ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកទទួលបានជោគជ័យនៅក្នុងការអូសទាញប្រទេសរុស្ស៊ីឲ្យធ្លាក់ចូលក្នុងអន្ទាក់ ជាប់ផុងសង្គ្រាមនៅស៊ីរី

ចែករំលែក៖

អាចនិយាយបានថា ពេលនេះ រុស្ស៊ីកំពុងតែជាប់ផុងនៅក្នុងសង្គ្រាមប្រទេសស៊ីរី កាន់តែជ្រៅទៅៗដកខ្លួនមិនរួច។ ពីដំបូង រដ្ឋាភិបាលរបស់លោកពូទីន បានអះអាង ថា រុស្ស៊ី មិនជាប់ផុងនៅក្នុងសង្គ្រាមស៊ីរីឡើយដោយប្រើយុទ្ធសាស្ត្រ វាយលឿន ដកលឿន ។ ប៉ុន្តែមកទល់ពេលនេះ រុស្ស៊ី មិនដឹងថានឹងត្រូវដកទាហានចេញពីស៊ីរី នៅពេលណានោះឡើយ ខណៈសង្គ្រាម វាយប្រហារកាន់តែរីកធំទៅៗ។

បច្ចុប្បន្ន រុស្ស៊ីបានបង្កើនចំនួនយន្ត ហោះ ទីបញ្ជាការ ដល់ទៅ២គ្រឿងនៅ ក្នុងប្រទេសស៊ីរី ព្រមទាំងយន្តហោះ ប្រកាសអាសន្ន បន្ទាន់ផងដែរ ។ ក្រៅពី នេះនៅមាន មីស៊ីលការពារដែនអាកាស រយៈចម្ងាយឆ្ងាយ S-400 Triumf និងនាវាវាយឡើងគោក នាវាមុជទឹក Krivak។ អាចនិយាយបានថា រុស្ស៊ីបាន បញ្ជូន កម្លាំងទាហាន សព្វាវុធទំនើបៗ ទៅកាន់ស៊ីរីជាបន្តបន្ទាប់ មិនមានសញ្ញា ដកចេញឡើយ។

ការបញ្ជូនកម្លាំងទ័ពទៅកាន់ស៊ីរីរបស់ រុស្ស៊ីគឺដើម្បីការពារ ខ្លាចអាមេរិក បើកការវាយប្រហារជាទ្រង់ទ្រាយធំពីដែនអាកាស និងពីដែនសមុទ្រទៅលើទីតាំងនានារបស់ស៊ីរី ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោកអាល់អាសាដនិងគំរាមកំហែងដល់ កម្លាំងទាហានរបស់ខ្លួននៅស៊ីរីផងដែរ ។ ទាំងនោះហើយរុស្ស៊ីចាំបាច់ត្រូវតែការពារ អ្វីគ្រប់យ៉ាងនៅទីនោះមិនអាចបោះបង់ចោលពាក់កណ្តាលផ្លូវបានឡើយ ដែលជាហេតុធ្វើឲ្យរុស្ស៊ីត្រូវជាប់ផុងនៅក្នុងសង្គ្រាមនោះ ។

នៅពេលនេះដែរ យោធារុស្ស៊ី បានអះ អាងថា យន្ដហោះចម្បាំង F-15 ពីរគ្រឿង របស់សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកគីមីផូស្វ័រជាច្រើនគ្រាប់លើខេត្ត Deir al-Zorប្រទេសស៊ីរី កាលពីថ្ងៃសៅរ៍កន្លងទៅ។

យោងតាមយោធារុស្ស៊ីបានបញ្ជាក់ថា ការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក គឺមានគោលដៅទៅលើភូមិ Hajinដែលជាមូលដ្ឋាន រឹងមំាចុងក្រោយ របស់ក្រុម ISIS នៅក្នុងប្រទេសស៊ីរី។ ប៉ុន្តែមកទល់នឹងពេលនេះ មិនទាន់មានសេចក្ដីរាយការណ៍ពីចំនួន ជនរងគ្រោះ នៅឡើយទេ រីឯអ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean Robertson ក៏បានច្រានចោលការចោទប្រកាន់របស់រុស្ស៊ី ថាយោធាអាមេរិកបានប្រើប្រាស់គ្រាប់បែកផូស្វ័រនេះដែរ។

