ព័ត៌មានទាន់ហេតុការណ៍៖

អ្នកសិក្សាស្រាវជ្រាវ ៖ កិច្ចព្រមព្រៀងបង្កើតបណ្តាញតាមដានរញ្ជួយដីកម្ពុជា-ចិនឆ្លុះបញ្ចាំងពីកម្រិតទំនុកចិត្ត និងភាពជាដៃគូយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ

ចែករំលែក៖

ភ្នំពេញ ៖ កម្ពុជា និងចិន បានចុះកិច្ចព្រមព្រៀងបង្កើតបណ្តាញតាមដានរញ្ជួយដី។ ការណ៍នេះ ត្រូវបាន បណ្ឌិត ជា​ មុនីឫទ្ធិអ្នកតាមដានសង្គម បង្ហាញការយល់ឃើញថា ឆ្លុះបញ្ចាំងពីកម្រិតទំនុកចិត្ត និងភាពជាដៃគូយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅរវាងកម្ពុជា និងចិន។

«នាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពលនៃប្រទេសកម្ពុជា និងទីភ្នាក់ងាររញ្ជួយដីខេត្តក្វាងទុង (Guangdong Earthquake Agency) បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ស្តីពីការបង្កើតបណ្តាញតាមដាន និងត្រួតពិនិត្យសកម្មភាពរញ្ជួយដីនៅក្នុងប្រទេសកម្ពុជា។ ជាជំហានដំបូង នៅក្នុងឆ្នាំ២០២៧ យើងនឹងតម្លើងអោយបាន៥ទីតាំង (រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តរតនគីរី)»។ នេះបើតាមឲ្យដឹងពីសំណាក់ លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នាពេលថ្មីៗនេះ។

ប្រាប់នៅថ្ងៃទី២៥ ខែវិច្ឆិកានេះ លោកបណ្ឌិត ជា​ មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន យល់ឃើញថា «សម្រាប់ ខ្ញុំ យល់ថា គម្រោងនេះមិនត្រឹមតែជាកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស និងវិទ្យាសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីកម្រិតទំនុកចិត្ត និងភាពជាដៃគូយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅរវាងកម្ពុជា និងចិន។ ការណ៍ដែលប្រទេសចិនមានឆន្ទៈផ្តល់បច្ចេកវិទ្យា និងបទពិសោធន៍ក្នុងការតាមដានរញ្ជួយដី បង្ហាញថា កិច្ចសហប្រតិបត្តិការកម្ពុជា–ចិនកំពុងពង្រីកទៅកាន់វិស័យថ្មីៗ ដែលពាក់ព័ន្ធដោយផ្ទាល់នឹងសុវត្ថិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេស»។

លោកបណ្ឌិត ជា​ មុនីឫទ្ធិ បន្តថា «សម្រាប់កម្ពុជា ខ្ញុំ យល់ថា គម្រោង នេះពិតជានឹងជួយពង្រឹងសមត្ថភាពរបស់ស្ថាប័នជាតិ ក្នុងការប្រមូលទិន្នន័យ វិភាគហានិភ័យ និងឆ្លើយតបបានទាន់ពេលចំពោះគ្រោះមហន្តរាយ។ ក្នុងន័យនេះ គម្រោងដ៏មានសក្តានុពលនេះនឹងបង្ហាញពីការបន្តអនុវត្តភាពជាដៃគូកម្ពុជា–ចិនលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ការចែករំលែកបទពិសោធន៍ និងផលប្រយោជន៍រួម។ ការដាក់ទីតាំងតាមដានចំនួន ៥ ក្នុងដំណាក់កាលដំបូង នឹងអាចក្លាយជាមូលដ្ឋានសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការគ្រប់គ្រងគ្រោះមហន្តរាយរវាងប្រទេសយើងទាំងពីរដោយផ្តើមពីពេលនេះ»៕

ប្រភព ៖ (CCFR) 


ចែករំលែក៖