ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូទៅមើលស្រែក៏បណ្តាលឱ្យដួល ផ្លោងចូលទឹកប្រឡាយលូស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តបាត់ដំបង៖ បុរសម្នាក់ចេញពីហូបការសង្ស័យមិនទាន់ស្វាងស្រាផងបានជិះម៉ូតូទៅមើលស្រែក៏បណ្តាលឱ្យដួល ផ្លោងចូលទឹកប្រឡាយលូស្លាប់យ៉ាងអាណោចអាធ័មបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៥និង០០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិកូនសេក សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។

ប្រភពកន្លែងកើតហេតុបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ហៀង គឹមសាន ភេទប្រុស អាយុ៤៣ឆ្មាំ រស់នៅភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ជនរងគ្រោះបានចូលរួមហូបការជួបជុំបងប្អូនធម្មតា ។ លុះពេលត្រឡប់ទៅផ្ទះវិញ នៅវេលាម៉ោងប្រហែលជាង ២៣ ថ្ងៃខែដដែល ជនរងគ្រោះក៏ជិៈម៉ូតូម៉ាកហុងដាឌ្រីមពណ៌ក្រហម១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1C-3038 ទៅមើលស្រែបើទោះបីជាប្រពន្ធឃាត់ក៏មិនស្តាប់ លុះព្រឹកឡេីងមានគេមកប្រាប់ថាប្តីស្លាប់បាត់ហេីយ សង្ស័យជិះម៉ូតូដួលផ្លោងចូលក្នុងទឹកប្រឡាយលូបណ្តាលឱ្យឈ្លក់ទឹកស្លាប់។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យនិងកោសល្យវិច័យ រួចបានសន្និដ្ឋានថា សាកសពជនរងគ្រោះពិតជាបានជិះម៉ូតូដួលផ្លោងចូលប្រឡាយទឹកបណ្តាលអោយស្លាប់ពិតប្រាកដមែន។ បន្ទាប់មកបានធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

ដោយ៖ សុរិយា


ចែករំលែក៖