ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានព្រមានដល់ប្រធានាធិបតីស៊ីរី បាសា អាល់អាសាដថា ត្រូវតែបញ្ឈប់សង្គ្រាម វាយប្រហារជាបន្ទាន់នៅខេត្ត Idlib ។ ទន្ទឹមនឹងនោះលោកក៏បានរំលឹកដល់រុស្ស៊ីនិងអីុរ៉ង់ដែលជាសម្ពន្ធមិត្តស៊ីរីត្រូវ ចៀស ឲ្យឆ្ងាយ ពីសោកនាដកម្មមនុស្សជាតិនៅ ស៊ីរី។
សារព័ត៌មាន RT បានដកស្រង់សម្តី ប្រធានាធិបតីដូណាល់ ត្រាំដែលបាន សរសេរនៅលើបណ្តាញ Twitter នៅថ្ងៃ ទី៤ ខែកញ្ញាថា «ប្រធានាធិបតី អាល់ អាសាដ មិនត្រូវវាយប្រហារទៅលើខេត្ត Idlib នោះឡើយ ហើយរុស្ស៊ីនិងអីុរ៉ង់ ក៏មិនត្រូវចូលរួមប្រព្រឹត្តកំហុសនៅទីនោះជា មួយទាហានស៊ីរីដែរ។
នៅពេលនេះរុស្ស៊ីមិនទាន់មានការឆ្លើយតបទៅនឹងការព្រមានរបស់ប្រធានាធិបតីអាមេរិកនៅឡើយទេ ។ ក្នុងពេលជាមួយគ្នានេះជាច្រើនសប្តាហ៍កន្លងមក កម្លាំង ទាហានស៊ីរី បានបង្កើតទីតាំងមនុស្សធម៌ជាច្រើនតំបន់នៅក្នុងខេត្ត Idlib ។
រយៈពេលកន្លងមក មុនពេលប្រធានាធិបតីអាមេរិកព្រមាន រដ្ឋមន្ត្រីការបរទេស រុស្ស៊ីលោក Gergey Lavrov បានបញ្ជាក់ថា រុស្ស៊ីរួមជាមួយទួរគី និងអីុរ៉ង់ សហការគ្នា ដើម្បីវាយតម្លៃ ពីក្រុមដែលបានចូលរួមគាំទ្រក្រុមប្រឆាំងវាយប្រហាររដ្ឋាភិបាលស៊ីរី ក៏ដូចជាក្រុមភេរវកម្ម ដើម្បីបញ្ចៀសការ ស្លាប់របស់ពលរដ្ឋ ។
ទន្ទឹមនឹងនោះរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានបញ្ជាក់ថា ក្រុមភេរវកម្មនៅស៊ីរីនៅតែបន្តទទួលបាន អាវុធជាច្រើនពីខាងក្រៅ ដើម្បីទប់ទល់នឹងការវាយប្រហារពីកម្លាំង ទាហានរដ្ឋាភិបាល។
កន្លងមករុស្ស៊ីបានព្រមានជាច្រើនលើក ពីគម្រោងវាយប្រហារដោយអាវុធគីមីពី កម្លាំងទាហានក្រុមប្រឆាំងស៊ីរី ហើយទម្លាក់កំហុសទៅឲ្យទាហានរដ្ឋាភិបាលដើម្បី បើកការវាយប្រហារជាទ្រង់ទ្រាយធំពី សំណាក់អាមេរិកនិងសម្ពន្ធមិត្ត ។ ទាំងនោះហើយបានជាអាមេរិកបញ្ជូនកម្លាំង ទាហានជើងទឹក ជាច្រើនទៅកាន់តំបន់ សមុទ្រ ជាប់ប្រទេសស៊ីរីត្រៀមវាយប្រហារ ។
ប៉ុន្តែចេតនារបស់អាមេរិក ត្រូវបានប្រទេសជាមិត្តស៊ីរីដឹងជាមុន ដោយបាន បញ្ជូនកម្លាំងទៅការពារស៊ីរី បញ្ចៀសពី ការវាយប្រហាររបស់អាមេរិក ។ រុស្ស៊ី បានបញ្ជូនកងពលនាវាចម្បាំង និងមីស៊ីលការពារជាច្រើនទៅកាន់ស៊ីរី ៕ ម៉ែវ សាធី