ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលស៊ីរីគំរាមកំហែងគ្រូពេទ្យមិនឲ្យនិយាយពីការវាយប្រហារដោយអាវុធគីមី

ចែករំលែក៖

បុគ្គលិកសុខាភិបាលជាច្រើននាក់ បាន ទម្លាយឲ្យដឹងថា ពួកគាត់ត្រូវបានហាម ឃាត់ ផ្តល់ភស្តុតាងឬក៏ផ្តល់ព័ត៌មានពាក់ ព័ន្ធនឹងហេតុការណ៍ដែលបានកើតឡើងកាលពីថ្ងៃទី ៧ ខែមេសា ។ ក្នុងពេលនោះសាក្សីមួយចំនួនបានបញ្ជាក់ថាមានការ វាយប្រហារដោយអាវុធគីមី។

វេជ្ជបណ្ឌិត Ghanem Tayara ប្រធាន សម្ព័ន្ធគ្រូពេទ្យ និងជួយសង្គ្រោះអន្តរជាតិ ( UOSSM)បានបញ្ជាក់ថា មានបុគ្គលិកសុខាភិបាលជាច្រើនរូបត្រូវបានរដ្ឋាភិបាលស៊ីរីហាមឃាត និងដកហូតវត្ថុត្រួតពិនិត្យ ជីវសាស្ត្រ និងមិនឲ្យព្យាបាលជនរងគ្រោះ ហើយរក្សាការសម្ងាត់ ស្តីពីការវាយប្រហារ ដោយអាវុធគីមី បណ្តាលឲ្យមនុស្ស ៧០ នាក់ស្លាប់ នៅទីក្រុងឌូម៉ា។

ក្រុមគ្រូពេទ្យនិងសាច់ញ្ញាតិ រងការ គំរាមកំហែង ប្រសិនបើទម្លាយរឿងរ៉ាវពាក់ព័ន្ធនិង ព្រឹត្តិការណ៍ថ្ងៃទី ៧ខែមេសា។ គ្រូពេទ្យដែលសុំមិនបញ្ចេញឈ្មោះ បាន និយាយទៅកាន់ក្រុមអ្នកសារព័ត៌មាន Guardian ថា ការគំរាមកំហែង បញ្ជូនទៅ កាន់សាច់ញ្ញាតិ និងគ្រូពេទ្យដែលដឹងហេតុ ការណ៍ បន្ទាប់ពីអង្គការហាមប្រាមអាវុធ គីមី OPCW បញ្ជូនក្រុមអង្កេតការណ៍ទៅកាន់ទីក្រុង Damacas ដើម្បីរកភស្តុតាង ពីការវាយប្រហារដោយអាវុធគីមី ដែលលោកខាងលិចបានចោទប្រកាន់រដ្ឋាភិបាលស៊ីរីជាអ្នកប្រព្រឹត្ត។

វេជ្ជបណ្ឌិត Tayara បច្ចុប្បន្ន នៅក្នុង ប្រទេសទួរគី ដើម្បីតាមដានការចាកចេញ របស់គ្រូពេទ្យ ពីកន្លែងវាយប្រហារអាវុធ គីមី ។ លោកបញ្ជាក់ទៀតថា កម្លាំងទាហានរុស្ស៊ីជាប់ពាក់ព័ន្ធនឹងការវាយប្រហារខាងលើ បានបញ្ជាឲ្យមានការគំរាមកំហែង ដល់អ្នកដែលដឹងរឿងរ៉ាវ ។

ការស្វែងរកភស្តុតាង របស់អង្គការ OP CW ជួបផលលំបាកជាច្រើនដោយសារតែសារធាតុគីមី ដែលបានប្រើប្រាស់ក្នុងការសម្លាប់មនុស្ស ត្រូវរសាត់ បាត់នៅក្នុង បរិយាកាស ។

កន្លងមក កងទ័ពសម្ពន្ធមិត្តមានអាម េរិក បារាំង និងអង់គ្លេស បានរួមគ្នា បាញ់ មីស៊ីលជាច្រើនគ្រាប់ សំដៅកម្ទេចមូល ដ្ឋានស្រាវជ្រាវ និងទីតាំងស្តុកអាវុធគីមី របស់កងទ័ពរដ្ឋាភិបាលស៊ីរី ចំណែកនៅឯ តំបន់ហ្គូតាខាងកើតឯណោះ មិនឆ្ងាយ ប៉ុន្មានពីរដ្ឋធានីដាម៉ាស់ កងទ័ពរដ្ឋាភិបាល ស៊ីរី ដណ្តើមបានមូលដ្ឋានចុងក្រោយ របស់ក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលនេះ មកគ្រប់គ្រងវិញទាំងស្រុងហើយ បន្ទាប់ពីបានទម្លាក់គ្រាប់ជញ្ជ្រំ យ៉ាងដំណំ អស់ រយៈពេលជិត២ខែមកនេះ។

