ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា មានប្រសាសន៍បញ្ជាក់ថា សមយុទ្ធ «នាគមាស-២០២៦» គឺជាសមយុទ្ធទ្វេភាគីលើកទី៨ ដែលត្រូវបានពង្រីកវិសាលភាពហ្វឹកហ្វឺនលើគ្រប់វិស័យ ទាំងជើងទឹក ជើងអាកាស និងជើងគោក។
ការគូសបញ្ជាក់បែបនេះរបស់លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីជាមួយ លោកឧត្តមនាវីទោ LIU SUMIN (លីវ ស៊ូមីន) មេបញ្ជាការមូលដ្ឋានកងទ័ពជើងទឹកទីក្រុងក្វាងចូវ នៃកងទ័ពរំដោះប្រជាជនចិន ក្នុងពិធីបើកសមយុទ្ធ «នាគមាស-២០២៦» ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្ម និងចោរសមុទ្ររួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» នៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ។
លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានថ្លែងថា សមយុទ្ធ «នាគមាស-២០២៦» គឺជាសមយុទ្ធទ្វេភាគីលើកទី៨ ដែលត្រូវបានពង្រីកវិសាលភាពហ្វឹកហ្វឺនលើគ្រប់វិស័យ (ជើងទឹក ជើងអាកាស និងជើងគោក) ដោយប្រើប្រាស់យុទ្ធោបករណ៍បច្ចេកវិទ្យាយោធាទំនើបៗ ដូចជា នាវាចម្បាំង ឧទ្ធម្ភាគចក្រ រថពាសដែក កាំភ្លើងធំ ប្រព័ន្ធបញ្ជាការទំនើប និងយន្តហោះគ្មានមនុស្សបើក (ដ្រូន) ដោយឈរលើគោលការណ៍តម្លាភាព ស្មើភាព គោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក និងស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយពុំមានគោលបំណងគំរាមកំហែង ឬបង្កការប៉ះពាល់ដល់ប្រទេសទីបីណាមួយឡើយ ផ្ទុយទៅវិញ គឺជាការរួមចំណែកពង្រឹងសន្តិសុខរួម ការជួយសង្គ្រោះមនុស្សធម៌ និងការពូនជ្រំចំណងមិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រ កម្ពុជា-ចិន ឱ្យកាន់តែរឹងមាំថែមទៀត។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានជូនពរឱ្យដំណើរការសមយុទ្ធ «នាគមាស-២០២៦» ទទួលបានជោគជ័យត្រចះត្រចង់ និងជូនពរបងប្អូនជនរួមជាតិទាំងអស់ ប្រកបដោយសេចក្តីសុខ សុវត្ថិភាព និងភាពរីករាយ ក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃនេះផងដែរ។
សមយុទ្ធ «នាគមាសឆ្នាំ២០២៦» ជាសមយុទ្ធលើកទី៨ ហើយរវាងកងទ័ពកម្ពុជា និងចិន ។ សមយុទ្ធលើកនេះធ្វើឡើងមានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៦។
ការធ្វើសមយុទ្ធ «នាគមាសឆ្នាំ២០២៦» មានទាំងលើគោក សមុទ្រ និងលើអាកាស ហើយមានទ្រង់ទ្រាយធំជាងសមយុទ្ធ៧លើកកន្លងទៅ ទាំងកម្លាំងយោធានៃប្រទេសទាំងពីរ ក៏ដូចជាការប្រើយោទ្ធោបករណ៍។ កម្លាំងយោធា ដែលចូលរួមធ្វើសមយុទ្ធមានចំនួនប្រមាណជិត ៣ពាន់នាក់ ក្នុងនោះកម្ពុជា មានជាង ១៦០០ នាក់ ខាងចិន មានជាង ១៣០០ នាក់។ ដោយឡែកយោទ្ធោបករណ៍វិញ មាននាវាចម្បាំង យន្តហោះ ដ្រូន រថក្រោះប្រយុទ្ធធុនធ្ងន់ រថពាសដែក និងរថយន្តយោធាជាដើម៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច