លោក Mark Rutte អគ្គលេខាធិការណាតូបានថ្លែងថា សម្ព័ន្ធភាពមិនទទួលយកសំណើដកកងទ័ពទៅកាន់ទីតាំងដែលខ្លួនកាន់កាប់ក្នុងឆ្នាំ 1997 ដើម្បីជាថ្នូរនឹងកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែនទេ។លោក Mark Rutte អគ្គលេខាធិការណាតូបានមានប្រសាសន៍នៅថ្ងៃទី 23 ខែវិច្ឆិកាថា “យើងទាំងអស់គ្នាយល់ថាសំណើរបស់រុស្ស៊ីដែលបង្ខំណាតូឱ្យវិលត្រឡប់ទៅព្រំដែនឆ្នាំ 1997 គឺមិនអាចទទួលយកបានទេ។ គ្មាននរណាម្នាក់នៅក្នុងណាតូគិតថានេះជាគំនិតល្អនោះទេ”។
សេចក្តីថ្លែងការណ៍នេះកើតឡើងនៅពេលដែលបញ្ហានៃរចនាសម្ព័ន្ធសន្តិសុខអឺរ៉ុបកំពុងក្លាយជាធាតុសំខាន់នៅក្នុងការចរចាសន្តិភាពអ៊ុយក្រែន។
លោក Rutte បានធ្វើសេចក្តីថ្លែងការណ៍នេះដើម្បីឆ្លើយតបទៅនឹងសំណួរអំពីការទាមទាររបស់ទីក្រុងមូស្គូទាក់ទងនឹងការកែសម្រួលរចនាសម្ព័ន្ធសន្តិសុខអឺរ៉ុបក្នុងបរិបទនៃការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះនៅអ៊ុយក្រែន។
មុននេះ កាសែត New York Times បានរាយការណ៍ថា ក្នុងអំឡុងពេលចរចានៅទីក្រុង Abu Dhabi ដែលមានគោលបំណងបញ្ចប់ជម្លោះអ៊ុយក្រែន ទីក្រុងមូស្គូបានទាមទារឱ្យណាតូដកកងទ័ពរបស់ខ្លួនចេញពីទីតាំងដែលសម្ព័ន្ធភាពកាន់កាប់ក្នុងឆ្នាំ 1997 មុនពេលប្រទេសប្លុកខាងកើតពីមុនបានចូលរួមជាមួយណាតូ។
យោងតាមកាសែត Telegraph ការទាមទារបែបនេះអាចរួមបញ្ចូលការដកកងកម្លាំងណាតូចេញពីប្រទេសប៉ូឡូញ អេស្តូនី ឡាតវី និងលីទុយអានី ក៏ដូចជាប្រទេសហ្វាំងឡង់ ដែលជាប្រទេសដែលមានព្រំដែនជាប់ជាមួយរុស្ស៊ី។
រុស្ស៊ីបានចាត់ទុកការពង្រីកខ្លួនទៅទិសខាងកើតរបស់ណាតូជាយូរមកហើយថាជាការគំរាមកំហែងសន្តិសុខ។ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានអះអាងថា នេះគឺជា “មូលហេតុចម្បង” មួយនៃជម្លោះនៅអ៊ុយក្រែន។
រុស្ស៊ីអះអាងថាមានអារម្មណ៍ថាត្រូវបានគំរាមកំហែងដោយទំនាក់ទំនងកាន់តែខ្លាំងឡើងរបស់អ៊ុយក្រែនជាមួយណាតូ និងលទ្ធភាពនៃសម្ព័ន្ធមិត្តដាក់ពង្រាយមីស៊ីលនៅលើទឹកដីអ៊ុយក្រែន៕ដោយ៖ ធីរីណា

រូបថត៖ Reuters
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច