ហុងកុង កោះតៃវ៉ាន់ និងទីបេ ស្ថិតនៅ ក្នុងប្រទេសចិនដដែល បើទោះបីមានរបប គ្រប់គ្រង ផ្សេងគ្នាពីរដ្ឋាភិបាលក្រុងប៉េកាំងក្តី តែចិននៅតែមានសិទ្ធិ ជាប្រទេសគ្រប់គ្រងលើតំបន់ទាំងនោះដដែល មិនអនុញ្ញាត ឲ្យធ្វើអ្វី លើសលប់ ចង់ផ្តាច់ខ្លួនបាន ឡើយ។
កន្លងមកលោកប្រធានាធិបតីចិន ស៊ី ជីនពីង បានថ្លែងប្រកាសថា កងទ័ពចិន នឹងមិនរាថយ មិនចុះញ៉មនឹងអ្នកណា ទាំងអស់ ក្នុងការការពារបូរណភាពដែនដី របស់ចិន។ សម្តីប៉ុន្មានម៉ាត់នេះ ធ្វើឲ្យគេ នឹកទៅដល់ជម្លោះអធិបតេយ្យមួយចំនួន ដែលចិនកំពុងមានជាមួយប្រទេសក្បែរខាង ក្នុងសមុទ្រចិនខាងត្បូង ព្រមទាំង បញ្ហាកោះតៃវ៉ាន់ និងតំបន់ហុងកុងផង ដែរ។
លោកស៊ី ជីនពីង ពោលថា “ប្រទេស ចិន ប្រជាជនចិនស្រលាញ់សន្តិភាព ណាស់ ក៏ប៉ុន្តែចិន នឹងមិនចុះញ៉ម បណ្តោយ ឲ្យបូរណភាពដែនដីខ្លួន ត្រូវគេមករំលោភ បំពានឡើយ។ កងទ័ពចិន នឹងឈរយ៉ាង អង់អាចក្លាហាន ដើម្បីការពារដែនទឹក និងដែនដីរបស់ចិន”។ លោក ស៊ី ជីនពីង បន្តថា “យើងមិនអនុញ្ញាតឲ្យនរណាម្នាក់ ក្រុមបក្ស ឬចលនានយោបាយណាមួយ មកកាត់ច្រៀកដែនដីចិនឡើយ ទោះក្នុង កាលៈទេសៈណាក៏ដោយ”។
នៅក្នុងសុន្ទរកថានេះ លោកប្រធានា ធិបតីចិន មិនបានលើកឡើងឲ្យចំៗ អំពី សំណុំរឿងជម្លោះអធិបតេយ្យណាមួយ ទេ។ តែគេអាចយល់បានយ៉ាងច្បាស់ ថានេះគឺជាសារ ផ្ញើទៅដល់ភាគីទាំងអស់ ដែលកំពុងជាប់ជម្លោះ ជាមួយចិន ឬក៏ មានចេតនា ចង់បានអធិបតេយ្យភាព ផ្តាច់ ខ្លួនពីប៉េកាំង ដូចកោះតៃវ៉ាន ទីបេ និង កោះហុងកុងជាដើម។
តៃវ៉ាន់ ដែលចិនតែងតែចាត់ទុកថា ជា ខេត្តមួយរបស់ខ្លួននោះ ត្រូវបានកងទ័ព និងរដ្ឋាភិបាលប៉េកាំង សម្លឹងសម្លក់ជាប់ ជាប្រចាំ មិនឲ្យកោះនេះ ក្លាយជាប្រទេស ឯករាជ្យបានទេ។ ដូចគ្នាដែរ តំបន់ស្វយ័ត ហុងកុង ស្ថិតក្នុងបរិបទមួយយ៉ាងតានតឹង ដោយសារក្រុមសកម្មជនប្រជាធិបតេយ្យ បានទាមទារ ឲ្យរដ្ឋាភិបាលប៉េកាំង គោរព សិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ នៅហុងកុង។
ក្រៅពីនេះ លោកស៊ី ជីនពីង ក៏បាន សរុបនូវជោគជ័យ នៃយុទ្ធនាការបោស សម្អាតអំពើពុករលួយ ក្នុងជួរកងទ័ពចិន ព្រមទាំងការរៀបចំធ្វើទំនើបកម្ម ឲ្យកង ទ័ពចិន មានសមត្ថភាពរឹងមាំ។ លោកបាន ឆ្លៀតបន្ថែមថា ដើម្បីកសាងកងទ័ព ឲ្យរឹង មាំល្អ គឺយើងត្រូវតែធ្វើយ៉ាងណា បញ្ចូល ទ្រឹស្តីនយោបាយរបស់បក្ស ទៅក្នុងជួរថ្នាក់ ដឹកនាំរបស់កងទ័ព ហើយធានាធ្វើឲ្យបាន ថាកងទ័ព ត្រូវតែដើរឲ្យស្រប និងស្មោះ ស្ម័គ្រជាមួយគោលនយោបាយរបស់បក្សជានិច្ច។
កាលពីថ្ងៃទី ១ តុលា គឺជាថ្ងៃបុណ្យជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន។ ឆ្លៀត ឱកាសនេះ ប្រជាជនហុងកុង បានជួបជុំ គ្នាដង្ហែក្បួនបាតុកម្ម ដើម្បីបរិហារអំពី នយោបាយផ្តាច់ការ របស់រដ្ឋាភិបាលកុម្មុយ នីស្តចិនប៉េកាំង មកលើដែនដីស្វយ័ត ហុងកុង។ បាតុកម្មនេះ ធ្វើឡើងក៏ដើម្បី ប្រឆាំង នឹងការកាត់ទោសសកម្មជនប្រជាធិបតេយ្យហុងកុង ៣រូប ដែលត្រូវបាន តុលាការផ្តន្ទាទោសជាប់ពន្ធនាគារ កាល ពីខែសីហាកន្លងទៅ។
ដើម្បីអបអរបុណ្យជាតិ នៃសាធារណ រដ្ឋប្រជាមានិតចិន កាលពីព្រឹកថ្ងៃអាទិត្យ លោកស្រី ការី ឡាំ ដែលទើបតែក្លាយជាប្រមុខរដ្ឋាភិបាលដែនដីហុងកុង កាលពី ខែកក្កដា បានថ្លែងសុន្ទរកថាអំពាវនាវ ឲ្យប្រជាជនហុងកុង ត្រូវរួបរួមគ្នា ក្រោម ដំបូលរដ្ឋាភិបាលចិនតែមួយ ដើម្បីកសាង អភិវឌ្ឍ ឲ្យហុងកុងកាន់តែរឹងមាំ អស្ចារ្យ តទៅទៀត។
ទន្ទឹមគ្នានេះ នៅរសៀលថ្ងៃដដែល មានក្បួនបាតុកម្មដ៏ធំ បានរៀបចំឡើង ដោយយុវជនហុងកុង ដើម្បីបរិហារអំពី អំណាចផ្តាច់ការរបស់រដ្ឋាភិបាលចិនប៉េកាំងនេះតែម្តង។ កម្រាស់នៃសិទ្ធិសេរីភាព របស់ប្រជាជនហុងកុង កាន់តែរេចរឹល ស្តើងទៅៗ ដោយសារគោលនយោបាយ កាន់តែផ្តាច់ការ របស់រដ្ឋាភិបាលចិនកុម្មុយ នីស្តប៉េកាំង។ នេះគឺជាការស្រែកតវ៉ា របស់សកម្មជនប្រជាធិបតេយ្យហុងកុង ដែលបានមកជួបជុំគ្នា ប្រមាណជា៥ពាន់ នាក់ កាលពីថ្ងៃអាទិត្យទី ១ តុលា។
ក្រុមបាតុករហុងកុង ហៅការជួបជុំនេះ ថា ជាការរួបរួមគ្នា ប្រឆាំងនឹងរបបដឹក នាំផ្តាច់ការ។ បាតុករម្នាក់ បានប្រាប់អ្នក យកព័ត៌មានបារាំងថា របបផ្តាច់ការ មាន ពិតជាក់ស្តែងហើយក្នុងសង្គមហុងកុង ដែលនេះគឺជាចេតនារបស់បក្សកុម្មុយនីស្តចិន។ លោក Benny Tai បាតុករម្នាក់ ដែល ជាសាស្ត្រាចារ្យច្បាប់ បានលើកឡើងថា កម្មវត្ថុនៃបាតុកម្មនាពេលនេះ គឺដើម្បី ពញ្ញាក់ស្មារតីរបស់ប្រជាជនហុងកុងទូទៅ ឲ្យភ្លឺភ្នែក យល់អំពីការពិតជាក់ស្តែង ដែល កើតមានឡើង ក្នុងសង្គមហុងកុង។
និស្សិត វ័យ២១ឆ្នាំម្នាក់ បានថ្លែងថា កណ្តាប់ដៃដែករបស់បក្សកុម្មយនីស្តប៉េកាំង ដែលប្រើមកបំបិទសិទ្ធិសេរីភាពរបស់ ប្រជាជនហុងកុង កាន់តែខ្លាំងទៅៗ គឺ នឹងរុញទឹកចិត្តប្រជាជនហុងកុង ឲ្យកាន់ តែពុះកញ្ជ្រោលតវ៉ា។ តែយ៉ាងណា ស្ត្រី វ័យ ៦៤ឆ្នាំ ដែលមកចូលរួមបាតុកម្មដែរ បាននិយាយថា គាត់គ្មានសង្ឃឹមថា ក្មេងៗ សិស្សនិស្សិតទាំងនេះ អាចមានអ្វី យកទៅ តទល់ជាមួយ បក្សកុម្មុយនីស្តដ៏ធំមហិមា នោះបានទេ។ តែបើទោះជាគ្មានសង្ឃឹម ក៏គាត់មកចូលរួមបាតុកម្ម ដើម្បីសម្តែងមតិ និងសាមគ្គីជាមួយយុវជនក្មេងៗ ដែរ។
គួររំលឹកដែរថា កាលពីឆ្នាំ២០១៤ ចលនាបាតុកម្មរបស់យុវជនប្រជាធិបតេយ្យហុងកុង អស់រយៈពេលដល់ទៅ១១សប្តាហ៍ បានធ្វើឲ្យល្បីរន្ទឺ ដល់មតិសាធារណ អន្តរជាតិ។ សកម្មជនហុងកុង ៣រូប ត្រូវ បានតុលាការហុងកុង សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ កាលពីខែសីហាកន្លងទៅ។ ថ្វីបើ មេដឹកនាំចលនានេះ កំពុងស្ថិតក្នុង ការឃុំឃាំង តែយុវជនហុងកុង នៅតែបន្ត ធ្វើបាតុកម្មជារឿយៗ ដើម្បីទាមទារ ឲ្យ ក្រុងប៉េកាំង គោរពសិទ្ធិស្វយ័ត របស់ដែន ដីហុងកុង មានជាអាទិ៍ គឺសិទ្ធិបោះឆ្នោតជ្រើសរើសមេដឹកនាំហុងកុង ដោយសេរី តាមបែបប្រជាធិបតេយ្យពេញលេញ៕ ម៉ែវ សាធី