ព័ត៌មានទាន់ហេតុការណ៍៖

វិបត្តិនៅវេណេហ្ស៊ុយអេឡា ធ្វើឲ្យមានជនភៀសខ្លួនច្រើនបំផុត លើពិភពលោក​

ចែករំលែក៖

បច្ចុប្បន្នជនភៀសខ្លួនវេណេហ្ស៊ុយអេឡា មានច្រើន​ជាងគេបង្អស់ ក្នុងចំណោមប្រទេសដែលប្រឈមនឹងវិបត្តិ ។ តាមការលើកឡើងរបស់​ អង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនអន្តរជាតិ IOMថា ជនភៀសខ្លួនវេណេហ្ស៊ុយអេឡា បានឈរលើតារាងរហូតដល់ ៣,៤លាន នាក់ ។

របាយការណ៍ខាងលើត្រូវបាន IOM ​ប្រកាសកាលពី ថ្ងៃទី២២ ខែកុម្ភៈ ។ តារបាយការណ៍ ដែលទទួលបានពីអាជ្ញាធរ ជនភៀសខ្លួនជាតិ និងប្រភពដទៃផ្សេងទៀត គូសបញ្ជាក់ថា ប្រទេសតំបន់អាមេរិក-ឡាទីន និងការ៉ាប៊ីន កំពុងតែទទួលយកជនភៀសខ្លួនវេណេហ្ស៊ុយអេឡាប្រហែល ២,៧លាន នាក់ ខណៈចំនួនសេសសល់ក្រៅពីនេះ គឺស្ថិតក្នុងប្រទេសនៅតាមតំបន់ ។

តំណាងពិសេស IOM រួមបញ្ជូលជាមួយ UNHCR លោក Eduardo Stein ថ្លែងថា ប្រទេសនៅក្នុងតំបន់បានបង្ហាញនូវសាមគ្គីភាព អាណិតអាសូរ ជាមួយជនភៀសខ្លួន និងជនអន្តោប្រវេសន៍ មកពីប្រទេសវេណេហ្ស៊ុយអេឡា ដោយឧបត្ថម្ភគាំទ្រម្ហូបអាហារ ដល់ពួកគេជាដើម ។ ប៉ុន្តែទោះបីយ៉ាងណា ជំនួយឧបត្ថម្ភទាំងនោះ មិនអាចគ្រប់គ្រាន់នោះឡើយ ដែលចាំបាច់ សហគមន៍អន្តរជាតិត្រូវតែចូលរួមគាំទ្រ យកចិត្តទុកដាក់ ខណៈដែលស្ថានការណ៍នៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា កំពុងផុយស្រួយខ្លាំង ។

ប្រភពបន្តថា មធ្យមភាព អំឡុងឆ្នាំ២០១៨ ប៉ាន់ស្មានពលរដ្ឋ៥ពាន់នាក់ភៀសខ្លួនពីវេណេហ្ស៊ុយអេឡារាល់ថ្ងៃដើម្បីស្វែងរកការការពារនិងការរស់នៅល្អប្រសើរ។ កូឡុំប៊ីទទួលបន្ទុកជនភៀសខ្លួនពីវេណេហ្ស៊ុយអេឡាច្រើនជាងគេ រហូតជាង១,១លាននាក់ ។

មិចស៊ីកូ និងប្រទេសផ្សេងទៀតនៅតំបន់អាមេរិកកណ្តាល និងការ៉ាប៊ីន ក៏ទទួលជនភៀសខ្លួនច្រើនផងដែរពីវេណេហ្ស៊ុយអេឡា ។ ប្រទេសអាមេរិក-ឡាទីន ត្រូវបានផ្តល់សិទ្ធិសម្រាប់តែមនុស្ស១,៣លាននាក់ចំពោះ ពលរដ្ឋវេណេហ្ស៊ុយអេឡា ប៉ុន្តែចំនួននេះ មានច្រើនហួសមិនធ្លាប់មានពីមុនមក ។

តាំងពីឆ្នាំ២០១៤ ការស្នើសុំភៀសខ្លួនពីប្រជាជនវេណេហ្ស៊ុយអេឡាមានជាង៣៩០,០០០នាក់, ឆ្នាំ២០១៨ប៉ុណ្ណោះ មានជាង២៣២,០០០នាក់ ៕


ចែករំលែក៖