ព័ត៌មានទាន់ហេតុការណ៍៖

បាតុកម្មប្រឆាំងG 20 នៅអាល្លឺម៉ង់ប៉ូលិស១៥៩នាក់រងរបួស

ចែករំលែក៖

បាតុកម្មប្រឆាំងកិច្ចប្រជុំ G-20 នៅទីក្រុង Hamberg ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី៧ ខែកក្កដា ពេលកិច្ចប្រជុំចាប់ផ្តើម។

ស្ថានភាពនៅទីក្រុង Hamberg ប្រទេសអាល្លឺម៉ង់ នាពេលនេះស្ថិតនៅសភាពចលាចល ក្នុងពេលដែលក្រុមបាតុករអង្គុយបិទផ្លូវជាច្រើនកន្លែងក្នុងទីក្រុងនេះនាថ្ងៃទី៧ ខែកក្កដា។ ប៉ូលិសបានបញ្ចុះបញ្ចូលក្រុមបាតុករឲ្យបំបែកហ្វូងតែមិនទទួលបានជោគជ័យបង្ខំឲ្យប៉ូលិសត្រូវប្រើប្រាស់ឧស្ម័នបង្ហូទឹកភ្នែក និងបាញ់ទឹកដើម្បីបើកផ្លូវចរាចរណ៍ដ៏សំខាន់នៅទីនោះ។

ប៉ូលិសទាហានជាង២មឺុននាក់បានដាក់ពង្រាយការពារសន្តិសុខ ប៉ុន្តែនៅតែមិនទាន់គ្រាប់គ្រាន់ក្នុងការធានាសន្តិសុខឡើយ។ រដ្ឋាភិបាលបានបញ្ជូនកម្លាំងប៉ូលិសបន្ថែមពីទីក្រុង Beerlin និងទីក្រុង Baden Wurttemberg ទាំងយប់ទៅជួយការពារសន្តិសុខ។

ក្រុមបាតុករបានវាយប្រហារទៅលើកម្លាំងប៉ូលិសដោយប្រើប្រាស់កាំជ្រួចផ្កាភ្លើង។ ក្រៅពីនេះនៅមានរថយន្តប៉ូលិសជាច្រើនគ្រឿងត្រូវបានបាតុករដុតបំផ្លាញនៅជាយក្រុង Hamberg មិនត្រឹមតែប៉ុណ្ណោះក្រុមបាតុករក៏បានវាយប្រហារទៅលើក្បួនរថយន្តមន្ត្រីការបរទេសរបស់ប្រទេសផ្សេងទៀតពេលបង្ហាញខ្លួននៅទីនោះ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ប៉ូលិសបានប្រើប្រាស់ឧស្ម័នបង្ហូទឹកភ្នែកទៅលើហ្វូងបាតុករដែលមានចេតនាបំផ្លាញទ្រព្យសម្បត្តិសាធារណ។ ការប៉ះទង្គិចគារវាងប៉ូលិស និងក្រុមបាតុករបណ្តាលឲ្យបាតុករ៤៥នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥៩នាក់រងរបួស។

តាមការវាយតម្លៃបាតុកម្មនៅទីក្រុង Hamburg បានទាក់ទាញមនុស្សប្រមាណ១សែននាក់ចូលរួម។ កន្លងមករាល់កិច្ចប្រជុំ G-20 តែងតែធ្វើឡើងនៅក្នុងតំបន់ដាច់ស្រយាល ប៉ុន្តែដោយសារតែតម្រូវការស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធអាល្លឺម៉ង់បានសម្រេចជ្រើសរើសទីក្រុង Hamberg ធ្វើជាទីកន្លែងសម្រាប់កិច្ចប្រចុំកំពូលមួយនេះ៕ ម៉ែវ សាធី


ចែករំលែក៖