ព័ត៌មានទាន់ហេតុការណ៍៖

នាឱកាសបុណ្យអុំទូក! ពលរដ្ឋបន្តទៅទស្សនាពិព័រណ៍ «គ្រឿងអលង្ការ៖ រតនវត្ថុខ្មែរជាងពីរសហសវត្សរ៍» នៅសារមន្ទីរជាតិភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីទទួលបានការគាំទ្រច្រើនប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរអន្តរជាតិជាច្រើន កុះករ បានអញ្ជើញទៅទស្សនាពិព័រណ៍មិនអចិន្ត្រៃយ៍ «គ្រឿងអលង្ការ៖ រតនវត្ថុខ្មែរជាងពីរសហសវត្សរ៍» នៅ សារមនី្ទរជាតិ រាជធានីភ្នំពេញ ក្នុងអំឡុងពេលសម្រាកព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៦ ។ ខណៈ ពិព័រណ៍នេះត្រូវបានពន្យារពេលតាំងបង្ហាញរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។

អនុប្រធាននាយកដ្ឋានសារមនី្ទរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី អ៊ុន សុគន្ធាវី បានឱ្យដឹងថា គោលបំណងនៃការបើកសាលតាំងពិព័រណ៍នេះ ដើម្បីអបអរសាទរកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោកស្រីបានបន្តថា ដោយសារតែសង្កេតឃើញមានការចាប់អារម្មណ៍ខ្លាំងពីប្រជាពលរដ្ឋខ្មែរ ដែលបានសម្រុកមកទស្សនាជាបន្តបន្ទាប់ ទើបសារមន្ទីរជាតិបន្តបើកដំណើរការតាំងបង្ហាញពិព័រណ៍មិនអចិន្ត្រៃយ៍ «គ្រឿងអលង្ការ៖ រតនវត្ថុខ្មែរជាងពីរសហសវត្សរ៍» នេះជូនសាធារណជនទស្សនាជាបន្តទៀត។

លោកស្រី អ៊ុន សុគន្ធាវី បានបន្តថា កាលពីដើមឡើយ សារមន្ទីរជាតិបានកំណត់បិទសាលតាំងពិព័រណ៍មិនអចិន្ត្រៃយ៍នេះត្រឹមថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ។ ប៉ុន្តែដោយសារតែ លោកស្រី បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សង្កេតឃើញពីសន្ទុះនៃការចាប់អារម្មណ៍ និងការចូលទស្សនាយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋក្នុងស្រុក ទើបក្រសួងសម្រេចពន្យារពេលតាំងបង្ហាញបន្ថែមទៀត។

ចំណែកឯប្រជាពលរដ្ឋដែលអញ្ជើញមកពីតាមបណ្តារាជធានី-ខេត្ត ដើម្បីទស្សនាពិព័រណ៍នេះ បានលើកឡើងស្រដៀងៗគ្នាថា ពួកគាត់តែងតែឆ្លៀតពេលមកទស្សនាសារមន្ទីរជាតិជាប្រចាំ ក្នុងមួយឆ្នាំពី ២ ទៅ ៣ដង។ ជាពិសេស នៅពេលទទួលបានដំណឹងថា សារមន្ទីរជាតិមានការតាំងពិព័រណ៍មិនអចិន្ត្រៃយ៍ «គ្រឿងអលង្ការ៖ រតនវត្ថុខ្មែរជាងពីរសហសវត្សរ៍» ដែលរួមមានវត្ថុបុរាណទើបត្រូវបានបញ្ជូនត្រឡប់មកពីបណ្តាប្រទេសផ្សេងៗវិញនោះ ពួកគាត់ក៏ប្រញាប់ប្រញាល់នាំក្រុមគ្រួសារ និងបងប្អូនមកទស្សនាដោយផ្ទាល់ ព្រមទាំងមានអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង។

បន្ថែមពីនេះ លោកស្រី អ៊ុន សុគន្ធាវី ក៏បានបង្ហាញក្តីសោមនស្សរីករាយនៅពេលឃើញប្រជាពលរដ្ឋមកទស្សនាប្រកបដោយភាពពេញចិត្ត និងបានលើកទឹកចិត្តឱ្យបន្តបើកពិព័រណ៍នេះ ដើម្បីឲ្យសាធារណជនបានស្វែងយល់កាន់តែច្បាស់ពីគ្រឿងអលង្ការបុរាណខ្មែរ។ ទន្ទឹមនឹងនេះ ទាំងមន្ត្រីបម្រើការងារនៅសារមន្ទីរជាតិ ក៏ដូចជាថ្នាក់ដឹកនាំ ដែលមាន លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរ ផងនោះ ពិតជាមានការពេញចិត្ត និងរំភើបរីករាយយ៉ាងខ្លាំង ចំពោះការគាំទ្រ និងការចូលរួមទស្សនាយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋ លើសពីការរំពឹងទុក៕ដោយ ៖ តារា

រូបថត ៖BTV


ចែករំលែក៖