ខេត្តកំពង់ឆ្នាំង៖ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កង កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង សហការជាមួយមន្ត្រីជំនាញជលផល បានបន្តប្រតិបត្តិការចុះល្បាត ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ប្រើប្រាស់របាំងបិទព្រែក ក្នុងភូមិសាស្ត្រភូមិកំពង់ប្រសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ប្រតិបត្តិការនេះ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ី រស្មីចន្នី មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដោយប្រើប្រាស់កម្លាំងចំនួន ៧នាក់ និងមធ្យោបាយទូកបាឡាចំនួន ២គ្រឿង សហការជាមួយមន្ត្រីជំនាញជលផល។
ជាលទ្ធផលនៃប្រតិបត្តិការ៖
– បង្ក្រាប និងដុតកម្ទេចរបាំងនេសាទភ្ជិតព្រែក ចំនួន ៤ទីតាំង។
– ដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ប្រភេទលបព្រួល ចំនួន ៦០លប។
– ចាក់លែងត្រីចូលក្នុងដែនទឹកធម្មជាតិវិញ ចំនួន ៥០គីឡូក្រាម។
ការបន្តប្រតិបត្តិការចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនាពេលនេះ មានសារៈសំខាន់ជាពិសេសក្នុងរដូវទឹកស្រក ដែលធនធានមច្ឆជាតិងាយរងផលប៉ះពាល់ពីការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់។
ការបង្ក្រាបបទល្មើសនេសាទ មិនត្រឹមតែជាការពង្រឹងការអនុវត្តច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរួមចំណែកថែរក្សា ការពារ និងស្តារធនធានមច្ឆជាតិ អភិរក្សជីវៈចម្រុះ រក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប ព្រមទាំងធានានិរន្តរភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋសម្រាប់បច្ចុប្បន្ន និងកូនចៅជំនាន់ក្រោយ។
រួមគ្នាការពារបឹងទន្លេសាប អភិរក្សធនធានមច្ឆជាតិ ជីវចម្រុះ ដើម្បីអនាគតប្រកបដោយចីរភាព៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច