សង្គ្រាមការទូត រវាងរុស្ស៊ីនឹងប្រទេសលោកខាងលិចកំពុងតែផ្ទុះឡើង បង្កក្តី បារម្ភយ៉ាងខ្លាំង ដល់ពិភពលោកទាំងមូល ដោយវិបត្តិទាំងនោះ អាចរុញច្រានរុស្ស៊ី និងលោកខាងលិចធ្លាក់ចូលក្នុងសង្គ្រាមត្រជាក់សាជាថ្មី។
នៅពេលនេះក្រសួងការបរទេសរុស្ស៊ីបានសម្រេចបណ្តេញមន្រ្តីទូត នៃប្រទេស សរុបទាំងអស់ចំនួន ២៣ ដែលកំពុង បំពេញបេសកកម្មនៅប្រទេសនេះ ត្រឡប់ ទៅស្រុកពួកគេវិញ ដើម្បីជាការសងសឹក ចំពោះចលនាប្រឆាំងរបស់ប្រទេសទាំងនោះ មកលើទីក្រុងមូស្គូនាពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ ងារព័ត៌មានចិន ស៊ីនហួ នៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែមីនា ឆ្នាំ២០១៨។
ឯកអគ្គរដ្ឋទូតនៃប្រទេសចំនួន ២៣ ខាងលើ ត្រូវបានក្រសួងការបរទេសរុស្ស៊ី ប្រគល់លិខិតជំទាស់ និងប្រាប់ថា មន្រ្តីទូត របស់ពួកគេមួយចំនួន ដែលកំពុងបំពេញការងារនៅក្នុងប្រទេសរុស្ស៊ី ត្រូវបាន ប្រកាសជាបុគ្គល ដែលលែងទទួលបាន ការស្វាគមន៍នៅទីនេះទៀតហើយ ដែល ទង្វើនេះ គឺជាការឆ្លើយតបចំពោះសកម្មភាពមិនសមហេតុសមផលរបស់ពួកគេ ដែលបានសម្រេចបណ្តេញមន្រ្តីទូតរុស្ស៊ី ដោយឈរលើចោទប្រកាន់ដែលពុំមានភស្តុតាងច្បាស់លាស់មកលើរុស្ស៊ី ទាក់ទិននឹង ករណីបំពុលប៉ងសម្លាប់អតីតមន្រ្តីចារកិច្ច រុស្ស៊ី នៅលើទឹកដីចក្រភពអង់គ្លេស។តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ី បណ្តាប្រទេសដែលពាក់ព័ន្ធនឹងការសម្រេចចិត្តរបស់រុស្ស៊ី រួមមានអូស្រ្តាលី, អាល់បានី, អាល្លឺម៉ង់, ដាណឺម៉ាក, អៀរ ឡង់, អេស៉្បាញ, អុីតាលី, កាណាដា, ឡាត់វី (Latvia), លីទុយអានី (Lithuania), (ម៉ាសេដូនៀ) Macedonia, ម៉ុល ដាវី (Moldova), ហុល្លង់, ន័រវេស, ប៉ូឡូញ, រ៉ូម៉ានី, អ៊ុយក្រែន, ហ្វាំងឡង់, បារាំង, ក្រូអាត, សាធារណរដ្ឋឆេក, ស៊ុយ អែត, និងអេស្តូនី។
ក្រៅពីនេះ មន្រ្តីទូតប្រទេសប៊ែលហ្សិក, ហុងហ្គារី, ហ្សកហ្ស៊ី និងម៉ុងតេណេហ្គ្រោ ក៏អាចនឹងត្រូវបណ្តេញចេញ ពីប្រទេស រុស្ស៊ីថែមទៀតផងដែរ។ ម៉្យាងវិញទៀត អគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅទីក្រុងមូស្គូ ក៏ត្រូវបានក្រសួងការបរទេសរុស្ស៊ីកោះហៅ ដើម្បីប្រាប់ថា អង់គ្លេសត្រូវកាត់បន្ថយចំនួនមន្រ្តីទូតរបស់ខ្លួន ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី ឲ្យនៅត្រឹមចំនួនមន្រ្តីទូតរុស្ស៊ីនៅចក្រភពអង់គ្លេស ក្នុងរយៈ ពេល ០១ខែ ផងដែរ។សេចក្តីថ្លែងការណ៍ទាំងនេះទៀតសោត ត្រូវបានធ្វើឡើង បន្ទាប់ពីរុស្ស៊ី បានប្រកាសពីការបណ្តេញ មន្រ្តីទូតរុស្ស៊ីចំនួន ៦០នាក់ និងបិទស្ថាន កុងស៊ុលអាមេរិក នៅទីក្រុង Saint Peterburg ដើម្បីសងសឹកចំពោះចំណាត់ការដូចគ្នារបស់ទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹង ទីក្រុងមូស្គូ៕ ម៉ែវ សាធី