លោក Robertson បានគូសបញ្ជាក់ ដូច្នេះថា៖«ខណៈពេលនេះ យើងមិនទាន់ ទទួលបានព័ត៌មានណាមួយ ជុំវិញការ ប្រើប្រាស់គ្រាប់ បែកផូស្វ័រពណ៌សនៅ ឡើយទេ…ហើយក៏គ្មានអង្គភាពយោធា របស់យើងណាមួយមានអាវុធបែបនេះនៅក្នុងតំបន់ដែរ»។

តែទោះជាយ៉ាងនេះក្ដី ក្រុមអង្គការសិទ្ធិ មនុស្សជាច្រើន ក៏បានចោទប្រកាន់ផងដែរថាក្រុមចម្រុះអន្តរជាតិប្រឆាំង ISIS ដឹក នាំដោយ សហរដ្ឋអាមេរិក ធ្លាប់បានប្រើប្រាស់គ្រាប់បែកផូស្វ័រពណ៌សនៅក្នុង ជម្លោះស៊ីរី។ ម្យ៉ាងវិញទៀត ការចោទ ប្រកាន់របស់រុស្ស៊ីខាងលើ ទៀតសោត ធ្វើឡើងនៅចំពេលដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ កំពុងចោទប្រកាន់គ្នាទៅ វិញទៅមកពាក់ព័ន្ធនឹងលទ្ធភាពនៃ ការប្រើប្រាស់អាវុធគីមីសាជាថ្មីនៅក្នុងខេត្ត Id lib។

ចំណែកកងទ័ព រុស្ស៊ី និង ស៊ីរី កំពុងតែ សង្រ្គប់ ទម្លាក់គ្រាប់បែកយ៉ាងដំណំទៅ លើខេត្តនេះ ដែលជាតំបន់ចុងក្រោយរបស់ក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាល។ អង្គការ សង្គមស៊ីវិល ក៏ដូចជាអង្គការសហប្រជា ជាតិ កំពុងតែព្រួយបារម្ភយ៉ាងខ្លាំងអំពី គ្រោះមហន្តរាយ បាត់បង់ជីវិតមនុស្សស្លូត ត្រង់ ព្រោះពួកគេ ពុំមានកន្លែងណាផ្សេង ដើម្បីភៀសខ្លួន ចេញពីការទម្លាក់គ្រាប់បែកដ៏សន្ធឹកសន្ធាប់នេះទេ។

យន្តហោះចម្បាំង របស់កងទ័ពរុស្ស៊ី បានចាប់ផ្តើម ហោះទម្លាក់គ្រាប់បែក ទៅលើទីតាំងមួយចំនួនក្នុងខេត្តអុីដលីប ដែលស្ថិតនៅភាគខាងជើងស៊ីរី ជាប់ព្រំ ដែនជាមួយទួរគី។ ចំណែកកងទ័ពរបស់ ប្រធានាធិបតីបាសា អាល់អាសាដ បានប្រើឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ទម្លាក់ធុង ផ្ទុកដោយសារធាតុផ្ទុះ ទៅលើទីតាំងមួយចំនួនទៀតក្នុងខេត្តនេះ។

បើតាមប្រភព ពីអ្នករាយការណ៍ព័ត៌ មាន របស់AFP ប្រចាំតំបន់នោះ បានឲ្យ ដឹងថា សកម្មភាពទម្លាក់គ្រាប់បែកយ៉ាង ដំណំនេះ បានបង្កជាការជ្រួលច្របល់ ភិត ភ័យ ដល់ប្រជាជនស្លូតត្រង់ ដែលនាំ គ្នារត់ប្រសេចប្រសាច រកកន្លែងមាន សុវត្ថិភាព។ ប្រភពដដែលអះអាងថា ដោយខ្លាចក្រែងគ្រាប់បែក ទម្លាក់មកលើ អគារផ្ទះសម្បែកនោះ ប្រជាជនស្លូត ត្រង់ខ្លះ បានរត់ទៅសំងំនៅទីវាលចំការ។

