ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌូនេស៊ីឈប់ស្វែងរកជនរងគ្រោះ ដោយធ្លាក់យន្តហោះ នៅសមុទ្រ

ចែករំលែក៖

រដ្ឋាភិបាលទីក្រុងចាការតា បានប្រកាស ពីការសម្រេច បញ្ចប់សកម្មភាពស្វែងរក ជនរងគ្រោះ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះ JT610 របស់ក្រុមហ៊ុនអាកាសចរណ៍Lion Air ។

រយៈពេល២សប្តាហ៍កន្លងមក ចាប់តាំងពីគ្រោះថ្នាក់ធ្លាក់យន្តហោះ Boeing 737 MAX 8 ដឹកអ្នកដំណើរ ១៨៩នាក់ រួមជាមួយក្រុមពហុនិកា ក្រុមជួយសង្គ្រោះបានខិតខំស្វែងរកសាកសព និងបំណែកយន្តហោះ ប៉ុន្តែ ប្រធានក្រុមស្វែងរកជួយសង្គ្រោះលោក Muhammad Syaugiបានប្រកាសថា ប៉ុន្មានថ្ងៃចុងក្រោយនេះ រកមិនឃើញសាកសពណាមួយនោះឡើយ ក៏ប្រកាសឈប់រក ។

សារព័ត៌មាន AFPបានដកស្រង់សម្តីលោកSyaugiបានប្រកាសថា «យើងសូមទោសដល់មហាជន ពិសេសគឺគ្រួរសារជនរងគ្រោះ »។ មកទល់ពេលនេះក្រុមជួយសង្គ្រោះបានបញ្ជូន កញ្ចប់ វ៉ាល្លីស និង បំណែកយន្តហោះដល់ទៅ១៩៦ ដុំឡើងលើគោក និងសាកសពជនរងគ្រោះ៧៩នាក់ ដែលបានកំណត់អត្តសញ្ញាណ ហើយបញ្ជូនទៅឲ្យគ្រួរសារធ្វើបុណ្យតាមប្រពៃណី។

ជុំវិញការសម្រេចបិទបញ្ចប់ប្រតិបត្តិរុករកសាកសពនេះ អាជ្ញាធរឥណ្ឌូណេស៊ី បានសូមអភ័យទោសចំពោះសាធារណជន ជាពិសេសនោះ ចំពោះក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះតែម្តង សម្រាប់ការដែលមិនអាចធ្វើឲ្យគ្រប់គ្នាស្កប់ចិត្ត។ ក្រៅពីបំណែកសាកសព បំណែកម៉ាស៊ីន កង់ និងកៅអី យន្តហោះមួយចំនួន ក៏ត្រូវបានស្រង់ចេញពីទឹកផងដែរ ខណៈអ្នកមុជទឹកម្នាក់ បានបាត់បង់ជីវិតក្នុងពេលបំពេញប្រតិបត្តិការរុករកនេះ។ ទន្ទឹមនឹងនេះ អាកាសចរណ៍ Lion Air ក៏បានចាប់ផ្តើមសងជំងឺចិត្តជាថវិកាចំនួន១០២,០៥៨ដុល្លារ សម្រាប់ជនរងគ្រោះម្នាក់ៗផងដែរ ។

គួរជម្រាបថា យន្តហោះរបស់ Lion Air ធុន Boeing 737-Max ដែលជាយន្តហោះស៊េរីទំនើបបំផុតមួយលើពិភពលោក បានធ្លាក់ទៅក្នុងសមុទ្រជ្វានៃប្រទេសឥណ្ឌូណេស៊ី កាលពីព្រឹកថ្ងៃទី២៩ ខែតុលា កន្លងទៅ ក្រោយហោះហើរបានប៉ុន្មាននាទីប៉ុណ្ណោះ ចេញពីទីក្រុងហ្សាការតាឆ្ពោះទៅកាន់ទីក្រុង Pangkal Pinang។ រហូតមកទល់ពេលនេះ មូលហេតុពិតប្រាកដនៃការធ្លាក់នៅតែមិនទាន់អាចទម្លាយបាន ខណៈបើតាមទិន្នន័យនៃប្រអប់ខ្មៅផ្ទុកទិន្នន័យហោះហើរ កុងទ័រល្បឿនរបស់យន្តហោះនេះ មានបញ្ហានៅក្នុងការហោះហើរ០៤លើកចុងក្រោយ រួមទាំងនៅពេលដែលវាធ្លាក់ ៕ ម៉ែវ សាធី


ចែករំលែក៖