ការដឹកនាំរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា របស់គណបក្ស សង្គមប្រជាធិបតេយ្យរបស់លោកស្រីអ៊ុងសាន សូ៊ជី ពេលនេះបានទទួលរងការិះគន់យ៉ាងខ្លាំងពីពលរដ្ឋអ្នកកាន់ សាសនាអ៊ិស្លាម នៅជុំវិញពិភពលោក ដោយសារតែអំពើហិង្សាកើនខ្លាំងឡើង នៅក្នុងរដ្ឋរ៉ាឃីន ដែលមានក្រុមជនជាតិ រ៉ូហ៊ីងយ៉ារស់នៅ។ការស្លាប់ និងភៀស ការរត់ខ្លួនចោលផ្ទះសម្បែង នោះជាលទ្ធ ផលនៃការដឹកនាំ របស់ម្ចាស់ពាន់រង្វាន់ណូប៊ែលសន្តិភាព។
នៅក្នុងកិច្ចប្រជុំ របស់ក្រុមប្រឹក្សាសិទ្ធិ មនុស្ស នៃអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី១១ ខែកញ្ញាកន្លង មក បានធ្វើការថ្កោលទោសដល់រដ្ឋាភិបាល មីយ៉ាន់ម៉ាដែលមិនអនុញ្ញាតឲ្យក្រុមស៊ើបអង្កេតចុះទៅវាយតម្លៃស្ថានការណ៍ក្នុង ស្រុក ហើយស្ថានភាពបច្ចុប្បន្ននេះគឺជា ឧទាហរណ៍បញ្ជាក់ពីការបោសសម្អាត ជន ជាតិភាគតិចរបស់មីយ៉ាន់ម៉ា។ បច្ចុប្បន្នមានជនជាតិរ៉ូហីុងយ៉ាជាង៣សែននាក់បានភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដេស។
តាំងពីដើមមករដ្ឋាភិបាលមីយ៉ាន់ម៉ា មិនទទួលស្គាល់ក្រុមជនជាតិ រ៉ូហ៊ីងយ៉ា ជាជនអន្តោប្រវេសន៍ស្របច្បាប់ នៅក្នុង ប្រទេសរបស់ខ្លួនឡើយ ដោយរដ្ឋាភិបាល ចាត់ទុកថា ជាក្រុម ជនជាតិអ៊ិស្លាម មកពី ប្រទេសបង់ក្លាដេស មករស់នៅក្នុងព្រំដែន មីយ៉ាន់ម៉ា តកូនតចៅ ហើយទាមទារសិទ្ធិ រស់នៅទីនោះតែម្តង។
គិតតាំងពីថ្ងៃ ទី២៥ ខែសីហាមក ប្រជាជនរ៉ូហ៊ីងយ៉ាដែលគេចពីអំពើហិង្សានៅមីយ៉ាន់ម៉ា ភៀសខ្លួនទៅដល់បង់ក្លាដេស បានកើនដល់៣សែន១ម៉ឺន៣ពាន់នាក់ ហើយ។ នេះបើយោងតាមឧត្តមស្នងការ ទទួលបន្ទុកជនភៀសខ្លួននៃអង្គការ សហ ប្រជាជាតិ ប្រាប់សារព័ត៌មានបារាំង AFP។ ប៉ុន្តែកាលពីថ្ងៃអាទិត្យ តួលេខនេះមិនទាន់ឡើងដល់ខ្ទង់៣សែននាក់ទេ គឺ នៅត្រឹម២សែន៩ម៉ឺន៤ពាន់នាក់។
ថ្ងៃចន្ទ ទី១១ ខែកញ្ញានេះ ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកZeid Ra’ad Al Hussein បានចោទ មីយ៉ាន់ម៉ាថា មិនព្រមឲ្យក្រុមស៊ើបអង្កេតបានចុះទៅមើលស្ថានការណ៍ក្នុងស្រុក ធ្វើឲ្យពិបាកវាយតម្លៃស្ថានការណ៍បានពេញលេញ។ លោកអាល់ ហ៊ូសសេន លើក ឡើងទៀតថា អង្គការសហប្រជាជាតិទទួលបានរបាយការណ៍និងរូបភាពពីផ្កាយរណបជាច្រើន បង្ហាញថា កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបាននាំគ្នាដុតផ្ទះសម្បែងជនជាតិ រ៉ូហ៊ីងយ៉ា មានទាំងព័ត៌មានបញ្ជាក់ពីការ បាញ់រះទៅលើជនស៊ីវិល ដែលកំពុងរត់ គេចខ្លួនទៀតផង។ ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានទាមទារឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាបិទបញ្ចប់ប្រតិបត្តិការយោធាបែប ព្រៃផ្សៃ បិទបញ្ចប់ការរើសអើងទូទៅប្រឆាំងជនជាតិរ៉ូហ៊ីងយ៉ា។ សម្តេច សង្ឃដាឡៃ ឡាម៉ា ដែលជាជ័យលាភីណូបែលសន្តិភាពដូចលោកស្រីអ៊ុងសាន ស៊ូជី ដែរ បានអំពាវនាវឲ្យលោកស្រីស៊ូជី ស្វែង រកដំណោះស្រាយសម្រាប់ប្រជាជនរ៉ូហ៊ីងយ៉ា។
បញ្ហាចំណាកស្រុក ជនជាតិរ៉ូហ៊ីងយ៉ា ពេលនេះ កើតឡើងក្រោយក្រុមឧទ្ទាមរ៉ូហ៊ីងយ៉ា បានវាយប្រហារលើប៉ូលិសមីយ៉ាន់ម៉ា កាលពីចុងខែសីហា។ អំពើហិង្សាបង្ក្រាប របស់កងទ័ពបានធ្វើឲ្យមានមនុស្សស្លាប់ យ៉ាងហោចណាស់ក៏៥០០នាក់ដែរ ភាគ ច្រើនជាជនជាតិរ៉ូហ៊ីងយ៉ា។ កាលពីថ្ងៃ អាទិត្យ ក្រុមឧទ្ទាមបានប្រកាសបទឈប់បាញ់ជាឯកតោភាគីសម្រាប់រយៈពេល មួយខែ ប៉ុន្តែ រដ្ឋាភិបាលលោកស្រីស៊ូជី បានឆ្លើយតបទៅក្រុមឧទ្ទាមថា រដ្ឋាភិបាលមិនចរចាជាមួយក្រុមភេរវជនទេ។
ពេលនេះ សហគមន៍អន្តរជាតិកំពុង រិះគន់ថា លោកស្រីស៊ូជី សំងំស្ងៀមមិនដោះស្រាយបញ្ហាជនជាតិរ៉ូហ៊ីងយ៉ាឡើយ។ រដ្ឋាភិបាលលោកស្រីស៊ូជី បានត្រឹមតែ ប្រាប់ថា កាលពីល្ងាចថ្ងៃអាទិត្យកន្លងទៅ រដ្ឋាភិបាលបានបញ្ជូនប៉ូលិសទៅធ្វើអន្តរាគមន៍បំបែកក្រុមមនុស្ស៤០០នាក់ ដែលនាំគ្នាចោលដុំថ្មទៅលើហាងលក់សាច់របស់ជនជាតិរ៉ូហ៊ីងយ៉ា។
អំពើហិង្សា នៅប្រទេសមីយ៉ាន់ម៉ានិងការមិនយកចិត្តទុកដាក់របស់រដ្ឋាភិបាល មីយ៉ាន់ម៉ាទៅលើក្រុមជនជាតិភាគតិច បង្កឲ្យមានការធ្វើបាតុកម្មប្រឆាំង នៅប្រទេស កាន់សាសនាអ៊ិស្លាមជា ច្រើនជុំវិញពិភព លោក ។
កន្លងមកថ្មីៗ ក្រុមអ្នកកាន់សាសនា អ៊ិស្លាម នៅក្នុងប្រទេស រុស្ស៊ីបាននាំ គ្នាធ្វើបាតុកម្ម បង្ហាញពីការគំាទ្រដល់ ក្រុមជនជាតិ រ៉ូហ៊ីងយ៉ានៅមីយ៉ាន់ម៉ា។ បាតុកម្ម ធ្វើឡើងកាលពីថ្ងៃទី១០ ខែកញ្ញា នៅទីក្រុង Saint Petersbourg ។ ក្រុម បាតុករប្រមាណ១០០ នាក់ត្រូវបានចាប់ ខ្លួនផងដែរ ដោយសារតែការធ្វើបាតុកម្ម ខុសច្បាប់។
ក្រុមបាតុករត្រូវប៉ូលិសចាប់ខ្លួនបានស្រែកថា“ហេតុដូចម្តេច បានជាពួកអ្នកកាន់សាសនាអ៊ិស្លាម មានទោសជា និច្ចអ៊ីចឹង។ ហេតុដូចម្តេច ក៏គេចាប់ពួក យើង”?