បើគិតមកដល់ពេលនេះ សង្រ្គាមនៅ ស៊ីរី បានអូសបន្លាយ ៧ឆ្នាំហើយ ផ្តើម ចេញពីការងើបបះបោរតវ៉ា របស់ប្រជាជន ស៊ីរី ប្រឆាំងនឹងរដ្ឋាភិបាលផ្តាច់ការ ។នៅ​រវាងដើមឆ្នាំ២០១១ កម្លាំងខ្យល់បក់នៃបដិវត្តន៍ប្រទេសអារ៉ាប់នានា បានបោកបក់ បណ្តាលចិត្តប្រជាជនស៊ីរី ដែលរស់នៅក្រោមក្រញ៉ាំអំណាចផ្តាច់ការ របស់ក្រុម គ្រួសារត្រកូល Assad អស់រយៈពេល ៤០ ឆ្នាំមកហើយនោះ ឲ្យងើបបះបោរឡើង ដើម្បីផ្តួលរំលំរដ្ឋាភិបាលផ្តាច់ការនេះ។ ការជួបជុំតវ៉ាប្រឆាំងរដ្ឋាភិបាល អាល់ អាសាដ បានចាប់ផ្តើមមាននៅតាមទីក្រុងតូចធំនានា នៅពាក់កណ្តាលខែមីនា ឆ្នាំ ២០១១។

មន្ត្រីកងទ័ពស៊ីរី ដែលបានសម្លឹងឃើញអំពើផ្តាច់ការរបស់រដ្ឋាភិបាល បានសម្រេច ចិត្តរត់ចោលជួរ រហូតដល់ខែវិច្ឆិកា ឆ្នាំ ២០១១ អតីតមេទ័ពម្នាក់ ដែលបានរត់គេច ខ្លួនទៅប្រទេសទួរគី បានប្រកាស បង្កើត កងទ័ពសេរីស៊ីរី គឺពេលនោះហើយ ដែល ការបះបោររបស់ប្រជាជនសាមញ្ញ បាន ក្លាយជាការតស៊ូដោយអាវុធ។ ក្រុមយុវជន ស្ម័គ្រចិត្ត រួមជាមួយទាហានរត់ចោលជួរ បានប្រមូលគ្នាជាក្រុមៗកាន់អាវុធ ហើយ ដែលត្រូវរដ្ឋាភិបាលស៊ីរី ចាត់ទុកថាជាក្រុម ឧទ្ទាមភេរវកម្ម។

ក្រុមឧទ្ទាមរំដោះស៊ីរី បានដណ្តើមបាននៅទីក្រុងធំៗមួយចំនួន នៅជាយរដ្ឋធានី ដាម៉ាស់ ខាងជើងនិងខាងកើត។ នៅខែ មីនា ឆ្នាំ២០១២ កងទ័ពបាសា អាល់អាសាដ បានចាប់ផ្តើមបាញ់ផ្លោងគ្រាប់បេ និងទម្លាក់ គ្រាប់បែក ទៅលើទីក្រុង ហូម និងក្រុង ហាម៉ា ដើម្បីកម្ទេចមូលដ្ឋានរបស់ក្រុម ឧទ្ទាម។ ចាប់ពីឆ្នាំ២០១៣មក កងទ័ព បាសា អាល់អាសាដ បានបញ្ជាយន្តហោះ ទម្លាក់គ្រាប់បែក និងគ្រាប់ផ្ទុះច្នៃ សឹងតែ គ្មានលស់ថ្ងៃ ទៅលើទីតាំងដែលស្ថិតក្រោមការកាន់កាប់ របស់ក្រុមឧទ្ទាមប្រឆាំង។

ខែមេសា ២០១៣ អុីរ៉ង់ ដែលជាមេដឹក នាំកំពូល នៃចរន្តអ៊ិស្លាមសុីអុីត ព្រមទាំង ក្រុមហេសបូ៊ឡាហ៍លីបង់ បានសម្រេច ចិត្តបញ្ជូនទ័ពទៅជួយ រដ្ឋាភិបាលស៊ីរី។ អុីរ៉ង់ បានសម្រេចចិត្តជួយទំនុកបំរុងថវិកា សម្ភារយោធាព្រមទាំងបានបញ្ជូនអ្នកជំនាញការកងទ័ព ទៅជួយរៀបយុទ្ធសាស្ត្រឲ្យកងទ័ពបាសា អាល់អាសាដ ទៀតផង។

ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៣ មាន ការវាយប្រហារដោយប្រើគ្រាប់ផ្ទុះ ផ្ទុកដោយសារធាតុគីមីមួយ នៅជាយក្រុង ដាម៉ាស់ ដែលបណ្តាលឲ្យស្លាប់មនុស្ស ប្រមាណ១៤០០នាក់។ បើទោះបីជារដ្ឋា ភិបាលស៊ីរី បានប្រកែក តែប្រទេសលោក ខាងលិច ដោយយោងទៅលើសក្ខីកម្ម និងភស្តុតាង ផ្តល់ឲ្យដោយមន្ត្រីអង្គការនានានៅទីនោះ បានបង្ហាញថាកងទ័ពរដ្ឋា​ភិបាលបាសា ពិតជាបានប្រើគ្រាប់បែកគីមីប្រាកដមែន។ តែទីបំផុតទៅ ខុសពីអ្វីដែល ខ្លួនបានគំរាម រដ្ឋាភិបាលលោកអូបាម៉ា បានសម្រេចចិត្តមិនធ្វើការវាយបក ទៅលើ កងទ័ពរដ្ឋាភិបាលស៊ីរីវិញទេ ព្រោះកាល នោះ រដ្ឋាភិបាលលោកអូបាម៉ា បានទទួល ការធានាពីរុស្ស៊ីថា នឹងបញ្ចុះបញ្ចូលឲ្យរដ្ឋាភិបាលស៊ីរី កម្ទេចចោលកម្មវិធីផលិតអាវុធគីមីឲ្យបាន ហើយឈប់ប្រើតទៅទៀត។

ចាប់ពីឆ្នាំ ២០១៤មក ស្របពេលដែលមានការប្រយុទ្ធតស៊ូរបស់ក្រុមចលនាសេរីរំដោះស៊ីរី កងទ័ពបាសា អាល់អាសាដ ក៏ត្រូវប្រឈមមុខ នឹងក្រុមមួយទៀតដ៏កាច សាហាវ ដែលបានឆ្លៀតឱកាស ប្រមូល កម្លាំងនិងដែនដីគ្រប់គ្រង។ នោះគឺក្រុម ជីហាដអង្គការរដ្ឋអ៊ិស្លាម។ ប្រការនេះបានធ្វើឲ្យកងទ័ពរដ្ឋាភិបាលស៊ីរីធ្លាក់ដៃ បរាជ័យ សឹងតែគ្រប់ភូមិភាគ។

ដោយសម្លឹងឃើញពីបរាជ័យរបស់មិត្តខ្លួន ទើបរុស្ស៊ីបានសម្រេចចិត្តលូកដៃ បញ្ជូនទ័ព មកជួយរដ្ឋាភិបាលបាសា អាល់អាសាដ នៅចុងខែកញ្ញា ឆ្នាំ ២០១៥។ អន្តរាគមន៍របស់កងទ័ពរុស្ស៊ី មកក្នុងសមរភូមិស៊ីរី បានផ្លាល់ប្តូរស្ថាន ការណ៍ទាំងស្រុង។ កងកម្លាំងសេរីស៊ីរី បានបាត់បង់មូលដ្ឋានម្តងមួយៗ និងស្លាប់បាត់បង់កម្លាំងប្រយុទ្ធយ៉ាងច្រើនសន្ធឹក សន្ធាប់។ សមូហភាពនៃក្រុមប្រឆាំង រដ្ឋាភិបាល ក៏បានបែកបាក់ ធ្វើឲ្យផែន ការចរចាសន្តិភាព នៅក្រុងហ្សឺណែវ កាន់តែអស់សង្ឃឹម។ ឆ្លៀតពេលជាមួយគ្នា នេះ រុស្ស៊ី និងអុីរ៉ង់ឯណោះ បានព្យាយាម រៀបចំការចរចាផ្សេង ដាច់ដោយឡែកមួយ ទៀត ដោយចង់ទុកឱកាសឲ្យលោកបាសា អាល់អាសាដ នៅបន្តអំណាចតទៅទៀត។

សង្រ្គាមនៅតែបន្ត ដែលអំណឹះតទៅ អាល់អាសាដ មានបង្អែកធំ គឺរុស្ស៊ី និង អុីរ៉ង់។ ខែមេសា ឆ្នាំ២០១៧ ហេតុការណ៍ទម្លាក់គ្រាប់បែកផ្ទុកដោយសារធាតុគីមី ជាថ្មីមួយទៀត បានកើតឡើងនៅតំបន់ Khan Cheikhoun បណ្តាលឲ្យស្លាប់ប្រជា ជន៨០នាក់។ ភស្តុតាង និងសក្ខីកម្មនានា បង្ហាញយ៉ាងច្បាស់ថា ជាស្នាដៃរបស់កង ទ័ពបាសា អាល់អាសាដ។ លោកដូណាល់ ត្រាំ ដែលទើបតែចូលកាន់តំណែង បាន បញ្ជាឲ្យកងទ័ពអាមេរិក បាញ់មីស៊ីល ប្រមាណជា៥០គ្រាប់ ទៅលើមូលដ្ឋានទ័ព របស់កងទ័ពស៊ីរី។ យោងតាមតួលេខរបស់ អង្គការ Human Right Watch បើគិតពីឆ្នាំ ២០១៣មក រួមទាំងការទម្លាក់គ្រាប់ បែកគីមី កាលពីថ្ងៃទី៧ ខែមេសា ថ្មីៗនេះ ផង គឺកងទ័ពបាសា អាល់អាសាដ បានប្រើគ្រាប់បែកផ្ទុកសារធាតុគីមី មិនតិច ជាង៨៥ដងទេ។ ៧ឆ្នាំនៃសង្រ្គាម ប្រជា ជនស៊ីរី ស្លាប់ប្រមាណជា៣៥ម៉ឺននាក់ និង ជាច្រើនលាននាក់ ត្រូវភៀសខ្លួនចាក ចោលផ្ទះសម្បែង៕ ម៉ែវ សាធី


ចែករំលែក៖