ដោយសារតែបញ្ហាប្រឈមមុខក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក ធ្វើឲ្យកំណើនសេដ្ឋកិច្ចចិនធ្លាក់ចុះបន្តិច ហើយការចំណាយសម្រាប់ការពារជាតិ ក៏ធ្លាក់ចុះផងដែរ ប្រៀងនឹងឆ្នាំ២០១៨។
សារព័ត៌មាន AFP នៅទី៥ ខែមីនា បានផ្សាយថា រដ្ឋាភិបាលចិនបានប្រកាសអំពីគម្រោងចំណាយសម្រាប់ការពារជាតិរបស់ខ្លួនត្រឹមតែ ៧,៥ភាគរយប៉ុណ្ណោះ ស្មើទឹកប្រាក់ប្រហាក់ប្រហែល ១៧៧,៦ ពានលានដុល្លារអាមេរិក ។ កាលពីឆ្នាំ២០១៨កន្លងទៅ រដ្ឋាភិបាលចិនបានចំណាយសម្រាប់ការពារជាតិរបស់ខ្លួនចំនួន ៨,១ ភាគរយ ។
រដ្ឋាភិបាលចិនក្រោមការដឹកនាំរបស់ប្រធានាធិបតីចិន ស៊ី ជីងពីន បានដាក់ចេញនូវគោលនយោបាយទំនើបកម្មកងកម្លាំងយោធា ក្នុងនោះ បានបង្កើនការផលិតកាំជ្រួចមីស៊ីល, នាវាផ្ទុកយន្តហោះ, នាវាចម្បាំង យន្តហោះចម្បាំងបំបាំងកាយ និងនាវាមុជទឹកជាដើម ឲ្យស្របទៅតាមសម័យកាលទំនើប ។
ចិនបានឈរនៅលំដាប់ទីពីរ ក្នុងពិភពលោក ស្តីពីការចំណាយច្រើនបំផុតទៅលើ វិស័យការពារជាតិ ។ ចិននៅចាញ់តែអាមេរិកប៉ុណ្ណោះ ។
វិទ្យាស្ថានសិក្សាស្រាវជ្រាវអំពីយុទ្ធសាស្ត្រអន្តរជាតិ IISS បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៨កន្លងទៅនេះ ចិនបានចំណាយការពារជាតិច្រើនជាង២ដង រហូតដល់៣ដង, ច្រើនជាងអារ៉ាប៊ីសាអ៊ូឌីត ដែលមាន៨២,៩ពាន់លានដុល្លារ ហើយរុស្ស៊ី មានតែ៦៣,១ពាន់លានដុល្លារ បន្ទាប់មកឥណ្ឌា មាន ៥៧,៧ពាន់លានដុល្លារប៉ុណ្ណោះ ៕