ព័ត៌មានទាន់ហេតុការណ៍៖

Ramon Sosa ស៊ុតគ្រាប់ជ័យជម្នះ ជួយ Palmeiras លើកពាន Copa Libertadores ជាលើកទី៣ ក្នុងរយៈពេល ៧ឆ្នាំ

ចែករំលែក៖

ខ្សែប្រយុទ្ធ Ramon Sosa បានស៊ុតបញ្ចូលទីតែមួយគ្រាប់គត់ ជួយក្រុម Palmeiras របស់ប្រេស៊ីល យកឈ្នះក្រុម Estudiantes របស់អាហ្សង់ទីន ដើម្បីគ្រងជើងឯកពានរង្វាន់ Copa Libertadores ជាលើកទី៣ ក្នុងរយៈពេល ៧ឆ្នាំ។

អតីតខ្សែប្រយុទ្ធក្លិប Nottingham Forest រូបនេះ បានស៊ុតបាល់បញ្ចូលទីពីចម្ងាយជិត បន្ទាប់ពីទទួលបានបាល់បញ្ជូនបន្តយ៉ាងល្អពីអតីតខ្សែបម្រើស្លាបក្លិប Wolves កីឡាករ Jhon Arias ក្នុងការប្រកួតដែលធ្វើឡើងនៅទីក្រុង Montevideo ប្រទេសអ៊ុយរូហ្គាយ។

គួរឱ្យកត់សម្គាល់ នេះគឺជាឆ្នាំទី៨ជាប់ៗគ្នា ដែលក្រុមមកពីប្រទេសប្រេស៊ីលបានឈ្នះពានរង្វាន់បាល់ទាត់ក្លិបដ៏មានកិត្យានុភាពបំផុតប្រចាំទ្វីបអាមេរិកខាងត្បូងមួយនេះ។

ទោះបីជាយ៉ាងណា Estudiantes ក៏មានឱកាសជាច្រើនក្នុងការតាមស្មើលទ្ធផលផងដែរ។ ក្នុងនោះ Guido Carrillo អតីតខ្សែប្រយុទ្ធក្លិប Southampton បានព្យាយាមស៊ុតបាល់បែប Bicycle Kick ប៉ុន្តែត្រូវបានសង្គ្រោះដោយអ្នកចាំទី Carlos Miguel ដែលជាអតីតអ្នកចាំទីរបស់ Nottingham Forest។

សម្រាប់ក្រុម Estudiantes នេះជាការខកខានឱកាសលើកពាន Copa Libertadores ជាថ្មី ខណៈដែលពួកគេបានឈ្នះពាននេះចុងក្រោយកាលពីឆ្នាំ២០០៩ ដោយមានលោក Juan Sebastian Veron ដែលបច្ចុប្បន្នជាប្រធានក្លិប ធ្វើជាប្រធានក្រុមនៅពេលនោះ។

ចំណែកក្រុម Palmeiras ក្រោមការដឹកនាំរបស់លោក Abel Ferreira បន្ទាប់ពីបានចាញ់ក្រុម Flamengo ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីរដូវកាលមុន នឹងត្រូវប្រកួតជាមួយក្រុម Gremio ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Brazilian Cup នៅចុងសប្តាហ៍ក្រោយ។

គួរបញ្ជាក់ថា ខ្សែប្រយុទ្ធសញ្ជាតិប៉ារ៉ាហ្គាយ Ramon Sosa វ័យ ២៧ឆ្នាំ ធ្លាប់ចូលរួមជាមួយក្លិប Nottingham Forest ក្នុងរដូវកាល ២០២៤-២០២៥ ដោយបង្ហាញខ្លួនសរុប ២៣ប្រកួត និងស៊ុតបញ្ចូលទីបាន ៣គ្រាប់ ប៉ុន្តែរូបគេបានចាប់ផ្តើមជាជម្រើសដំបូងត្រឹមតែមួយប្រកួតប៉ុណ្ណោះក្នុងក្របខ័ណ្ឌ Premier League៕

ដោយ៖ ភារៈ


ចែករំលែក៖