មិនខុសអ្វីពីក្រុមហ៊ុន ប៊ូអ៊ីងឡើយ នៅពេលនេះ អតិថិជនធ្លាប់យន្តហោះប្រភេទ Superjet 100 បានសម្រេចផ្អាកទិញយន្តហោះនេះ ក្រោយជួបគ្រោះថ្នាក់សម្លាប់មនុស្សជាង៤០នាក់ ។
ក្រុមហ៊ុនដែលផ្អាកទិញយន្តហោះប្រភេទនេះ មុនគេគឺក្រុមហ៊ុន អាកាសចរណ៍ Yamal Airlines បានប្រកាសឲ្យដឹងថា ប្រាក់ចំណាយសម្រាប់ទិញយន្តហោះប្រភេទ Superjet 100 មានតម្លៃខ្ពស់ ។ ក្រុមហ៊ុនរបស់រុស្ស៊ីខាងលើ ក៏បានសម្រេច ផ្អាកទិញយន្តហោះ១០គ្រឿង ប្រភេទ Superjet 100 ។
ការសម្រេចរបស់ក្រុមហ៊ុន Yamal airlines នៅថ្ងៃទី៦ ខែឧសភា ក្រោយពេលយន្តហោះប្រភេទនេះជួបគ្រោះថ្នាក់ ។ សារព័ត៌មាន RT បានផ្សាយថា ការសម្រេចរបស់ក្រុមហ៊ុន ដោយសារតែយន្តហោះប្រភេទនេះថ្លៃខ្ពស់ ហើយទើបតែជួបគ្រោះថ្នាក់ទៀតផង ។
អគ្គនាយកក្រុមហ៊ុន អាកាសចរណ៍ Yamal Airlines លោក Vasily Kryukបានបញ្ជាក់ថា ការផ្អាកទិញយន្តហោះនេះ មិនជាប់ពាក់ព័ន្ធនឹង គ្រោះថ្នាក់សម្លាប់មនុស្សខាងលើនោះឡើយ គឺដោយសារតែតម្លៃខ្ពស់ ។
ក្រុមហ៊ុនអាកាសចរណ៍ Yamal Airlines មានយន្តហោះប្រភេទ Superjet 100 ចំនួន១៥គ្រឿងកំពុងតែដំណើរការ ហោះហើរ ក្លាយជាក្រុមហ៊ុនធំទីពីរ បន្ទាប់ពីក្រុងហ៊ុនរដ្ឋ Aeroflot ដែលមានយន្តហោះប្រភេទនេះទើបតែជួបគ្រោះថ្នាក់ សមា្លប់មនុស្ស ជាង៤០នាក់ ៕