ខេត្តព្រះវិហារ៖ ជនបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្សស្លាប់ ៣ នាក់ (ម្តាយ និងកូន) ដែលកើតឡើងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅឃុំរមទម្យ ស្រុករវៀង ខេត្តព្រះវិហារ នោះ ពេលនេះត្រូវបានកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ចាប់ខ្លួនបានហើយ។
ការចាប់ខ្លួនជនបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្ស ៣ នាក់ស្លាប់នោះ សមត្ថកិច្ចបានធ្វើឡើងតាមដីកាបញ្ជាឱ្យចូលខ្លួន លេខ ៩១៨.អ.យ.ក ពីអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ទើបកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការចាប់ខ្លួនបាននៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ និងបញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងខេត្តព្រះវិហារ ហើយចៅក្រមស៊ើបសួរបានចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្នតាមនីតិវិធីច្បាប់។
ជនសង្ស័យដែលបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្ស ៣ នាក់ (ម្តាយ និងកូន ២ នាក់) ស្លាប់បាត់បង់ជីវិត ហើយត្រូវសមត្ថកិច្ចចាប់ខ្លួនបាននោះ មានឈ្មោះ ឆៃហ៊ា លីហេង ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិប្រយ៉ាប ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បើកបររថយន្តម៉ាក Toyota Hilux ពណ៌ស ពាក់ស្លាកលេខ IO4751 បានទៅបុកម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ 1AM.6995 បើកបរដោយឈ្មោះ នុន សុនីកា ភេទស្រី អាយុ ៣០ ឆ្នាំ ត្រូវជាម្តាយ រួមដំណើរជាមួយកូន ២ នាក់ទៀត ទី១. ឈ្មោះ សុខុម សុនីតា ភេទស្រី អាយុ ៩ ឆ្នាំ និងទី២. ឈ្មោះ សុខុម រាជនី ភេទស្រី អាយុ ២ ឆ្នាំ បណ្តាលឱ្យស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុទាំង ៣ នាក់ម្តាយ និងកូន។
គួរបញ្ជាក់ផងដែរថា ក្រុមគ្រួសារជនរងគ្រោះខាងលើនេះ មានទីលំនៅក្នុងភូមិបុះពៃ ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ។ ចំណែកឯជនបង្ក ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្នរួចរាល់ហើយ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ៖ ជីវ័ន្ដ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច