ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនជនរួមជាតិអំពីការគាំទ្រ និងលើកស្ទួយផលិតផលជាតិរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ

ចែករំលែក៖

ភ្នំពេញ ៖ ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ! ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនជនរួមជាតិអំពីការគាំទ្រ និងលើកស្ទួយផលិតផលជាតិរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ៖ 

«រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» នេះជាប្រធានបទនៃពិព័រណ៍ផលិតផលខ្មែរលើកទី៤ ដែលបានបើកធ្វើនៅកោះពេជ្រ រាជធានីភ្នំពេញ។ ប្រធានបទនេះឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល វិស័យឯកជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ក្នុងការគាំទ្រនិងលើកស្ទួយផលិតផលក្នុងស្រុកដែលជាស្នាដៃខ្មែរ។ រាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជន ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យមជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ» និងជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាលក្នុងការបង្កើតការងារ បង្កើនចំណូលគ្រួសារ លើកកម្ពស់ផលិតកម្ម និងតម្លៃបន្ថែមក្នុងស្រុក។ នេះជាប្រសាសន៍គូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងពិធីបើកពិព័រណ៍ផលិតផលខ្មែរ កាលពីថ្ងៃទី២១ ខែវិច្ឆិកា។

សម្តេចធិបតីបន្តថា «សហគ្រាសធុនមីក្រូ តូច និងមធ្យម មានខ្លួនតូច ប៉ុន្តែ មានតួនាទីធំក្នុងការពង្រឹងភាពរឹងមាំនៃសេដ្ឋកិច្ចគ្រួសារ, សេដ្ឋកិច្ចមូលដ្ឋាន និងសេដ្ឋកិច្ចជាតិទាំងមូល»។ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា ការពង្រឹងផលិតកម្មក្នុងស្រុក ត្រូវដើរទន្ទឹមគ្នានឹងការរក្សាបរិយាកាសពាណិជ្ជកម្មបើកចំហ និងការប្រកួតប្រជែងដោយស្មើភាព ដើម្បីឱ្យរោងចក្រ-សហគ្រាសកម្ពុជាអាចអភិវឌ្ឍខ្លួនជាប្រចាំ សំដៅចូលកាន់តែជ្រៅទៅក្នុងខ្សែច្រវាក់តម្លៃតំបន់ និងជាសកល។

ក្នុងអត្ថន័យនេះ ការគាំទ្រផលិតផលជាតិ មិនមែនត្រឹមតែជាការបង្ហាញនូវស្មារតីស្នេហាជាតិប៉ុណ្ណោះទេ ប៉ុន្តែ វាជាការបង្កើតឱ្យមានឱកាសទីផ្សារដំបូង និងការជំរុញលើកទឹកចិត្តដល់ផលិតករក្នុងស្រុកឱ្យសម្រេចបោះទុនវិនិយោគ, ឱ្យខិតខំផលិតឱ្យបានច្រើន និងពុះពារឈរជើងលើទីផ្សារពោរពេញទៅដោយការប្រកួតប្រជែង។ ទោះយ៉ាងណា សម្តេចធិបតីបានណែនាំដល់ម្ចាស់សហគ្រាសឱ្យរក្សាទីផ្សារឱ្យបានយូរអង្វែង ដោយត្រូវពឹងផ្អែកទាំងស្រុងលើគុណភាព សុវត្ថិភាព ស្ដង់ដា និងតម្លៃសមរម្យ។ ជារួម ការធានាឱ្យបាននូវគុណតម្លៃ និងទំនុកចិត្តលើផលិតផល គឺជាកត្តាជំរុញឱ្យមានការគាំទ្រ និងការជ្រើសរើសប្រើប្រាស់ជាប្រចាំពីសំណាក់សាធារណជន។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានប្រាប់សហគ្រិនក្នុងស្រុកថា រាជរដ្ឋាភិបាលកំពុងប្រឹងប្រែងកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ ជាពិសេស ប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យម ដោយបានសិក្សានិងគ្រោងដាក់ចេញនូវ៖ ទី១. អនុក្រឹត្យស្ដីពីការគ្រប់គ្រងវដ្ដនៃអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម ដើម្បីជួយសម្រួលដល់ដំណើរការគ្រប់គ្រងអាជីវកម្ម តាំងពីដំណាក់កាលចាប់ផ្ដើម រហូតដល់ដំណាក់កាលបិទបញ្ចប់អាជីវកម្ម និងទី២. អនុក្រឹត្យស្ដីពីការលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីជួយពួកគេឱ្យអាចងើបឡើង ឈរជើងបាន និងដើរបានលឿន តាមរយៈយន្តការលើកទឹកចិត្ត ទាំងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ទាំងដោយផ្ទាល់និងដោយប្រយោល។ 

ជាមួយនេះ រាជរដ្ឋាភិបាលក៏បានបង្កើតអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យមសម្រាប់ដោះស្រាយជាប្រព័ន្ធនូវបញ្ហាប្រឈមជារចនាសម្ព័ន្ធ ប្រកបដោយតម្លាភាព, ការទទួលខុសត្រូវខ្ពស់ និងមានភាពប្រាកដនិយមបំផុត។ សម្ដេចប្រមុខរាជរដ្ឋាភិបាល ចង់ឃើញផលិតផលដែលដាក់លក់ក្នុងទីផ្សារកម្ពុជា មានផលិតផលក្នុងប្រទេស៨០% និងផលិតផលនាំចូលពីក្រៅប្រទេសតែ២០% ប៉ុណ្ណោះ។ ហេតុនេះ, វិស័យឯកជន ត្រូវចូលរួមពង្រឹងខ្លួនឯង ដើម្បីផលិតនូវផលិតផលដែលមានគុណភាពល្អ ដើម្បីធានាបាននូវការប្រកួតប្រជែងក្នុងទីផ្សារ។ សម្តេចធិបតី ក៏បានបង្ហើបថា នៅពេលអនាគត រាជរដ្ឋាភិបាលនឹងកំណត់ប្រភេទអាជីវកម្មសម្រាប់តែផលិតផលនៅក្នុងស្រុក និងមានវិនិយោគិនជាជនជាតិខ្មែរតែម្ដង។ ក្នុងន័យនេះ, សម្តេចបានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តគាំទ្រផលិតផលខ្មែរ ដោយការស្រឡាញ់ផលិតផលខ្មែរ ហើយត្រូវស្រឡាញ់រហូតដើម្បីចូលរួមពង្រឹងគុណភាពផលិតផលខ្មែរ។

សូមបញ្ជាក់ថា យុទ្ធសាស្ត្រជាតិស្ដីពី «ការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ នេះជាគោលនយោបាយថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយអាជីវកម្មនិងផលិតកម្មក្នុងស្រុក ជាពិសេស ការគាំពារដល់ប្រជាពលរដ្ឋ និងអាជីវករខ្មែរ ដែលប្រកបមុខរបរតូចតាចនិងមធ្យម។

យោងតាមជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ កម្ពុជាមានអង្គភាពសេដ្ឋកិច្ច ដែលអាចចាត់ទុកថា ជា MSMEs សរុបចំនួន ៧៥ម៉ឺន ដែលប្រើប្រាស់កម្លាំងពលកម្មសរុបប្រមាណ ៣លាននាក់ ក្នុងនោះភាគច្រើនជាស្រ្តី។ សហគ្រាសធុនមីក្រូ តូច និងមធ្យម បានរួមចំណែកប្រមាណ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងផ្ដល់ការងារលើសពី ៧០% (ដោយមិនរាប់បញ្ចូលវិស័យកសិកម្ម)៕

ដោយ ៖ សិលា


ចែករំលែក៖