ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់៨២នាក់ដោយការរញ្ជួយដីនៅឥណ្ឌូនេស៊ី

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស៨២នាក់ស្លាប់ នៅក្នុងគ្រោះរញ្ជួយដីកម្រិត៦,៩រិចទ័រ និងការរញ្ជួយដីកម្រិតស្រាលជាច្រើនលើកផ្សេងទៀត កើតឡើងនៅតំបន់រមណីយដ្ឋានកោះបាលី និង Lombok ប្រទេសឥណ្ឌូនេស៊ី នាយប់ថ្ងៃទី៥ ខែសីហា។

គ្រោះធម្មជាតិខាងលើ ធ្វើឲ្យពលរដ្ឋ និងអ្នកទេសចរណ៍ត្រូវរត់ចេញពីផ្ទះ សណ្ឋាគារ ដោយខ្លាចបាក់សង្កត់ពីលើ។ សារព័ត៌មាន CNN បានដកស្រង់សម្តីលោក Muhammad Hadiប្រធានគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ មកពីកាកបាទក្រហមឥណ្ឌូនេស៊ីបានឲ្យដឹងថា មានអ្នកស្លាប់៨២នាក់ និងរងរបួសជាច្រើន។ លោកបន្តទៀតថា មានជនរងគ្រោះជាច្រើនបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ជាមួយគ្នានោះផ្ទះរាប់ពាន់ខ្នងរងការខូចខាត។

រញ្ជួយដីមានជម្រៅ៣១គីឡូម៉ែត្រ នៅតំបន់ជិត Loloan ភាគខាងជើងកោះ Lombok ។ កម្លាំងរញ្ជួយបានធ្វើឲ្យកម្រើកញាប់ញ័រដល់កោះបាលី។ នេះជាការរញ្ជួយដីលើកទីពីរហើយក្នុងរយៈពេលមួយសប្តាហ៍កន្លងមក ។ កាលពីថ្ងៃទី២៩ ខែកក្កដា មានការរញ្ជួយដីកម្រិត ៦,៤រិចទ័រ វាយប្រហារតំបន់ខាងលើ សម្លាប់មនុស្សជាង១០នាក់ផងដែរ។

ក្រុមអ្នកឯកទេសត្រួតពិនិត្យពីការរញ្ជួយដីបានវាយតម្លៃថា ពេលដំបូងការរញ្ជួយត្រូវបានព្យាករណ៍ថាមានកម្រិតដល់ទៅ៧រិុចទ័រ ប៉ុន្តែក្រោយមក ក៏បានទម្លាក់កម្រិតនៃការរញ្ជួយដីសល់តែ ៦,៩រិចទ័រប៉ុណ្ណោះ។ បន្ទាប់ពីការរញ្ជួយដីកម្រិតខ្លាំង នៅមានការរញ្ជួយដី កម្រិត ៤,៣ និង៥,៤រិចទ័រជាបន្តបន្ទាប់។ ប្រព័ន្ធប្រកាសអាសន្នពីរលកយក្សស៊ូណាមិក៏បានប្រកាស់អាសន្ន ប៉ុន្តែក្រោយមកត្រូវបានលុបចោល។

លោក Michelle Lindsay អ្នកទេសចរណ៍ជនជាតិអូស្ត្រាលីនៅលើកោះបាលីបានឲ្យដឹងថា «អ្នកស្នាក់នៅក្នុងសណ្ឋាគារទាំងអស់បានរត់ចេញទៅក្រៅ ខ្ញុំក៏ដូច្នោះដែរ។ មន្ត្រីក្នុងតំបន់បានអំពាវនាវដល់ពលរដ្ឋកុំឲ្យមានភាពចលាចល»។

ក្រុមជួយសង្គ្រោះឥណ្ឌូនេស៊ី បានចេញសេចក្តីប្រកាសថាគ្មានអ្នកទេសចរណ៍ ណាម្នាក់រងរបួស ឬស្លាប់នៅក្នុងការរញ្ជួយដីនោះឡើយ៕ ម៉ែវ សាធី


ចែករំលែក៖