បើយោងតាមប្រភព ពីលោក Rami Abdel Rahmaneប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរី បានឲ្យដឹងថា ក្នុង ចំណោមទីតាំងដែលរងគ្រាប់បែក គឺមាន មន្ទីរពេទ្យមួយកន្លែង ស្ថិតក្នុងតំបន់ Hass A។ គិតមកត្រឹមពេលនេះ គឺមានមនុស្សស្លាប់យ៉ាងហោចណាស់ក៏៩នាក់ ដែល ក្នុងនោះមានកុមារ២នាក់។ លោក Rami Abdel Rahmaneលើកឡើងថា នេះគឺជា សកម្មភាពទម្លាក់គ្រាប់បែក ក្នុងទ្រង់ទ្រាយ បំផុត ក្នុងតំបន់នេះ បើរាប់គិតពីថ្ងៃទី១០ សីហាមក ពោលគឺក្រោយប្រតិបត្តិការទម្លាក់គ្រាប់បែក ក្នុងតំបន់ Orum al-Koubraដែលបានផ្តាច់ជីវិតមនុស្សស្លូតត្រង់៥៣នាក់។

សូមបញ្ជាក់ថា ខេត្តអុីដលីប គឺជាដែន ដីចុងក្រោយបង្អស់ ដែលបច្ចុប្បន្ន ស្ថិត ក្នុងការគ្រប់គ្រង របស់ក្រុមឧទ្ទាមប្រឆាំង រដ្ឋាភិបាលបាសា អាល់អាសាដ។ បើតាម ប្រភពពីអង្គការសហប្រជាជាតិ តំបន់នេះមានប្រជាជនរស់នៅប្រមាណជាង១លាននាក់ ដែលភាគច្រើន គឺសុទ្ធតែជាអ្នកភៀសខ្លួនទៅពីតំបន់ផ្សេង ដែលកងទ័ពបាសា បានវាយដណ្តើមបាន។

កងទ័ពរុស្ស៊ីបានលើកឡើងថា គេមាន ភស្តុតាងជាក់ច្បាស់ ថាក្រុមឧទ្ទាមដែលជាដៃជើងរបស់ក្រុមអាល់កៃដា ព្រមទាំង បក្សពួកផ្សេងទៀត កំពុងឃុបឃិតគ្នា រៀបចំផែនការអ្វីម្យ៉ាង នៅក្នុងខេត្តអុីដ លីបនេះ។ ប៉ុន្តែរុស្ស៊ីមិនបានលម្អិតទេ ថាជាផែនការអ្វី គ្រាន់តែអះអាងថា នេះគឺ ជាហេតុផល ដែលកងទ័ពរុស្ស៊ី ត្រូវធ្វើប្រតិបត្តិការទម្លាក់គ្រាប់បែកនេះ។

យ៉ាងណាក៏ដោយ តំណាងទទួលបន្ទុកកិច្ចការជនភៀសខ្លួន របស់អង្គការសហ ប្រជាជាតិ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ថាសកម្មភាពនេះ នឹញរុញប្រជាជនស្លូតត្រង់ប្រមាណ៨សែននាក់ ឲ្យទ័លច្រក គ្មានកន្លែងជ្រក។ វិនាសកម្ម នៃការបាត់ បងជីវិតជនស្លូតត្រង់ស៊ីរី នឹងបន្តមានកាន់ តែច្រើន ខណៈដែល មកទល់ពេលនេះ មនុស្សយ៉ាងហោចណាស់៣សែន៥ម៉ឺន នាក់ បានស្លាប់បាត់បងជីវិតរួចទៅហើយ៕ ម៉ែវ សាធី


ចែករំលែក៖