ភ្នំពេញ៖ កងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន បានបើកសមយុទ្ធយោធារួម «នាគមាស-ឆ្នាំ២០២៦» ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដោយធ្វើឡើងក្នុងទ្រង់ទ្រាយធំ លើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ។
ពិធីបើកសមយុទ្ធនេះធ្វើឡើងនៅមូលដ្ឋានសមុទ្ររាម ក្រោមអធិបតីភាពលោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងលោកឧត្តមនាវីទោ លីវ ស៊ូមីន (Liu Sumin) មេបញ្ជាការមូលដ្ឋានកងទ័ពជើងទឹកទីក្រុងក្វាងចូវ នៃកងទ័ពរំដោះប្រជាជនចិន។
សមយុទ្ធ «នាគមាស-ឆ្នាំ២០២៦» នេះ ត្រូវបានរៀបចំឡើងនៅមូលដ្ឋានសមុទ្ររាម ដែលជាមូលដ្ឋានកងទ័ពជើងទឹករបស់កម្ពុជា និងទទួលបានការជួយគាំទ្រពីប្រទេសចិនក្នុងការធ្វើទំនើបកម្ម។
សូមជម្រាបជូនថា សមយុទ្ធនេះ រៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន ការផ្លាស់ប្តូរបទពិសោធ បង្កើនសមត្ថភាពកម្រិតជំនាញ និងការពង្រឹងចំណង មិត្តភាពដែកថែបរវាងកងទ័ពនៃប្រទេសទាំងពីរ។ ប្រតិបត្តិការនេះ ក៏ផ្តោតសំខាន់លើការប្រឆាំងភេរវកម្ម ការងារមនុស្សធម៌ និងការងារសង្គ្រោះផងដែរ។
ចំពោះទីកន្លែងនិងកាលបរិច្ឆេទ៖ ទី១ សមយុទ្ធលើគោក និងអាកាស នៅវិទ្យាស្ថាននាយទាហាន ចម្រុះ និងសាលាហ្វឹកហ្វឺនតេជោសែនជុំគិរី ទី២ សមយុទ្ធលើសមុទ្រ និងអាកាស នៅមូលដ្ឋានសមុទ្ររាម មូលដ្ឋាមទ័ពអាកាសកងកេង និងតំបន់សមុទ្រ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៦។
ក្នុងអំឡុងពេលសមយុទ្ធ នឹងមានការប្រើប្រាស់គ្រាប់ពិត គ្រឿងយុទ្ធោបករណ៍ធុនធ្ងន់ បច្ចេកវិទ្យា ជ្រន (Drone) និងការចល័តកងទ័ពទាំងលើទឹក លើគោក និងលើអាកាស។ ជាមួយគ្នានេះ ក៏មានសកម្មភាព ការងារសង្គម និងមនុស្សធម៌នៅតាមបណ្តាមូលដ្ឋានក្បែរតំបន់សមយុទ្ធផងដែរ។
ដើម្បីឱ្យកិច្ចដំណើរការសមយុទ្ធខាងលើប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសុវត្ថិភាពខ្ពស់ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែតំបន់ សមយុទ្ធ មេត្តាជ្រាបជាព័ត៌មាន និងកុំមានការភិតភ័យចំពោះសកម្មភាពចល័តទ័ព ឬការប្រើប្រាស់គ្រាប់ពិត ក្នុងអំឡុងពេលហ្វឹកហ្វឺននេះ៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច