ខ្សែប្រយុទ្ធមកពីក្លិបស្តេច Real Madrid បានបន្តឈរលើគេក្នុងចំណោមកីឡាករទាំង១០នាក់ ដែលរត់លឿនជាងគេក្នុងវិស័យបាល់ទាត់។ កីឡាករសញ្ជាតិវែលរូបនេះហាក់មិនសូវបាន ចូលលេងជាជម្រើស១១នាក់ដំបូងរបស់ស្តេចស Real Madridទេ ដោយសាររូបគេមានរបូស រ៉ាំរ៉ៃជាញឹកញាប់។ ប៉ុន្តែ Bale នៅតែជាកីឡាករដែលមានល្បឿនលឿនគឺរយៈចម្ងាយនៃការ រត់របស់គេមានល្បឿន ៣៩,៩គីឡូម៉ែត្រក្នុង១ម៉ោង។
ចំណែកខ្សែបម្រើសញ្ជាតិអេក្វាឌ័រ Antonio Valencia របស់ក្រុមបិសាចក្រហមបានធ្លាក់ទៅ លេខរៀងទី៤ ជាកីឡាករដែលមានល្បឿនលឿន ដែលកាលពីឆ្នាំ២០១៦ កីឡាកររូបនេះ បានឈរលេខ២ បន្ទាប់ពី Gareth Bale ។ ចំណាត់ថ្នាក់លេខ២ជំនួស Antonio Valencia បច្ចុប្បន្នគឺធ្លាក់ទៅលើកីឡាករ Orlando Berrio សញ្ជាតិកូឡុំប៊ី មានល្បឿន៣៦គីឡូម៉ែត្រក្នុង១ ម៉ោង ។
ខាងក្រោមនេះគឺជាឈ្មោះកីឡាករទាំង១០រូបដែលមានល្បឿនលឿនជាងគេ៖
១-Gareth Bale ល្បឿន ៣៦,៩ គីឡូម៉ែត្រ / ម៉ោង
នៅលើពិភពលោកនេះ មិនទាន់មានកីឡាករណារត់លឿនជាង កីឡាករវ័យ ២៨ឆ្នាំ របស់អធិរាជស Real Madrid ទេ។ កីឡាករកម្ពស់ ១,៨៥ ម៉ែត្រ ទម្ងន់៨២គីឡូក្រាម និងមានល្បឿនលឿនបំផុតអាចនិយាយថា នៅលើលោកនេះពិបាករកខ្សែការពារណាមកទប់ Gareth Bale ណាស់។
២-Orlando Berrio ល្បឿន ៣៦ គីឡូម៉ែត្រ / ម៉ោង
ខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ីរូបនេះមិនសូវល្បីទេ ប៉ុន្តែកីឡាកររូបនេះមានល្បឿនលឿនជាង កំពូលកីឡាករ Messi ដល់ទៅជាង៣គីឡូម៉ែត្រក្នុង១ម៉ោង។
៣-Jurgen Damm ល្បឿន ៣៥,២ គីឡូម៉ែត្រ / ម៉ោង
ខ្សែបម្រើសញ្ជាតិម៉ិចស៊ីកូ Jurgen Damm វ័យ២៤ឆ្នាំ មានល្បឿនមិនធម្មតា តែរដូវកាលកន្លងទៅ លោកមិនសូវរកគ្រាប់បាល់បាន ឬ បញ្ជូនបាល់មិនសូវបានល្អឲ្យមិត្តរួមក្រុមទេ។
៤-Antonio Valencia ល្បឿន ៣៥,១ គីឡូម៉ែត្រ / ម៉ោង
តំណែងរបស់ Antonio Valencia នៅក្រុមបិសាចក្រហម លេងជាខ្សែការពារស្លាបផង និង ខ្សែបម្រើស្លាបផង ដោយសារការអំណោយផលទាំងល្បឿន និងកម្លាំងរបស់កីឡាករសញ្ជាតិអេក្វាឌ័រ។
៥-Pierre-Emerick Aubameyang ល្បឿន ៣៤,៦ គីឡូម៉ែត្រ / ម៉ោង
ខ្សែប្រយុទ្ធសញ្ជាតិហ្គាបុង (ប្រទេសនៅតំបន់អាហ្វ្រិកកណ្តាល) របស់ក្លឹប Borussia Dortmund មានល្បឿនលឿនជាងកំពូលកីឡាករ Messi និង Ronaldo ទៅទៀត។
៦-Aaron Lennon ល្បឿន ៣៣,៨ គីឡូម៉ែត្រ / ម៉ោង
កីឡាករសញ្ជាតិអង់គ្លេសរូបនេះ ត្រូវបានគេប្រៀបទៅនឹងម៉ាស៊ីនជក់ខ្យល់ បានន័យថាកាន់តែរត់កាន់តែលឿន។
៧-Cristiano Ronaldo ល្បឿន ៣៣,៦ គីឡូម៉ែត្រ / ម៉ោង
ម្ចាស់ពាន FIFA’s Best Player វ័យ៣២ឆ្នាំ មិនចូលចិត្តពាក់ស្បែកជើងបាល់ទាត់កវែងពណ៌ខ្មៅទេ ព្រោះលោកយល់ថាពណ៌ខ្មៅមើលទៅយឺត ហើយលោកចង់មានអារម្មណ៍ថារត់លឿន។
៨-Theo Walcott ល្បឿន ៣២,៧ គីឡូម៉ែត្រ / ម៉ោង
Walcott កីឡាករសញ្ជាតិអង់គ្លេស បានចូលលេងក្នុងនាមជាខ្សែបម្រើស្លាបដំបូងឲ្យ Arsenal ក្នុងវ័យ ១៦ ឆ្នាំ កាលពីឆ្នាំ ២០០៦ ហើយបច្ច័យល្អដែលធ្វើឲ្យកីឡាកររូបនេះលេចធ្លោគឺ ល្បឿន។
៩-Lionel Messi ល្បឿន ៣២,៥ គីឡូម៉ែត្រ / ម៉ោង
ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យកាល គឺជាកីឡាករកំពូលល្បឿនលំដាប់ទី៣នៅអេស្ប៉ាញ និង លេខ៩នៅលើពិភពលោក។
១០-Wayne Rooney ល្បឿន ៣១,២ គីឡូម៉ែត្រ / ម៉ោង
អតីតកីឡាករក្រុមបិសាចក្រហម ធ្លាប់ជាកីឡាករដែលជារឿយៗតែងរកគ្រាប់បាល់ឲ្យក្លឹប និង ធ្លាប់ជាកីឡាករល្បឿនលឿនម្នាក់ បើទោះជាបច្ចុប្បន្នទាំងល្បឿន និង ការស៊ុតបញ្ចូលទីរបស់លោកធ្លាក់ចុះក្តី ។
សូមបញ្ជាក់ថា ល្បឿនរបស់កីឡាករបាល់ទាត់ ខុសពីល្បឿនរត់ប្រណាំង ខុសត្រង់ថា ល្បឿនរបស់កីឡាករសំដៅដល់ ល្បឿននៃការគ្រប់គ្រងបាល់ និងការបញ្ជូន គឺមិនរត់ត្រង់ទៅមុខដូចអត្តពលិកទេ។ តួយ៉ាងកំណត់ត្រារបស់ស្តេចល្បឿន Usain Bolt ធ្វើបានគឺ ៤៤,៧២គីឡូម៉ែត្រ ក្នុង១ម៉ោង ខណៈកីឡាករបាល់ទាត់១០រូបខាងលើនេះ មានម្នាក់រត់លឿនបំផុត ត្រឹមជិត៣៧ គីឡូម៉ែត្រក្នុង១ម៉ោង ប៉ុណ្ណោះ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតគឺក្នុងចំណោមកីឡាករកំពូលល្បឿនទាំង១០របស់ពិភពលោក មាន៣នាក់ជាកីឡាកររបស់អង់គ្លេស ៕ ដេវីត