ខេត្តកណ្តាល៖ បុរសជនជាតិវៀតណាមម្នាក់បានស្លាប់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក ដោយទូកស្មាច់ចំនួន២គ្រឿងបានបុកគ្នា បណ្តាលឱ្យអ្នកបើកបរទូកម្នាក់ធ្លាក់ចូលក្នុងទឹក និងបាត់ខ្លួន រហូតដល់មានការរកឃើញសាកសពនៅពេលក្រោយ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៣០ នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចន្លោះព្រែកលេខ០៦-០៧ លើដងស្ទឹងអង្គរបូរី ក្នុងភូមិសាស្ត្រដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរដ្ឋបាលក្រុងសំពៅពូន ខេត្តកណ្តាល (អតីតភូមិទួលពុទ្រា ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ)។
យោងតាមរបាយការណ៍សមត្ថកិច្ចនគរបាលបានឱ្យដឹងថា ទូកស្មាច់ទី១ ពណ៌ខៀវ ប្រវែង៩,៩ម៉ែត្រ បំពាក់ម៉ាស៊ីនម៉ាកគូបូតា កម្លាំង១១សេះ បើកបរដោយឈ្មោះ ទៀង ណារិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិសាស្ត្រកើតហេតុ។
ចំណែកទូកស្មាច់ទី២ ពណ៌ខៀវ ប្រវែង៨,២ម៉ែត្រ បំពាក់ម៉ាស៊ីនម៉ាកគូបូតា កម្លាំង១១សេះ បើកបរដោយឈ្មោះ វឹង យ៉ាងញ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរទិញស្រូវ ជនជាតិវៀតណាម មានទីលំនៅភូមិបាក់ដៃ ប្រទេសវៀតណាម។
របាយការណ៍បឋម ទូកទាំងពីរគ្រឿងបានធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា ដោយទូកទី១ធ្វើដំណើរពីត្បូងទៅជើង។ ក្នុងនោះ ទូកទី១ត្រូវរាយការណ៍ថា បានបើកបរក្នុងល្បឿនលឿន និងរេចង្កូតទៅបុកទូកទី២ បណ្តាលឱ្យអ្នកបើកបរទូកទី២ធ្លាក់ចូលក្នុងទឹក និងបាត់ខ្លួន។
ក្រោយកើតហេតុ ជនរងគ្រោះដែលជាអ្នកបើកបរទូកទី២ ត្រូវបានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធស្វែងរក ហើយក្រោយមកត្រូវបានរកឃើញសាកសព របាយការណ៍បានបញ្ជាក់ថា នៅលើទូកទី២មានអ្នករួមដំណើរចំនួន ២នាក់ រួមមាន ឈ្មោះ ឡាំ ធីព្រឿង ភេទស្រី អាយុ ៤៨ឆ្នាំ ជនជាតិវៀតណាម ត្រូវជាម្តាយរបស់អ្នកបើកបរ និងឈ្មោះ តាំ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិវៀតណាម។ អ្នកទាំងពីរមិនមានរងរបួសនោះទេ។
បច្ចុប្បន្ន វត្ថុតាងត្រូវបានរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោកធ្លក ខណៈកម្លាំងជំនាញកំពុងបន្តនីតិវិធីពាក់ព័ន្ធនឹងករណីនេះ ករណីគ្រោះថ្នាក់នេះជាការក្រើនរំលឹកដល់អ្នកប្រើប្រាស់ផ្លូវទឹកទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្ន ជាពិសេសនៅពេលធ្វើដំណើរពេលយប់ ត្រូវបន្ថយល្បឿន និងគោរពវិធានការសុវត្ថិភាព ដើម្បីចៀសវាងគ្រោះថ្នាក់ដែលអាចបង្កឱ្យបាត់បង់អាយុជីវិត៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច