្ថិភាពក្នុងសង្គម៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច