កីឡាករ Angel Di Mariaខ្សែបម្រើប្រយុទ្ធរបស់ក្លិប Paris Saint-Germainត្រូវបានតុលាការផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ក្រោយពីគាត់សារភាពថាពិតជាបានបន្លំពន្ធមែន។
ខ្សែបម្រើវ័យ២៩ឆ្នាំរូបនេះ ត្រូវចោទប្រកាន់បទល្មើស២ករណី អំឡុងពេលគេរស់នៅ Real Madrid។ តាមចម្លើយសារភាព របស់ Di Maria ឲ្យដឹងថាគាត់បានបន្លំប្រាក់រដ្ឋាភិបាលអេស្ប៉ាញចំនួន១,១៤លានផោន គ្រាដែលលេងនៅកីឡដ្ឋាន Bernabeu ៤ឆ្នាំពីឆ្នាំ ២០១០-២០១៤។
អតីតកីឡាករ Man Utd រូបនេះបន្តថា ក្នុងការចោទប្រកាន់រូបគេទាំងពីរករណីនេះគឺ គេត្រូវជាប់ពន្ធនាគារ៦ខែក្នុងមួយករណី និងបង់ប្រាក់១,៧៦លានផោន។ ទោះបីជាមានការកាត់ទោសបែបនេះមែន ប៉ុន្តែកីឡាករអាហ្សង់ទីននេះប្រហែលជាអាចនៅក្រៅឃុំ ដោយសារច្បាប់នៅប្រទេសអេស្ប៉ាញ ប្រសិនបើបទល្មើសជាប់ពន្ធនាគារក្រោម២ឆ្នាំនិងមិនមែនជាទោសព្រហ្មទណ្ឌ អាចតវ៉ានៅក្រៅឃុំបាន។
គួររំលឹកថា លោក José Mourinhoអតីតអ្នកចាត់ការទូទៅក្លិបReal Madrid និងកីឡាករ Cristiano Ronaldo ក៏ត្រូវបានចោទប្រកាន់ពីការបន្លំពន្ធដែរ ប៉ុន្តែពួកគេបានច្រានចោលការចោទប្រកាន់នេះ៕ ដេវីត