ព័ត៌មានទាន់ហេតុការណ៍៖

តម្លៃប្រេងនៅលើពិភពលោកកើនឡើងខ្ពស់ជាលើកដំបូងនៅក្នុងឆ្នាំ២០១៧

ចែករំលែក៖

តម្លៃប្រេងនៅលើពិភពលោក កាលពី ថ្ងៃទី២៩ ខែកញ្ញា បានកើនឡើងខ្ពស់បំផុត នៅក្នុងឆ្នាំ២០១៧។ ការកើនឡើងនា ពេលនេះត្រូវបានក្រុមអ្នកវិនិយោគវាយ តម្លៃថា ដោយសារតែការ បោះឆ្នោតប្រជាមតិទាមទារឯករាជ្យរបស់ក្រុមជនជាតិឃើដ នៅអុីរ៉ាក់។

តម្លៃប្រេងឆៅអាមេរិក WTI កើនឡើង ១១សេន ស្មើនឹង០,២ភាគរយ គឺឡើង ដល់ ៥១,៦៧ដុល្លារក្នុងមួយបារ៉ែ ក្នុង ទីផ្សារនៅទីក្រុងញូវយ៉ក។ តម្លៃប្រេង នេះកើនឡើងដល់ទៅ២ភាគរយក្នុងមួយសប្តាហ៍ និងកើន៧,៧ភាគរយក្នុងមួយខែ និង១០,៥ភាគរយក្នុងឆមាស។

ក្នុងពេលជាមួយគ្នានេះតម្លៃប្រេង Brent សម្រាប់ខែវិច្ឆិកា កើនឡើង១២សេន ស្មើនឹង០,២ភាគរយ គឺឡើងដល់ ៥៧,៥៤ ដុល្លារ ក្នុងមួយបារ៉ែល នៅក្នុងទីផ្សារនៃ ទីក្រុងឡុងប្រទេសអង់គ្លេស។

លោក Enrico Chiorando អ្នកឯកទេស វិភាគ របស់ក្រុមហ៊ុន ប្រឹក្សាថាមពល Love Energy បានឲ្យដឹងថា តម្លៃប្រេង មានការប្រែប្រួលថ្មីក្រោយពេលមានការ គំរាមកំហែងពីប្រភពផ្គត់ផ្គង់នៅក្នុងប្រទេស អុីរ៉ាក់។

កន្លងមកក្រុមជនជាតិឃើដបានបោះឆ្នោត គាំទ្រដល់ការចាកចេញពីអុីរ៉ាក់ក្លាយទៅជាប្រទេសឯករាជ្យមួយ បើទោះបីមានការប្រឆាំងយ៉ាងខ្លាំងពីរដ្ឋាភិបាលអុីរ៉ាក់ ក្តី។ សកម្មភាពខាងលើបានធ្វើឲ្យរាំងស្ទះដល់ការផ្គត់ផ្គង់ប្រេងប្រមាណ៥សែន បារ៉ែលក្នុងមួយថ្ងៃ។ ភាគច្រើនប្រេងដែល នាំចេញពីតំបន់ជនជាតិឃើដ ទៅកាន់ កំពង់ផែប្រទេសទួរគី។ រដ្ឋាភិបាលទីក្រុងបាដាដបានអំពាវនាវ ដល់សហគមន៍អន្តរជាតិកុំទិញប្រេងពីជនជាតិឃើដ។ មិនតែ ប៉ុណ្ណោះ រដ្ឋាភិបាលអុីរ៉ាក់ក៏បានព្រមាន ដល់ ជើងហោះហើរអន្តរជាតិទៅកាន់ តំបន់ជនជាតិឃើដ។

ការបោះឆ្នោតប្រជាមតិរបស់ក្រុមជនជាតិឃើដបានធ្វើឲ្យប្រទេសអុីរ៉ង់ និងទួរគី នៅមិនស្ងៀមឡើយ ដោយសារប្រទេស ទាំង២មានក្រុមជនជាតិឃើដជាច្រើនរស់នៅ។ សកម្មភាពនោះអាចធ្វើឲ្យក្រុមជនជាតិឃើដនៅក្នុងប្រទេសផ្សេងទៀត ទាម ទារផ្តាច់ខ្លួនផងដែរ។

ប្រធានាធិបតីទួរគី លោក Recep Erdogan បានប្រកាសថា រដ្ឋាភិបាលលោក នឹងរារាំងការលក់ប្រេងរបស់ក្រុមជនជាតិឃើដអុីរ៉ាក់ឆ្លងកាត់ប្រទេសទួរគី៕ ម៉ែវ សាធី


ចែករំលែក៖