ព្រិលធ្លាក់យ៉ាងក្រាស់រហូតដល់ទៅ ៣០សង់ទីម៉ែត្រ ធ្វើឲ្យពលរដ្ឋចិន រងផល ប៉ះពាល់យ៉ាងខ្លាំង ក្នុងពេលធ្វើដំណើរ ខណៈដែលពលរដ្ឋកំពុងត្រៀមលក្ខណៈ ទៅស្រុកដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំចិននាពេលខាងមុខ។ ផ្លូវចរាចរណ៍ល្បឿនលឿនជាច្រើនត្រូវបានបិទ ក្នុងនោះក៏មានអាកាសយានដ្ឋានផងដែរ។
នៅតាមបណ្តាខេត្តនាភាគកណ្តាល និងភាគខាងកើតប្រទេសចិន ដូចជាខេត្ត Shanxi , Shaanzi , Henan ,Shangdong ,Anhui និង Jiangsu គ្របដណ្តប់ដោយ ព្រិលធ្លាក់យ៉ាងក្រាស់។
សារព័ត៌មាន China news បានផ្សាយ ថា ផ្លូវរថភ្លើងល្បឿនលឿន ជាង៣០ ត្រូវបានលុបចោល ក្នុងនោះ ក៏មានផ្លូវ រថភ្លើងទៅកាន់ទីក្រុងសៀងហៃ ប៉េកាំង ផងដែរ ដោយសារតែព្រិលបានគ្របដណ្តប់លិចផ្លូវដែលពិបាកធ្វើដំណើរ។
អាកាសយានដ្ឋានចំនួន៣ត្រូវបានបិទទ្វារ ដោយសារព្រិលធ្លាក់ ក្នុងនោះមាន អាកាសយានដ្ឋាននៅខេត្ត Shandong , Anhui ត្រូវបានបិទ ។
ចំណែកនៅក្នុងប្រទេសជប៉ុនវិញក៏ មានព្រិលធ្លាក់យ៉ាងក្រាស់ ផងដែរ បណ្តាលឲ្យមានអ្នករងរបួស ១៦នាក់នៅ ទីក្រុងតូក្យូ ។ ការធ្លាក់ព្រិលយ៉ាងក្រាស់នោះគឺមិនធ្លាប់កើតមានឡើយរយៈពេល៤ឆ្នាំកន្លងមក ។
ដោយឡែកនៅក្នុងប្រទេសកូរ៉េខាង ត្បូងវិញ អាជ្ញាធរបានឲ្យដឹងថា ជើងហោះ ហើរជាង ២០០ជើង ត្រូវបានលុបចោល ឬពន្យារពេលនៅអាកាសយានដ្ឋាន អន្តរ ជាតិជេជូ កាលពីថ្ងៃអាទិត្យ ដោយសារ តែព្រិលធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង នេះ បើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មាន យុនហាប់ នៅថ្ងៃទី៥ ខែ កុម្ភៈ ឆ្នាំ២០១៨។
យោងតាមក្រុមហ៊ុនអាកាសចរណ៍កូរ៉េ (KAC) បានឲ្យដឹងថា ជើងហោះហើរ ចំនួន ១៩៧ជើងដែលចេញដំណើរ ពី ព្រលានយន្តហោះ ជេជូ ត្រូវបានពន្យារ ពេលហើយចំនួន ២០ផ្សេងទៀតត្រូវបាន លុបចោលនៅម៉ោង៦ ល្ងាចខណៈទីភ្នាក់ងារអាកាសធាតុរបស់ប្រទេស បានចេញ ការ ព្រមានសម្រាប់ព្រិល និង ខ្យល់បក់ ខ្លាំងនៅលើកោះ និងតំបន់ផ្សេងទៀត។
ក្រុមហ៊ុនអាកាសចរណ៍កូរ៉េ KAC បាន ឲ្យដឹងផងដែរថា ការពន្យារពេលបន្ថែម ឬការលុបចោលអាចកើតឡើង ដោយផ្អែក លើលក្ខខណ្ឌ អាកាសធាតុ និងការងារ បោសសម្អាតព្រិល ចេញរបស់ខ្លួន៕ ម៉ែវ សាធី