កាលពីសប្តាហ៏មុន នៅពីមុខស្ថានទូតមីយ៉ាន់ម៉ាក្នុងរដ្ឋធានីមូស្គូ មានពលរដ្ឋរុស្ស៊ីដែលកាន់សាសនាអ៊ិស្លាមជាង ១ពាន់នាក់ បានធ្វើមិទ្ទីញដែលគ្មានការអនុញ្ញាតរបស់សាលាក្រុងដោយស្ថិតក្រោម ក្រសែភ្នែកឃ្លាំមើលយ៉ាងដិតដល់ពីខាងប៉ូលិស។ លុះនៅថ្ងៃបន្ទាប់មក ពេលដែលមានមនុស្សរាប់សិបនាក់ទៅជួបជុំគ្នាជាថ្មីនៅទីនោះ ប៉ូលិស ក៏ចាប់ពួកគេអស់១៧នាក់ ដែល សុទ្ធតែមានដើមកំណើត មកពីតំបន់ភ្នំកូកាសខាងជើងដែលជាតំបន់ប្រជាជនជាទូទៅកាន់សាសនា អ៊ិស្លាម។
នៅថ្ងៃចន្ទនោះដែរ ក្នុងក្រុង Grosny រដ្ឋធានីសាធារណរដ្ឋឆេកឆេនី មានបាតុករ រាប់ពាន់នាក់ បាននាំគ្នាសម្ដែងនូវ ការជួយឈឺឆ្អាលចំពោះជោគវាសនាជនជាតិរ៉ូហ៊ីងយ៉ាទៅតាមសេចក្តីអំពាវនាវ របស់មេដឹក នាំទឹកដីនេះ លោក Ramzan Kadyrov ដែលជាសញ្ញានៃការខ្វែងគំនិតដ៏កម្រមានជា មួយនឹងគោលជំហរផ្លូវការ របស់វិមាន ក្រិមឡាំង។ លុះនៅថ្ងៃអង្គារ លោកប្រធា នាធិបតី វ៉្លាឌីមៀរ ពូទីន បានថ្លែងជំទាស់នឹងការប្រើអំពើហិង្សា ដោយបានអំពាវនាវ “រដ្ឋអំណាចមីយ៉ាន់ម៉ាឲ្យក្តាប់ស្ថានការណ៍ក្នុងដៃរបស់ខ្លួនទៅ។ គាត់បានច្រាន ចោល”ការិះគន់” ស្អីណាពីខាងលោក Kadyrov ទាំងយល់ថា “ បុគ្គលណាក៏ដោយសុទ្ធតែមានសិទ្ធិបញ្ចេញមតិខ្លួនផ្ទាល់”។
រុស្ស៊ី ជាដៃគូរបស់មីយ៉ាន់ម៉ា ហើយ ប្រទេសទាំងពីរ កាលពីឆ្នាំមុន បានចុះកិច្ចព្រមព្រៀងស្តីអំពីសហប្រតិបត្តិការ វិស័យ យោធា ដែលប្រមើលការលក់យន្តហោះ ចម្បាំងនិងប្រព័ន្ធកាំភ្លើងធំ ផលិតនៅរុស្ស៊ី ទៅឲ្យមីយ៉ាន់ម៉ា៕ ម៉ែវ សាធី