ទីក្រុងប៉េកាំងបានប្រឆាំងនឹងគោល នយោបាយដាក់ទណ្ឌកម្មជាឯកតោភាគីលើអុីរ៉ង់ ពីសំណាក់អាមេរិក ហើយចិន បានបន្តសហការលើវិស័យពាណិជ្ជកម្ម ជា មួយទីក្រុងតេអេរ៉ង់ដដែល។
អុីរ៉ងនៅតែជាដៃគូពាណិជ្ជកម្មដ៏សំខាន់ បំផុតរបស់ចិននៅតំបន់អាស៊ី។ ប្រទេស ទាំងពីរនៅតែរក្សាទំនាក់ទំនាក់ទំនងពាណិជ្ជ កម្មដ៏សំខាន់ជាមួយចិន នៅអាស៊ីដដែល។ កាលពីឆ្នាំ២០១៧ ប្រទេសទាំងពីរ បាន បង្កើនពាណិជ្ជកម្មកើនឡើងដល់ទៅ១៩ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៦ មានតម្លៃ៣៧,១ពាន់លានដុល្លារ អាមេ រិក។ លោក Gao Feng អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានលើកឡើងពីការតវ៉ា របស់អុីរ៉ង់ឡើងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ។
លោក Gao បញ្ជាក់ទៀតថា ចិនបានប្រឆាំងយ៉ាងដាច់ខាតរាល់ការដាក់ទណ្ឌ កម្មជាឯកតោភាគីទៅលើអុីរ៉ង់ពីអាមេរិក។ មិនតែប៉ុណ្ណោះចិនបានប្រកាសប្តេជ្ញាបន្តសហការលើវិស័យពាណិជ្ជកម្មជាមួយ អុីរ៉ង់ដោយមិនខុសច្បាប់អន្តរជាតិនោះឡើយ។
កាលពីដើមសប្តាហ៍កន្លងមក អុីរ៉ង់បានដាក់ពាក្យបណ្តឹងតវ៉ាប្រឆាំងអាមេរិកឡើងទៅកាន់តុលាការ អន្តរជាតិ ICJ ក្រោយ ពេលអាមេរិកបានដាក់ទណ្ឌកម្មជាឯកតោភាគីលើប្រទេសអុីរ៉ង់។ រដ្ឋាភិបាលទីក្រុងតេអេរ៉ង់បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនបានបំពានសន្ធិសញ្ញា ដែលបានចុះហត្ថ លេខាកាលពីឆ្នាំ១៩៥៥ ។ កាលពីថ្ងៃទី៨ ខែឧសភា ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសដកអាមេរិកចេញពីកិច្ចព្រមព្រៀងបរមាណូដែលបានចុះហត្ថលេខា កាលពីឆ្នាំ២០១៥ ក្នុងរដ្ឋកាលរបស់អតីតប្រធានាធិបតីអូបាម៉ា។ មិនតែប៉ុណ្ណោះ អាមេរិកបង្កើនការដាក់ទណ្ឌកម្មសាជាថ្មីទៅលើប្រទេសនេះទៀតផង។
កន្លងមកថ្មីៗ អាមេរិកបានបញ្ចុះ បញ្ចូលសម្ពន្ធមិត្តរបស់ខ្លួន ក្នុងនោះមាន ទាំងចិន និងឥណ្ឌា ឲ្យឈប់ទិញប្រេងពី ប្រទេសអុីរ៉ង់។ ប៉ុន្តែការអំពាវនាវទាំងនោះត្រូវបានប្រទេសមួយចំនួន ប្រឆាំង ដោយនៅតែបន្តទិញប្រេងពីអុីរ៉ង់ដដែល ក្នុង នោះមានចិនជាដើម។
ជាមួយគ្នានេះដែរ អុីរ៉ង់បានព្រមានដល់ អាមេរិក និងប្រទេសនៅក្នុងតំបន់ឈូង សមុទ្រថា ប្រសិនបើអាមេរិក ហាមអុីរ៉ង់ លក់ប្រេងចេញនោះ ប្រទេសនៅក្នុងតំបន់ក៏មិនអាចដឹកប្រេងចេញតាមឈូងសមុទ្របានដែរ អុីរ៉ង នឹងបិទផ្លូវសមុទ្រ Homez។
ទាក់ទងការបង្កឲ្យមានវិបត្តិពាក់ព័ន្ធ នឹងវិស័យពាណិជ្ជកម្មប្រធានមូលនិធិរូបិយ វត្ថុអន្តរជាតិ លោកស្រី គ្រីស្ទីន ឡាហ្កាដ (Christine Lagarde) បានបញ្ជាក់ថា អាមេរិកអាចជាអ្នកខាតបង់ច្រើនជាងគ េក្នុងសង្រ្គាមពាណិជ្ជកម្មនេះ នៅពេល ដែលប្រទេសផ្សេងទៀតបានរួបរួមគ្នាបោះបង់អាមេរិកនោះ។
សហរដ្ឋអាមេរិកដែលកំពុងចាត់វិធានការដំឡើងពន្ធគយលើការនាំចូលទំនិញ ពីប្រទេសជាដៃគូពាណិជ្ជកម្មរបស់ខ្លួននៅក្នុងពេលបច្ចុប្បន្ននេះ អាចនឹងក្លាយជាអ្នកដែលទទួលរងនូវការខាតបង់ច្រើនជាងគេពីសង្រ្គាមពាណិជ្ជកម្ម។ លោកស្រី គ្រីស្ទីន ឡាហ្កាដ បានលើកឡើងនូវសេណារីយោ ចំនួន៤ អាស្រ័យទៅតាមកម្រិតនៃភាព ធ្ងន់ធ្ងរក្នុងសង្រ្គាមពាណិជ្ជកម្ម រវាងអាមេ រិក នឹងប្រទេសជាដៃគូពាណិជ្ជកម្ម។
សេណារីយោទី១ គឺគិតតែអំពីផល វិបាកដែលបង្កឡើងដោយវិធានការដែលអាមេរិកបានដាក់ចេញរួចហើយ គឺរួមមានការដំឡើងពន្ធលើការនាំចូលអាលុយ មីញ៉ូម ១០ភាគរយ និងដែកថែប ២៥ភាគ រយ ព្រមទាំងការដំឡើងពន្ធ ២៥ភាគរយ លើការនាំចូលទំនិញពីចិន ដែលមានតម្លៃគិតជាទឹកប្រាក់៥០ពាន់លានដុល្លារ ហើយ ដែលចាត់ចូលជាធរមាន កាលពីដើមខែ កក្កដា។
សេណារីយោទី២ គឺគិតបញ្ចូលការ ដំឡើងពន្ធ ១០ភាគរយ លើការនាំចូលមុខ ទំនិញពីចិន ចំនួន ២០០ពាន់លានដុល្លារ បន្ថែមទៀត ដែលអាមេរិកគ្រោងចាប់អនុ វត្ត នៅខែកញ្ញាខាងមុខ។
សេណារីយោទី៣ គឺគិតបញ្ចូលការ ដំឡើងពន្ធនាំចូលរថយន្ត ២៥ភាគរយ ដែលអាមេរិកគ្រោងដាក់ចេញ នៅក្នុងរយៈ ពេលប៉ុន្មានខែខាងមុខ។
សេណារីយោទី៤ គឺគិតបញ្ចូលអំពី ផលវិបាកដោយប្រយោលផ្សេងទៀត រួមមានដូចជាការធ្លាក់ចុះនៃវិនិយោគទូទៅ ដែលបង្កឡើងដោយការបាត់បង់ជំនឿចិត្តពីអ្នកវិនិយោគ ជាដើម។
មូលនិធិរូបិយវត្ថុអន្តរជាតិ នៅតែបន្ត រក្សាការព្យាករអត្រាកំណើនសេដ្ឋកិច្ច ពិភពលោក ៣,៩ភាគរយសម្រាប់ឆ្នាំនេះ និងឆ្នាំក្រោយ ក៏ប៉ុន្តែ អត្រាកំណើននេះ អាចនឹងត្រូវធ្លាក់ចុះ ចាប់ពីឆ្នាំបន្ទាប់ ហើយ ថា សង្រ្គាមពាណិជ្ជកម្មពិភពលោកអាច នឹងធ្វើឲ្យផលិតផលក្នុងស្រុកសរុបនៅ ទូទាំងពិភពលោកថយចុះ រហូតដល់ទៅ ០,៥ភាគរយ ចាប់ពីពេលនេះ រហូតដល់ឆ្នាំ ២០២០ខាងមុខ ដែលបើគិតជាទឹកប្រាក់ គឺថយចុះរហូតដល់ទៅ ៤០០ពាន់លាន ដុល្លារអាមេរិក៕ ម៉ែវ សាធី