ព័ត៌មានទាន់ហេតុការណ៍៖

បន្ទាប់ពីចិន អ៊ីស្រាអ៊ែល បានបាញ់បង្ហោះយានអវកាស ស្រាវជ្រាវ ឋានព្រះច័ន្ទ

ចែករំលែក៖

កន្លងមកចិនបានបាញ់បង្ហោះយានអវកាសស្រាវជ្រាវ ហើយចុះចត ដោយជោគជ័យ​ នៅផ្នែកងងឹតនៃភពព្រះច័ន្ទ ​។ នៅពេលនេះដែរ អ៊ីស្រាអែល ក៏បានបាញ់បង្ហោះ យាន ស្រាវ​ជ្រាវដោយជោគជ័យ ប្រើប្រាស់ រ៉ុក្កែត រុញ​ Space X ​របស់អាមេរិក ។ តាមគម្រោង យាន អវកាសរបស់អ៊ីស្រាអ៊ែល នឹងចុះចតនៅលើផ្ទៃព្រះច័ន្ទ នាថ្ងៃទី​១១ ខែមេសា ក្រោយហោះហើរ​ ៣សប្តាហ៍សម្តៅទៅទីនោះ ។

នេះជាលើកទីមួយ​ក្នុងប្រវត្តិសាស្ត្រ ដែលអ៊ីស្រាអែលបានបញ្ជូនយានអវកាសឡើងទៅកាន់ទីអវកាសកាលពីវេលាម៉ោង ៨៖៤៥នាទីយប់ ថ្ងៃព្រហស្បតិ៍ (ម៉ោងនៅរដ្ឋផ្លូវរីដា ភាគអាគ្នេយ៍សហរដ្ឋអាមេរិក) ត្រូវនឹងព្រឹកថ្ងៃសុក្រនេះ (ពេលវេលានៅអាស៊ីបូព៌ា) ចេញពីស្ថានីយបាញ់បង្ហោះ Cape Canaveral នៃកងទ័ពអាកាសសហរដ្ឋអាមេរិក។

សម្រាប់រ៉ុក្កែត Falcon 9 ខាងលើនេះមិនត្រឹមតែផ្ទុកយានរុករកឋានព្រះច័ន្ទ Beresheet របស់អ៊ីស្រាអែលប៉ុណ្ណោះទេ តែវាថែមទាំងផ្ទុះផ្កាយរណបរបស់ឥណ្ឌូណេស៊ីមួយគ្រឿងទៀត ដែលមានឈ្មោះថា Nusantara Satu ទៅទម្លាក់នៅគន្លងគោចរជុំវិញភពផែនដីផងដែរ។

ទីភ្នាក់ងារអវកាសអ៊ីស្រាអែល បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារសប្ដាហ៍នេះថា យានអវកាសឈ្មោះ ប៊ែរែស៊ីត (Beresheet) គ្រោងនឹងចុះចតនៅលើឋានព្រះច័ន្ទនៅថ្ងៃទី១១ ខែមេសា។

យានអវកាស Beresheet មានទម្ងន់ត្រឹមតែ ៦០០គីឡូក្រាមប៉ុណ្ណោះ និងត្រូវគេចាត់ទុកថា ជាយានតូចបំផុតមួយ។ វាមានកម្ពស់ ១.៥ម៉ែត្រ និងមុខកាត់២ម៉ែត្រ ព្រមទាំងអាចផ្ទុកឥន្ធនៈបានទម្ងន់ ៧៥ភាគរយនៃទម្ងន់សរុបរបស់វា។ យានមួយនេះនឹងត្រូវធ្វើដំណើរចម្ងាយ ៦.៥លានគីឡូម៉ែត្រ ជារង្វង់ពងក្រពើព័ទ្ធជុំវិញផែនដីបន្តិចម្តងៗរហូតទៅដល់គន្លងគោចរជុំវិញឋានព្រះច័ន្ទតែម្តងនៅក្នុងល្បឿន ៣៦ពាន់គីឡូម៉ែត្រក្នុងមួយម៉ោង ឬ ១០គីឡូម៉ែត្រក្នុងមួយវិនាទី។

គួរបញ្ជាក់ថា ប្រសិនបើបេសកកម្មខាងលើនេះជោគជ័យ ១០០% នោះអ៊ីស្រាអែលនឹងក្លាយជាប្រទេសទី ៤ ដែលអាចបញ្ជូនយានទៅចុះចតលើព្រះច័ន្ទ បន្ទាប់ពីអតីតសហភាពសូវៀត សហរដ្ឋអាមេរិក និងប្រទេសចិន។ ក្រុមការងាររបស់អង្គការអវកាស IAI បានបង្ហាញមោទនភាព និងក្តីសង្ឃឹមខ្ពស់បំផុត ចំពោះអ្វីដែលខ្លួននឹងសម្រេចបាននាពេលខាងមុខ ដែលជាការលើកមុខមាត់អ៊ីស្រាអែលយ៉ាងភ្ញាក់ផ្អើលលើឆាកអន្តរជាតិ៕


ចែករំលែក៖