ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំកំពូល ACMECS និង CLMV នៅវៀតណាម ចាប់ពីថ្ងៃទី២៧-២៩ ខែវិច្ឆិកា

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១១ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ- មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២ ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦។ 

ដំណើរចូលរួមនេះធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោក មីន អោងឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ គណៈប្រតិភូកម្ពុជាមានការអមដំណើរដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ,ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌,បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងរដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់ តំណាងសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា។

សម្រាប់កិច្ចប្រជុំកំពូល ACMECS លើកទី១១ ដែលរៀបចំឡើងក្រោមមូលបទ «ការពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឆ្ពោះទៅរកអេកម៉ិកដែលមានភាពឆ្លាតវៃ និងចីរភាព» នឹងផ្តោតលើការពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការកន្លងមក និងស្វែងរកវិធានការថ្មីៗ ដើម្បីជំរុញការតភ្ជាប់ក្នុងតំបន់ នវានុវត្តន៍ ព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។ 

ចំណែកកិច្ចប្រជុំកំពូល CLMV លើកទី១២ ក្រោមមូលបទ «ការតភ្ជាប់តំបន់ CLMV ការទាញយកសក្តានុពល និងការកសាងអនាគតប្រកបដោយវិបុលភាព» នឹងពិនិត្យសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ និងកំណត់ទិសដៅអនាគត ដោយផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ការតភ្ជាប់ក្នុងអនុតំបន់ និងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងបួន។ ជាមួយគ្នានេះ កិច្ចប្រជុំនឹងមានពិធីផ្ទេរតំណែងប្រធានកិច្ចប្រជុំកំពូល CLMV ពីប្រទេសវៀតណាមមកប្រទេសកម្ពុជាផងដែរ។

ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលទាំងពីរ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏គ្រោងនឹងជួបទ្វេភាគីជាមួយសមភាគី ដើម្បីពិភាក្សាអំពីការពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជាជាមួយប្រទេសដៃគូឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលមាន ផលប្រយោជន៍ទៅវិញទៅមក។ ការចូលរួមកិច្ចប្រជុំកំពូលទាំងនេះ គឺជាឱកាសសម្រាប់កម្ពុជាក្នុងការចូល រួមពិភាក្សា ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងជំរុញការអភិវឌ្ឍរួមរវាងប្រទេសសមាជិក៕

ដោយ៖ សូរិយា


ចែករំលែក៖